លោក គួច ចំរើន ស្នើរឲ្យម្ចាស់ធនាគារ ផ្ទះជួល និងផ្សារឯកជនទាំងអស់ ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ប្រាក់និងថ្លៃឈ្នួលផ្សេងៗ

សង្គម​និង​សេដ្ឋកិច្ច
5 Shares

ស្ថានភាពជំងឺកូវីដ១៩មិនទាន់បានថមថយនៅឡើយនៃការរីករាលដាលក្នុងសហគមន៍ បណ្តាលឲ្យប៉ះពាល់ដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏ស្នើរដល់ម្ចាស់ផ្ទះជួល បន្ទប់ជួល សូមពិនិត្យមើលលទ្ធភាពនៃការបន្ធូបន្ថយ ឬពន្យាពេលថ្លៃបង់ឈ្នួលផ្ទះដល់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដ៏លំបាកនេះ។

ការអំពាវនារបស់ប្រមុខរាជរដ្ឋាភិបាល មានម្ចាស់ផ្ទះជួល បន្ទប់ជួលមួយចំនួនក៏បាន ប្រកាសមិនយកថ្លៃឈ្នួលផ្ទះដល់កម្មករ កម្មការី និងមានម្ចាស់ផ្ទះមួយចំនួនក៏បានចេញថ្លៃទឹកភ្លើងជូនផងដែរ។

នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ម្ចាស់ផ្ទះជួល បន្ទប់ជួល ម្ចាស់ផ្សារឯកជន ម្ចាស់តូប រាន ស្តង់លក់ដូរ ម្ចាស់ធនាគារ ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុដូចខាងក្រោម៖

១- ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់ និងឈ្នួលតូប រាន ស្តង់លក់ដូរ លើកលែងការបង់ការប្រាក់ឬកាត់បន្ថយការប្រាក់ ឬពន្យាពេលនៃការបង់ការប្រាក់ឬពន្យាការបង្វិលសងថ្លៃដើមក្នុងដំណាក់កាលនៃការផ្ទុះព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។

២- យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ឬឈ្នួលតូប រាន ស្តង់លក់ដូរពីអ្នកស្នាក់នៅ ពីអ្នកលក់ដូរ ពីអ្នកខ្ចីប្រាក់ ដោយមិនគួរពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់មកទូទាត់សងថ្លៃប្រាក់ឈ្នួល ហើយគួរបន្តអនុញ្ញាតឱ្យពួកគាត់បានស្នាក់នៅ លក់ដូរបន្តទៀត មិនគួរបណ្តេញពួកគាត់ចេញ ឬបញ្ឈប់កិច្ចសន្យាជួល ឬដកហូតយកឯកសារ វត្ថុធានាផ្សេងៗដាក់លក់ឡាយឡុងឡើយ។

៣- ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ«៣ការពារ និង ៣កុំ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។

លោក គួច ចំរើន ស្នើរឲ្យម្ចាស់ធនាគារ ផ្ទះជួល និងផ្សារឯកជនទាំងអស់ ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ប្រាក់និងថ្លៃឈ្នួលផ្សេងៗ
5 Shares