២០០លានដុល្លារ ក្រសួងសេដ្ឋកិច្ច បានដាក់ឱ្យដំណើរការ “គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម” អំឡុងពេលកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការ «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (Business Recovery Guarantee Scheme, BRGS)» របស់សាជីវកម្មធានាឥណទានកម្ពុជា មានទំហំ២០០លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៩ខែមីនាម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ ខ្នាតតូចនិងធម្យម និងអាជីវកម្មខ្នាតធំ ក្នុងការពង្រឹកលទ្ធភាពទទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម( PFIs) សម្រាប់ការកៀរគរទុនបង្វិល វិនិយោគនិងការពង្រីកអាជីវកម្ម។ គំនិតផ្តួចផ្តើមនេះ ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិរន្តភាពនិងការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

កញ្ចប់ដំបូងនៃ BRGS នឹងចូលរួមបង្កើនទំហំឥណទានថ្មី នៅក្នុងវិស័យធនាគារ ចំនួន ២០០ លានដុល្លារ សម្រាប់អាជីវកម្មដែលស្នើសុំឥណទានពី PFIs របស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ធនាគារអាស៊ា ប៉ាស៊ីហ្វិក ឌីវេឡុបមេន ធនាគារប្រៃសណីយ៍កម្ពុជា ធនាគារកាណាឌីយ៉ា ធនាគារហ្វីលីព និងធនាគារព្រីនស៍។ គម្រោងឥណទាននេះនឹងត្រូវបានផ្តល់ជូនដល់ធនាគារ និងគ្រឹហស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀត ដែលបាននឹងកំពុងរៀបចំខ្លួនដើម្បីក្លាយជា PFIs របស់សាជីវកម្មឥណទានកម្ពុជា។ ការធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំឥណទានដែលផ្តល់ដោយ PFIs ដូច្នេះនឹងជួយកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីអាជីវកម្មដែលស្នើកម្ចី។

រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មឥណទានកម្ពុជា លោក រស់ សីលវ៉ា ថ្លែងបញ្ជាក់ថា ការដាក់ឲ្យដំណើរការ BRGS របស់សាជីវកម្មធានាឥណទានកម្ពុជា គឺចំពេលក្នុងការគាំទ្រដល់អាជីវកម្មដែលគ្រោងស្នើសុំឥណទានពី PFIs ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩នេះ។ លោកថា គម្រោងនេះ នឹងចូលរួមគាំទ្រដល់គោលនយោបាយរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នរបស់រាជរដ្ឋាភិបាល និងស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥។

លោក រស់ សីលវ៉ា បានស្នើរឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គាំទ្រដល់សាជីវកម្មធានាឥណទានកម្ពុជាតាមរយៈការចូលរួមជាមួយ PFIs និងពង្រីកអភិបាលកិច្ចឥណទាន។

សូមជម្រាបថា សាជីវកម្មធានាឥណទានកម្ពុជា គឺជាក្រុមហ៊ុនធានាឥណទានមុនដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាសហគ្រាសសាធារណៈក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕