កម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធននិងសេវាហិរញ្ញវត្ថុ បន្ទាប់ពីសិង្ហបុរី

សង្គម​និង​សេដ្ឋកិច្ច
631 Shares

ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យកំណើនសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០២០ បានធ្លាក់ចុះដល់ -៤,៤% ប៉ុន្តែរំពឹងថានឹងងើបឡើងក្នុងអត្រា ៥,២% នៅឆ្នាំ២០២១។ នេះបើតាមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៧ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ ដែលមានប្រទេសព្រុយណេជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១ កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ អាស៊ានបានកំណត់គោលដៅពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងការតភ្ជាប់ទិន្នន័យរវាងប្រទេសក្នុងតំបន់, វិនិយោគបន្ថែមលើធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធនានាសំដៅពង្រឹងផលិតភាពសេដ្ឋកិច្ច, គាំទ្រនិងជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដែលនឹងបង្កើតការងារបន្ថែម, ពង្រឹងប្រសិទ្ធភាពនៃការចំណាយសាធារណៈនិងកម្មវិធីគាំពារសង្គម ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ, លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ប្រតិបត្តិការដោះដូរក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបន់បន្ថែមទៀត។

ចំពោះវឌ្ឍនភាពនៃសមាហរណកម្មអាស៊ាន កិច្ចប្រជុំបានអបអរសាទរចំពោះការសម្រេចបាននូវការងារមួយចំនួនដែលជួយជំរុញសមាហរណកម្មឱ្យកាន់តែស៊ីជម្រៅ។ សមាហរណកម្មហិរញ្ញវត្ថុអាស៊ានមានគោលដៅបើកទូលាយលំហូរមូលធនក្នុងតំបន់, ការផ្តល់និងទទួលបានសេវាហិរញ្ញវត្ថុ, ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុតំបន់ដោយសុវត្ថិភាព, ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់តំបន់ សំដៅគាំទ្រការអភិវឌ្ឍសហគមន៍សេដ្ឋកិច្ចអាស៊ាន។

នៅក្នុងឆ្នាំ២០២០ កន្លងទៅ ប្រទេសជាសមាជិកអាស៊ានបានសម្រេចការងារជំរុញសមាហរណកម្មចំនួន ១៩ ក្នុងចំណោមការងារដែលបានគ្រោងចំនួន ២៨ ក្នុងនោះ កម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធននិងសេវាហិរញ្ញវត្ថុ បន្ទាប់ពីសិង្ហបុរី ហើយក៏បានឈានមុខក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់តំបន់ ដូចជាបានតភ្ជាប់ជាមួយប្រទេសថៃ និងកំពុងតភ្ជាប់ជាមួយសមាជិកផ្សេងទៀត ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ជាដើម។ ចំពោះបរិយាបន្នហិរញ្ញវត្ថុ កម្ពុជាក៏បានលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសចំពោះស្ត្រី ដែលបច្ចុប្បន្នមានប្រជាជនពេញវ័យ ប្រមាណ ៧១% ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ស្របតាមគោលដៅរបស់អាស៊ាន ៧០% នៅឆ្នាំ២០២០។

ទោះយ៉ាងណា កម្ពុជាមានកម្រិតអភិវឌ្ឍធនធានមនុស្សទាបជាងប្រទេសអាស៊ានមួយចំនួន ហើយដើម្បីបន្ថយគម្លាតនេះ កម្ពុជាក៏ដូចជាប្រទេសវៀតណាម ឡាវ ភូមា និងព្រុយណេ ទទួលបានការបណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសជាសមាជិកដែលមានសេដ្ឋកិច្ចរីកចម្រើនជាង។

ក្នុងគោលដៅបន្តជំរុញសមាហរណកម្មហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុកាន់តែស៊ីជម្រៅថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំបានអនុម័តលើការងារសំខាន់ៗចំនួនបី រួមមាន៖

១/-ឯកសារគោលនយោបាយស្តីពីវិធានការគ្រប់គ្រងលំហូរមូលធន

២/-ការរៀបចំពិធីសារសម្រាប់សេវាហិរញ្ញវត្ថុកញ្ចប់ទី៩ ដែលនឹងពង្រីកការធ្វើសេរីភាវូបនីយកម្មលើវិស័យនិងអនុវិស័យមួយចំនួនបន្ថែមទៀត ជាពិសេសលើវិស័យធានារ៉ាប់រង

៣/-ការបង្កើតក្រុមប្រឹក្សា Taxonomy (Taxonomy Board) ដែលមានតួនាទីអភិវឌ្ឍក្របខ័ណ្ឌនិងគោលការណ៍នានា សំដៅអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព ដោយគិតគូរពីបរិស្ថាន។

សូមបញ្ជាក់ថា លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី១៧,នេះ ហើយនៅឆ្នាំ២០២២ ខាងមុខ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន ហើយធនាគារជាតិនៃកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ៕

កម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធននិងសេវាហិរញ្ញវត្ថុ បន្ទាប់ពីសិង្ហបុរី
631 Shares