ការនាំចេញស្រូវ និងអង្កររបស់កម្ពុជា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២១ សម្រេចបានជាង ២លានតោន ទោះជួបវិបត្តិជំងឺកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

បើទោះបីស្ថិតក្នុងស្ថានភាពនៃជំងឺរាតត្បាតសកលយ៉ាងណាក្តី រយៈពេល៣ខែដើមឆ្នាំ២០២១នេះ កម្ពុជាសម្រេចការនាំចេញស្រូវ និងអង្ករ ទៅក្រៅប្រទេសបានចំនួន ២០២៧៤៦៧តោន។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសកលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទេ បានឲ្យដឹងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះសម្រេចការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម និងថៃ ក្នុងរយៈពេល៣ខែឆ្នាំ២០២១នេះ មានចំនួនសរុប ១ ៨៧៣ ៧៧៩តោន កើនឡើងចំនួន ៩៩៨ ២៩៧តោន ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានតែចំនួន ៨៧៥ ៤៨២តោនតែប៉ុណ្ណោះ ដែលក្នុងនេះការនាំចេញផ្លូវការមានចំនួន ៦៥៨ ៣៥០តោន កើនឡើងចំនួន ៦៣២ ២៥០តោន (ការនាំចេញស្រូវផ្លូវការឆ្នាំ២០២០ មានចំនួន ២៦ ១០០តោន) និងការនាំចេញស្រូវក្រៅផ្លូវការមានចំនួន ១ ២១៥ ៤២៩តោន កើនឡើងចំនួន ៣៦៦ ០៤៧តោនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ដោយឡែក បរិមាណនៃការនាំចេញអង្ករក្នុងរយៈពេល៣ខែឆ្នាំ២០២១ មានចំនួន ១៥៣ ៦៨៨តោន មានការថយចុះចំនួន ៧៧ ២៦០តោន (-៣៣,៤៥%) តិចជាងបរិមាណនាំចេញក្នុងរយៈពេល៣ខែឆ្នាំ២០២០ ដែលមានចំនួន ២៣០ ៩៤៨តោន។ បើប្រៀបធៀបការនាំចេញអង្ករក្នុងខែមីនាដូចគ្នាឃើញថា នៅឆ្នាំ២០២១ មានចំនួន ៧៧ ៤៦៦តោន មានការថយចុះចំនួន ១៦ ៩៨៣តោន (-១៧,៩៨%) តិចជាងបរិមាណនាំចេញក្នុងខែមីនា ឆ្នាំ២០២០ ដែលមានចំនួន ៩៤ ៤៤៩តោន ។

ខណៈអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ១០៧ ៣៣៩តោន ស្មើនឹង ៦៩,៨៤% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៤៣ ៧៧៧តោន ស្មើនឹង ២៨,៤៩% និងអង្ករចំហុយមានចំនួន ២ ៥៧២តោន ស្មើនឹង ១,៦៧%។ ក្នុងចំណោមអង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល/ផ្កាម្លិះមានចំនួន ៥៧ ៧១៤តោន ស្មើនឹង ៣៧,៥៥% ។

សូមបញ្ជាក់ថា បរិមាណអង្ករដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពអឺរ៉ុបចំនួន ១៩ប្រទេស មានបរិមាណសរុបចំនួន ៣៥ ៤៤២តោន (២៣,០៦%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៨៥ ៣៧០តោន (៥៥,៥៥%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ១១ ៦៥៨តោន (៧,៥៩%) និងទិសដៅដទៃទៀតចំនួន១៨ប្រទេស មានបរិមាណសរុប ២១ ២១៨តោន (១៣,៨%) ៕