លោក ប៉ាន់ គឹមហ៊ាន ប្រាប់បទពិសោធន៍ក្នុងការចិញ្ចឹមមាន់ ភ្ញាស់មាន់ ផ្សារភ្ជាប់ទីផ្សារ រកចំណូលបានជាង៨លានរៀល

សង្គម​និង​សេដ្ឋកិច្ច អាជីវកម្ម

ពីកសិករធ្វើស្រែចំការ ក្លាយទៅជាកសិ-ពាណិជ្ជករ ជាកសិករគំរូ និងគ្រូបង្គោល ដែលមានចំណេះដឹងបច្ចេកទេសភ្ញាស់ស៊ុតមាន់ និងចិញ្ចឹមមាន់ច្បាស់លាស់ និងចេះធ្វើទំនាក់ទំនងទីផ្សារដោយខ្លួនឯង។ លោក ប៉ាន់ គឹមហ៊ាន ចាប់មុខរបរចិញ្ចឹមមាន់ទទួលបានជោគជ័យខ្លាំងដោយគិតត្រឹមត្រីមាសទី១នេះ លោកអាចរកចំណូលបានជាង ៨,៤០០,០០០រៀល ពីការលក់មាន់សាច់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន់ គឹមហ៊ាន កសិកររស់នៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ កន្លងមកលោកបានប្រកបរបរធ្វើស្រែ ចំការ និងចិញ្ចឹមមេមាន់ ៥០ក្បាល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ របរកសិកម្មទាំងអស់នេះ មិនបានជួយកែប្រែជីវភាពរបស់គាត់ឲ្យបានធូធារ ចម្រុងចម្រើនដូចដែលគាត់ប៉ងប្រាថ្នាឡើយ។

នៅខែកញ្ញា ឆ្នាំ២០២០ កសិកររូបនេះ ត្រូវបានជ្រើសរើសដោយអង្គការពន្លឺកុមារ ធ្វើជាសមាជិកក្នុងគម្រោងស្តីពី “ចង្វាក់ផលិតកម្មមាន់ស្រុក” ដែលគម្រោងនេះសហការអនុវត្តជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមការគាំទ្រហិរញ្ញវត្ថុពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងបានធ្វើការបណ្តុះបណ្តាលសមាជិកអំពីបច្ចេកទេសចិញ្ចឹមមាន់ ភ្ញាស់ស៊ុតមាន់ សកម្មភាពទីផ្សារមាន់ ស្រុក និងភ្ជាប់ផលិតផលមាន់ទៅនឹងទីផ្សារ។ល។

លោក ប៉ាន់ គឹមហ៊ាន បានប្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងថា ក្រោយពីទទួលបានចំណេះដឹងបច្ចេកទេសពីវគ្គបណ្តុះបណ្តាល រួមផ្សំជាមួយបទពិសោធន៍ដែលកសិករ រូបនេះធ្លាប់បានអនុវត្តផ្ទាល់ផង គម្រោងបានសម្រេចជ្រើសរើសយកគាត់ធ្វើជាអ្នកបង្ហាញ ឬគ្រូបង្រៀនបច្ចេកទេសអំពីការចិញ្ចឹមមាន់ ការភ្ញាស់ស៊ុតមាន់ ដល់សមាជិកផ្សេងៗទៀតក្នុងគម្រោង។ យល់ឃើញពីគុណសម្បត្តិរបស់គាត់ គម្រោងបានជួយឧបត្ថម្ភគាត់បន្ថែមនូវទូភ្ញាស់ស្វ័យប្រវត្តិមួយ មេ-បាមាន់ ៧០ក្បាល និងទ្រុងមាន់ទំហំ ៥x១៦ម៉។ ដូចសុភាសិតខាងលើ ចំណេះដឹង បទពិសោធន៍ រួមជាមួយការគាំទ្រ ធ្វើឲ្យអាជីវកម្មចិញ្ចឹមមាន់របស់គាត់មានការរីកចម្រើនឥតឈប់ឈរ ជាក់ស្តែងគិតត្រឹមត្រីមាសទី១ នេះគាត់អាចរកចំណូលបាន ៨,៤០០,០០០រៀល ពីការលក់មាន់សាច់។

បច្ចុប្បន្ន កសិកររូបនេះនៅសល់កូនមាន់ជំទង់ ១៧០ក្បាល មេ-បាពូជ ១៧០ក្បាល និងស៊ុតកំពុងភ្ញាស់ក្នុងទូ ៥០០ គ្រាប់ទៀត ទុកត្រៀមចិញ្ចឹមនៅវគ្គបន្ត។ គាត់បានប្រើប្រាស់ប្រាក់ចំណូលនេះយកទៅពង្រីកអាជីវកម្ម ចិញ្ចឹមមាន់យកស៊ុត ភ្ញាស់យកកូនលក់ចែកចាយជូនសមាជិកក្នុងគម្រោង និងធ្វើទ្រុងចិញ្ចឹមមាន់សាច់បន្ថែម។ ដោយសារចំណូលនេះ ធ្វើឲ្យជីវភាពគ្រួសារមានការរីកចម្រើន ធានាបានរាល់ការចំណាយសម្រាប់សកម្មភាពផ្សេងៗក្នុងសង្គម កូនៗមានមធ្យោបាយទៅសាលា រៀនសូត្របានខ្ពង់ខ្ពស់ និងមានសមត្ថភាពជួយមើលការខុសត្រូវអាជីវកម្មរបស់ឱពុកបានទៀតផង “ប្រទេសមានសុខសន្តិភាព គ្រួសារមានសុភមង្គល” នេះគឺជាក្តីប្រាថ្នារបស់រាជរដ្ឋាភិបាល។

នាពេលបច្ចុប្បន្ន លោក ប៉ាន់ គីមហ៊ាន បានក្លាយជាកសិករគំរូ និងគ្រូបង្គោល ដែលមានចំណេះដឹងបច្ចេកទេសភ្ញាស់ស៊ុតមាន់ និងចិញ្ចឹមមាន់ច្បាស់លាស់ និងចេះធ្វើទំនាក់ទំនងទីផ្សារ ក្លាយទៅជាកសិ-ពាណិជ្ជករ។ លោកអ្នកនាងដែលចង់ចាប់អាជីពចិញ្ចឹមមាន់ អាចទំនាក់ទំនងទៅគាត់បានតាមរយៈ លេខទូរសព្ទ ០៨១ ៨៥៧ ៦៩៨។

មន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា នេះគឺជាក្តីប្រាថ្នារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៩- ២០២៣ ដោយផ្តើមចេញពីកសិករ សមាគមន៍ ឬសហគម តាមរយ:ការកសាងសមត្ថភាពលើការអនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ ស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងជាពិសេសក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ធានាបានសន្តិសុខស្បៀង ឱកាសការងារ ប្រាក់ចំណូលគ្រួសារ និងការប្រកួតប្រជែង ផ្តោតជាសំខាន់លើគុណភាព និងសុវត្ថិភាពឆ្លើយតបតាមតម្រូវការទីផ្សារក្នុង និងក្រៅប្រទេសនាពេលអនាគត៕