បរិមាណ​ទាបជាង​ក្តីរំពឹងខ្លាំង ក្រុមហ៊ុន Kris Energy ​កំពុងសើ​រើ និងពិនិត្យ​ផែនការផលិតប្រេង​នៅកម្ពុជា​ឡើងវិញ

សង្គម​និង​សេដ្ឋកិច្ច

ប្រេងឆៅ​បូមចេញ​ពីតំបន់​អប្សរានៃកម្ពុជា ​មាន​បរិមាណ​ទាបជាង​ក្តីរំពឹងខ្លាំង​ នាំឲ្យ​ផ្ដល់ចំណូលទាប​ ដែលប៉ះពាល់ខ្លាំង​ដល់ផែនការ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​វិនិយោគ​ក្នុងកម្រិតធំ​។​ នេះបើតាម​សេចក្តីប្រកាស​បន្ទាន់​របស់​ក្រុមហ៊ុន​ Kris Energy ​ចុះផ្សាយនៅ​ថ្ងៃទី​៣១មីនា​។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Kris Energy ដែលកំពុងប្រតិបត្តការ​បូមប្រេងនៅតំបន់​អប្សរា ក្នុងប្រទេសកម្ពុជា បានអះអាងថា ខ្លួនកំពុង​សើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន ដោយ​បរិមាណប្រេងបូមទាបជាងក្តីរំពឹងខ្លាំង។

បើតាម​លិខិតបន្ទាន់​ចុះផ្សាយនៅថ្ងៃទី៣១មីនា ក្រុមហ៊ុន Kris Energy បាន​ដំណើរការអណ្តូងទាំង​៥ នៅក្នុងប្លុកA នៃ​ដែន​សមុទ្រ​កម្ពុជាហើយ ដោយដំណក់​ប្រេងលើក​ដំបូង​របស់​កម្ពុជា​បាន​​ផលិត​ចេញ​ពី​អណ្តូង​ប្រេងទី១ កាលពីថ្ងៃទី​២៩​ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ 

បើ​ទោះបីអណ្ដូងប្រេង​ទាំង៥ ដំណើរការរួច​ហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២១​ ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលថែមទៀត។

នៅចំពោះមុខនៃបញ្ហានេះ ក្រុមហ៊ុនកំពុងពិនិត្យមើល​ផែនការចង្វាក់ផលិតកម្មឡើងវិញ ក្រោមជំនួយរបស់ក្រុមហ៊ុនហូឡង់ Sewell & Associates, Inc. (“NSAI”) ដែលជាអ្នកវាយតម្លៃលើអណ្តូងទាំង៥ ឡើងវិញ ដោយរំពឹង​ថានឹងបញ្ចប់ការ​​ពិនិត្យដំបូង ក្នុង​ខែមេសា ឆ្នាំ២០២១នេះ។

សូមរំព្ញកថា រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy តាំងពីខែសីហា ឆ្នាំ២០១៧ មកម្ល៉េះ​ ក្រោមកិច្ចសន្យា ៩៥% និង ៥% ពោលគឺក្រុមហ៊ុន KrisEnergy មានភាគហ៊ុន ៩៥ ភាគរយ ចំណែកឯរដ្ឋាភិបាលមានភាគហ៊ុន ៥ ភាគរយ លើចំណូលចេញពីការរុករកប្រេងនេះ។

គួរជម្រាបជូនថា ​គម្រោង​អណ្តូង​អប្សរានេះ ទទួលបានការសាទរពីរដ្ឋាភិបាលកម្ពុជាមែនទែន ​  ដោយសម្តេចតេជោ ហ៊ុន សែន ធ្លាប់រំពឹងថា កម្ពុជានឹងមានចំណូលបន្ថែមទៀតពី រ៉ែប្រេង ធ្យូងថ្ម និងរ៉ែមាស។ ចំណែកឯ ចំណូលដែលបានពីរ៉ែប្រេង នឹងត្រូវផ្តល់អាទិភាពលើ វិស័យអប់រំ និងសុខាភិបាលផងដែរ៕

ប្រែសម្រួលពីវិទ្យុបារាំងអន្តរជាតិ RFI