លទ្ធផលបឋមនៃជំរឿនបង្ហាញថា ពលរដ្ឋខ្មែរ មានជាង១៥លាននាក់

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនកម្ពុជាសរុប មាន ១៥.២៨៨.៤៨៩ នាក់ ក្នុងនោះប្រុស មាន ៧.៤១៨.៥៧៧នាក់ ហើយស្រី ៧.៨៦៩.៩១២ នាក់ (ស្រីច្រើនជាងប្រុស)។ នេះ​បើតាម​លទ្ធ​ផល​បឋម ដែលអានដោយសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីប្រកាស​តួលេខនៃការជំរឿនប្រជាជនកម្ពុជាលើកទី៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកលើតួលេខ អត្រាប្រជាជនប្រចាំឆ្នាំ បានថយចុះពី១,៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង ឆ្នាំ២០០៨ មកនៅ ១,២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៩។ សម្តេចរដ្ឋមន្រ្តី អានរបាយការណ៍ដូច្នេះថា៖«តាមតួលេខបណ្តោះអាសន្ននេះ យើងពិនិត្យឃើញថា ចំនួនប្រជាជនកម្រិតថ្នាក់ជាតិ​ មាននិន្នាការកើនឡើងយឺត ដោយសារ​អត្រាផ្តល់កំណើតនិងអត្រាកំណើនប្រជាជន បាន​ថយចុះ…»។

បើតាមតួលេខ រាជធានីភ្នំពេញ មានប្រជាជនច្រើនជាងគេ ដែលមានរហូតដល់ ២.១២៩.៣៧១ នាក់ ហើយខេត្តកែប មានប្រជាជនតិចជាងគេ គឺមានត្រឹម ៤១.៧៩៨នាក់ប៉ុណ្ណោះ។


តួលេខបង្ហាញទៀតថា ជាមធ្យម ក្នុងមួយគ្រួសារ មានចំនួន៤.៦នាក់។ ចំណែក ដង់ស៊ីតេប្រជាជន ស្មើនឹង៨៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (មានន័យថា ជាមធ្យម ទំហំដីមួយគីឡូម៉ែត្រការ៉េ មានប្រជាជន៨៦នាក់)។

ការធ្វើជំរឿនលើកទី៣នេះ មានរយៈពេល១១ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ ការងារ​ជំរឿន​ប្រជាជន​កម្ពុជា ត្រូវបាន​ធ្វើឡើង​២​ដង​រួចមកហើយ គឺ​នៅ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ ដែល​ស្របតាម​ច្បាប់​ស្តីពី​ស្ថិតិ ដោយ​កំណត់​នូវ​កាតព្វកិច្ច របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ត្រូវ​ចូលរួម​សហការ ក្នុង​ការធ្វើជំរឿន​។ ការធ្វើជំរឿន​កន្លងមក មាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ដៃគូ ដូចជា​អង្គការ ​UNFPA អង្គការ​JICA រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​អាល្លឺម៉ង់​។​

​ការធ្វើជំរឿន​ផ្លូវការ​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៨ កម្ពុ​ជាមាន​ពលរដ្ឋ​ចំនួន​១១,៤៣៧,៦៥៦​នាក់ ហើយ​ឡើងដល់ ១៣,៣៩៥,៦៨២​នាក់​នៅ​ឆ្នាំ​២០០៨ ។ នៅ​ឆ្នាំ​២០១៥ អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា ចំនួន​ប្រជាជន​កម្ពុជា​កើន​ដល់​១៥,៥៨​លាន​នាក់​។​

​នៅមុន​សង្គ្រាម ​កម្ពុជា ក៏​ធ្លាប់ធ្វើ​ជំរឿន​ម្តង​ដែរ​ក្នុង​ឆ្នាំ​១៩៦២៕

ប្រភព​៖ ថ្មីៗ​