៣ខែដើមឆ្នាំ កម្ពុជា​​នាំចេញ​អង្ករបាន​ជាង ​៨៥០០០​តោន​ទៅ​កាន់​ប្រទេស​ចិន​

សង្គម​និង​សេដ្ឋកិច្ច

បើទោះក្នុងស្ថានភាពការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ក្តី ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២១​នេះ កម្ពុជាបាន​នាំចេញ​អង្ករ​ជាង ​៨៥០០០​តោន ​ទៅ​កាន់​ប្រទេស​ចិន ​ដែលជា​ទីផ្សារដ៏​ធំជាងគេ​ក្នុងចំណោម​៤១​ប្រទេស​។

របាយការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​ឲ្យ​ដឹងថា​ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២១​នេះ​មាន​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៥១​ក្រុមហ៊ុន បាន​នាំ​អង្ករ​ចេញ​ទ​កាន់​ទិសដៅ​ចំនួន ៤១​ប្រទេស ក្នុងនោះ​ប្រទេស​ចិន​ឈរ​លំដាប់​ទី​១ មាន​ចំនួន ៨៥ ៣៧០​តោន ប្រទេស​បារាំង​ឈរ​លំដាប់​ទី​២ មាន​ចំនួន ១៦ ០៦៦​តោន ប្រទេស​ម៉ាឡេស៊ី​ឈរ​លំដាប់​ទី​៣ មាន​ចំនួន ១០ ៧៩៦​តោន ប្រទេស​ហ្គា​បុ​ង​ឈរ​លំដាប់​ទី​៤ មាន​ចំនួន ៩ ០៥២​តោន ប្រទេស​ណេ​ដឺ​ឡែ​ន​ឈរ​លំដាប់​ទី​៥ មាន​ចំនួន ៤ ៤៦៧​តោន ប្រទេស​អូស្ត្រាលី​ឈរ​លំដាប់​ទី​៦ មាន​ចំនួន ៣ ០៣៤​តោន ចក្រភព​អង់គ្លេស​ឈរ​លំដាប់​ទី​៧ មាន​ចំនួន ២ ៩៩៧​តោន ប្រទេស​អេ​ស្ប៉ា​ញ​ឈរ​លំដាប់​ទី​៨ មាន​ចំនួន ២ ៦៩០​តោន ប្រទេស​អាល្លឺម៉ង់​ឈរ​លំដាប់​ទី​៩ មាន​ចំនួន ២ ២២៥​តោន និង ប្រទេស​បែលហ្ស៊ិក​ឈរ​លំដាប់​ទី​១០​មាន​ចំនួន​២ ០៨៧​តោន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​របាយការណ៍​ខាងលើបាន​បន្តថា​ បរិមាណ​អង្ករ​នាំចេញ​ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០២១ មានការ​ថយចុះ​បើ​ធៀប​នឹង​រយៈពេល​៣​ខែ​ដូចគ្នា​ឆ្នាំ​២០២០​កន្លងទៅ​។

​ជាក់ស្តែង​៣​ខែ​ឆ្នាំនេះ​កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ១៥៣ ៦៨៨​តោន មានការ​ថយចុះ​ចំនួន ៧៧ ២៦០​តោន​ស្មើនឹង​(-៣៣,៤៥%) តិចជាង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០២០ ដែលមាន​ចំនួន ២៣០ ៩៤៨​តោន​។

ក្នុង​នោះ​មាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ១០៧ ៣៣៩​តោន ស្មើនឹង ៦៩,៨៤% និង​អង្ករ ស គ្រប់​ប្រភេទ​មាន​ចំនួន ៤៣ ៧៧៧​តោន ស្មើនឹង ២៨,៤៩% និង​អង្ករ​ចំហុយ​មាន​ចំនួន ២ ៥៧២​តោន ស្មើនឹង ១,៦៧%​។ ក្នុងចំណោម​អង្ករ​ក្រអូប​ទាំងនោះ អង្ករ​ផ្ការំដួល​/​ផ្កាម្លិះ​មាន​ចំនួន ៥៧ ៧១៤​តោន ស្មើនឹង ៣៧,៥៥% ៕