អ្នកជំនាញ៖ វិបត្តិកូវីដ១៩ ជាឱកាសមាស សម្រាប់ការវិនិយោគនិងអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ

ជុំវិញ​ឧកញ៉ា
164 Shares

ស្ថានភាពសេដ្ឋកិច្ចបាននិងកំពុងរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិកូវីដ១៩ ខណៈដែលកម្ពុជាបានបើកយុទ្ធនាការចាក់សាំងបង្ការកូវីដ១៩ ជូនប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដ៏កាចសាហាវមួយនេះ។

សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ អះអាងថា វាគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកដែលមានប្រាក់គ្រប់គ្រាន់ក្នុងការវិនិយោគ និងអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ ដើម្បីមានឱកាសចំណេញច្រើន។

ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន Property 78 លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៏ថា៖ “បន្ទាប់ពីមានព្រឹត្តិការណ៍ ២០កុម្ភៈ បានធ្វើឱ្យវិស័យអចលនទ្រព្យ រងការប៉ះពាល់យ៉ាងខ្លាំងទៅលើការទិញលក់ សម្រាប់ការជួល គឺមានការជួលធ្លាក់តិតួចបំផុត ដោយឡែក សម្រាប់ការទិញលក់គឺធ្លាក់ចុះខ្លាំងមែនទែន។

លោកថា នេះមិនមែនមកពីកត្តាសេដ្ឋកិច្ចរបស់អ្នកទិញទេ ដោយសារអ្នកវិនិយោគទុនជាតិ និងអន្តរជាតិទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដូច្នេះហើយពួកគាត់មិនអាចដើរហើរ មិនអាចជួបជុំ ឬប្រជុំបាន រួមនឹងមិនអាចផ្សព្វផ្សាយលក់គម្រោងធំៗទៀតផង។

ដោយឡែកសម្រាប់ផ្នែកសាង់សង់វិញ លោកឧកញ៉ាបានមើលឃើញថា នៅតែបន្តសកម្មភាពធម្មតា ដូចជាគម្រោងដែលបានដាក់ចេញតាំងពីឆ្នាំ២០១៨-១៩-២០ គឹនៅបន្តការសាងសង់ដដែរ។

បើតាមអ្នកជំនាញអចលនទ្រព្យរូបនេះ វិស័យអចលនទ្រព្យអាចងើបឡើងវិញ គឺយើងមិនទាន់អាចសន្និដ្ឋានបានទេ ព្រោះរាជរដ្ឋាភិបាលបាននឹងកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការទប់ស្កាត់ បើរំពឹងថា ងើបឡើងវិញ លុះត្រាតែយើងបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងស្រុង។

ប៉ុន្តែបើបានបិទឆាប់ៗ វិស័យអចលនទ្រព្យអាចងើបឡើងវិញក្នុងខែ៦-៧ ខាងមុខ ព្រោះប្រជាជនអាចប្រកបមុខរបរ រកស៊ីទទួលទានឡើងវិញបាន ប៉ុន្តែបើព្រឹត្តិការណ៍២០កម្ភៈ អូសបន្លាយពេលយូរ វិស័យអចលនទ្រព្យមិនអាចងើបឡើងវិញបានទេ។ លោកឧកញ៉ា ឃាង ពុទ្ធី បញ្ជាក់បន្ថែម។

អ្នកជំនាញអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានលើកឡើងថា៖ ខ្ញុំមើលឃើញថា វិស័យអចលនទ្រព្យនាពលបច្ចុប្បន្ននេះ គឺមានឱកាសច្រើនមែនទែន សម្រាប់អ្នកមានលុយក្នុងដៃ ព្រោះសូម្បីតែតម្លៃ លក្ខខណ្ឌនៃការទូទាត់ និងការប្រូម៉ូសិនផ្សេងៗ គឺអ្នកអភិវឌ្ឍន៍អចលនទ្រព្យធ្វើការយោគយល់បន្ធូរបន្ថយ អតិថិជនអាចបងប្រាក់មុនខ្លះ ហើយអាចពន្យារពេល១ខែ២ខែទៀត។

លោកបន្តថា បើគាត់វិនិយោគនៅពេលនេះ មានឱកាសក្នុងការចំណេញច្រើននិងមានផលល្អ។ ជាក់ស្តែង ខ្ញុំបើកលក់គម្រោងលំនៅដ្ឋាន ហ៊ួត ជា វិចិត្រដារ៉ា ត្រឹឹមតែរយៈពេលមួយខែ យើងលក់បានរហូតដល់ ៧០% ចឹងយើងមើលឃើញថា ឱ្យតែគុណភាពល្អ នៅតែទទួលការគាំទ្រដដែរ។

អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា សម្រាប់អ្នកអភិវឌ្ឍន៍ក្នុងឱកាសពេលនេះ ការទិញលក់ដីក៏ល្អប្រសើរដែរ យើងអាចទិញដីបានក្នុងតម្លៃល្អ ដែលមិនសូវមានការប្រកួតប្រជែងច្រើនក្នុងការទិញ។ អាចទិញទុកដើម្បីសាងសង់បុរី នៅពេលក្រោយ គឺល្អ សូម្បីការទូទាត់ប្រាក់ក៏មានភាពងាយស្រួល។

លោកបន្ថែមថា ធម្មតាប្រសិនបើយើងទិញចំពេលគេកំពុងចង់លក់ គឺជាឱកាសល្អសម្រាប់អ្នកទិញ ហើយបើលក់ចំពេលគេកំពុងចង់ទិញគឺជាឪកាសល្អសម្រាប់អ្នកលក់។

ឧកញ៉ា វិចិត្រដារ៉ា បានព្យាករណ៍ថា វិស័យអចលនទ្រព្យនិងមានការងើបឡើងវិញយ៉ាងខ្លាំង ដោយយោងលើចរន្តសេដ្ឋកិច្ចក្នុងប្រទេសកម្ពជា វិបត្តិកូវីដ១៩ មិនមែនជាវិបត្តិសម្រាប់តែប្រទេសកម្ពុជាទេវាជាវិបត្តិសកលមួយ។ លោកថា នៅប្រទេសអុីស្រាអ៊ែល ក្រោយពេលចាក់វ៉ាក់សាំងរួចរាល់ ឥឡូវរដ្ឋាភិបាលចាប់ផ្តើមបើកទ្វាឱ្យប្រជាជនចូលធ្វើការធម្មតាវិញនៅថ្ងៃខាងមុខនេះ ចឹងនេះជាមេរៀនមួយដែលបញ្ជាក់ឲ្យឃើញថា នៅពេលដែលវ៉ាក់សាំងយើងចាប់ផ្តើម និងគ្រប់គ្រងកូវីដ១៩បាន សេដ្ឋកិច្ចរបស់យើងនឹងចាប់ផ្តើមបើកឡើងវិញ ដូច្នេះវិស័យអលចនទ្រព្យនៅតែមានភាពល្អប្រសើរ។

បើតាមលោកឧកញ៉ា វិស័យអចលនទ្រព្យនៅប្រទេសម្ពុជានិងងើបឡើងវិញកាន់តែខ្លាំង ដោយសារតែការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល លើវិស័យហេដ្ឋារចនាសម្ព័ន្ធបន្តអភិវឌ្ឍន៍ជានិច្ចនៅក្នុងគម្រោងរបស់ប្រមុខរាជរដ្ឋាភិបាល។ លោកបានបញ្ជាក់ថា មកដលពេលនេះអត់មានគម្រោងរដ្ឋមួយណាដែលនៅទ្រឹងទេ។

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ក៏បានលើកទឹកចិត្តឲ្យបងប្អូនដែលមានប្រាក់គ្រប់គ្រាន់ គួរតែងាក់មកវិញវិនិយោគអចលនទ្រព្យអំឡុងពេលនេះ ព្រោះពេលនានេះយើងមានជម្រើសច្រើន យើងអាចទិញអចលនទ្រព្យក្នុងតម្លៃល្អ គុណភាពខ្ពស់ ហើយយើងអាចចំណេញបន្ទាប់បិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

អ្នកជំនាញ៖ វិបត្តិកូវីដ១៩ ជាឱកាសមាស សម្រាប់ការវិនិយោគនិងអ្នកអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ
164 Shares