ឧកញ៉ា ឃ្លោក ជា​អ្នក​កំដរ កូន​​កំលោះ អាពាហ៍ពិពាហ៍​ខ្ញុង និង នាយ​កៃដ

កម្សាន្ត ជុំវិញ​ឧកញ៉ា

ទី​បំផុត​តារា​កំប្លែង​ក្នុង​ក្រុម​នាយ ពែកមី អ្នក​នាង ស្រេង សុកាន់ដា ហៅ ខ្ញុង បាន​សម្រេច​ចូល​រោងការ​មួយ​នៅ​ថ្ងៃ​​នេះ ហើយ ជាមួយ​កូន​កំលោះ នាយ កៃដ ដែល​មាន​ឈ្មោះ​ពិត​ថា អ៊ុំ ក្សត្រា អតីត​តារា​កំប្លែង​ក្នុង​ស្ថានីយ​ទូរទស្សន៍​ស៊ី​ធីអិន​ជាមួយ​គ្នា។ អ្វី​ដែល​ជា ការ​ចាប់​អារម្មណ៍​នោះ លោក ឧកញ៉ា ទុំ សារ៉ុត ហៅ ឃ្លោក គឺ​ជា​អ្នក​​កំដរ​កូន​​កំលោះ ចំណែក អ្នក​កាត់សក់​វិញ គឺ​អ្នក​នាង ខាត់ សុឃីម និង នាយ​កុយ។

មុន​មក​ដល់​ថ្ងៃ​នេះ អ្នក​នាង ស្រេង សុកាន់ដា ហៅ ខ្ញុង និង​លោក អ៊ុំ ក្សត្រា ហៅ កៃដ គឺ​ជា​មេម៉ាយ និង​ពោះ​ម៉ាយ​ដូច​គ្នា ក្រោយ​ពី​បាក់​បែក​ស្វាមី និង​ភរិយា​មុន​ដូច​គ្នា។ ក្នុង​វេលា​សេពគប់​គ្នា ភាគី​ខាង​ស្រី ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ពី​បង​ថ្លៃ​ស្រី​នាយ កៃដ ថា​ជា​អ្នក​ដណ្ដើម​ប្ដី​ពី​ប្អូន​ស្រី​គេ។ ប៉ុន្តែ​ក្រោយ​មក ពួក​គេ​ទាំង​ពីរ​ចេញ​មក​បដិសេធ ថា​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។

ក្រោយ​មក នៅ​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ ២០១៧ ពួក​គេ​ក៏​បាន​ប្រកាស​សែនព្រេន​យក​គ្នា​ជា​គូ និង​រួម​រស់​ជាមួយ​គ្នា​រហូត​មក។ ទម្រាំ​មក​ដល់​ថ្ងៃ​នេះ ភាគី​ខាង​ស្រី បាន​អះអាង​ថា នាង​បាន​ឆ្លង​កាត់​ជីវិត​តស៊ូ​ច្រើន​ណាស់ មាន​ទាំង​គ្រប់​រសជាតិ គឺ​មាន​ភាព​លំបាក ​ជូរ​ចត់ វេទនា បោកប្រាស់ បោះបង់ ធ្វើ​បាប ។ល។ យ៉ាង​ណា នាង អះអាង​ថា បាន​តាំង​ចិត្ត​ជម្នះ​ឲ្យ​បាន​រហូត​មក រហូត​បាន​រក​ឃើញ​ពន្លឺ​ជីវិត​ជា​ថ្មី​នៅ​ថ្ងៃ​នេះ ដោយ​នាង​សំអាង​ទៅ​លើ អំពើ​ល្អ​ទាំង​ឡាយ ដែល​នាង​បាន​សាង។

ពិធី​ជ័យ​របស់​តារា​កំប្លែង​រូប​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​នឹង​ផ្ទះ​របស់​នាង​តែ​ម្ដង​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ដូង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។ ពិធី​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយ​អាហារ​ក៏​ធ្វើ​នៅ​ទី​នោះ​ដូច​គ្នា៕

















Loading...