ទីតាំង​ចំនួន​៣​ មាន​សមត្ថភាព​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​ ប្រមាណ​ជិត​១​ម៉ឺន​សំណាក​ក្នុង​១​ថ្ងៃ​

សង្គម​និង​សេដ្ឋកិច្ច

បច្ចុប្បន្ននេះ ​កម្ពុជា​អាច​មាន​សមត្ថភាព​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​ ប្រមាណ​ជិត​១​ម៉ឺន​សំណាក​ក្នុង​១​ថ្ងៃ​ នៅ​តាម​ទីតាំង​ចំនួន​៣​កន្លែង​ នៅ​រាជធានី​ភ្នំពេញ​។​ នេះបើតាមរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថ្លែង​ក្នុងឱកាស​ចុះ​ពិ​និត្យនៅ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា ​ទីតាំង​ចំនួន​៣​កន្លែង​នោះ​រួម​មាននៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​អាចធ្វើ​តេស្ត​បាន​៤​ពាន់​សំណាក​ក្នុង​១​ថ្ងៃ វិទ្យាស្ថាន​សុខភាព​សាធារណៈ​ធ្វើតេស្ត​បាន​ចំនួន​៤​ពាន់​សំណាក​និង​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ ដែល​នឹង​ដាក់​ដំណើរការ​នៅ​ក្នុង​ខែមេសា​នេះ​ អាច​មាន​សមត្ថភាព​តេស្ដ​ចំនួន​១៣០០​សំណាក​ក្នុង​មួយ​ថ្ងៃ​។​

លោករដ្ឋមន្ត្រី​​បន្ថែមថា ​ក្រសួង​នឹង​ពង្រីក​មន្ទីរពិសោធន៍​ស​ម្រា​ប់​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​បន្ថែមទៀត ​នៅ​ខេត្ត​មួយចំនួនទៀត​ដូចជា​នៅ​មន្ទីរពេទ្យ​ខេត្ដ​ព្រះសីហនុ​, មន្ទីរពេទ្យ​ខេត្ដ​សៀមរាប​, មន្ទីរពេទ្យ​បាត់ដំបង ដែល​នឹងធ្វើ​រួចរាល់​ជា​ស្ថាពរ​នៅ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​និង​នៅ​ទីក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​ ដោយ​មិនបាច់​បញ្ជូន​សំណាក​មក​រាជធានី​ភ្នំពេញ​ទៀត​។

លោកបញ្ជាក់​ថា​ ក្រសួង​នឹង​ត្រៀម​ដាក់​ម៉ាស៊ីន​តូចៗ​នៅ​តាម​តំបន់​នីមួយៗ​បន្ថែម​ទៀត​ផងដែរ​ដូចជា នៅ​ខេត្ដ​ស្វាយរៀង កំពង់ចាម និង​កំពង់ធំ​។ លើស​ពី​នេះ​លោកសាស្ត្រាចារ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការពង្រីក​មន្ទីរ​ពិសោធន៍​បន្ថែមទៀត​នេះ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​សំណាក​ ដែលមាន​ការកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ ខណៈ​កម្ពុជា​កំពុង​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ​។

សូមបញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំ​បូ​ង​បំផុត​នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០​ ហើយ​រហូតមកដល់​ថ្ងៃទី​៥ ​ខែ​មេសា ​ឆ្នាំ​២០២១​ បាន​ធ្វើ​តេស្ត​ចំនួន​៧៣១៣៨៣​ស្មើនឹង​៤៣៥៣៤ ក្នុង​១​លាន នាក់​៕​