សង្ខេបសារពិសេសសម្តេចតេជោ ហ៊ុន សែន ជុំវិញវិធានការជួយដល់គ្រួសារអ្នកស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩

សង្គម​និង​សេដ្ឋកិច្ច

ក្នុងវីដេអូផ្សាយផ្ទាល់លើផេកហ្វេសប៊ុកផ្លូវការ របស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានប្រកាសដាក់ចេញវិធានការចំពោះមុខបន្ទាន់ ជួយគាំពារដល់គ្រួសារជនរងគ្រោះ ដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល មានដូចជា៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក

២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។

៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។

៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ

៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីជួយដោះស្រាយការលំបាកនេះ នឹងធ្វើនៅក្របខណ្ឌទូទាំងប្រទេសតែម្តង។ ជាមួយនឹងការដាក់ចេញនូវការអន្តរាគមន៍ជួយអ្នករងគ្រោះដោយកូវីដ១៩នេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់គ្រួសារនៅតំបន់បិទខ្ទប់ ហើយមានជីវភាពអាចដោះស្រាយបញ្ហាបាន ដោយមិនយកជំនួយពីរដ្ឋ ដើម្បីសម្រាលការចំណាយរបស់រដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អគ្គិសនីកម្ពុជា រដ្ឋាករទឹកកម្ពុជា អគ្គិសនីឯកជន ក្រុមហ៊ុនទឹកឯកជន ចូលរួមជួយផ្គត់ផ្គង់ជាមួយរដ្ឋ សម្រាប់គ្រួសារស្លាប់ដោយជំងឺកូវីដ១៩ អ្នកជំងឺកូវីដ១៩ និងអ្នកត្រូវធ្វើចត្តាឡីស័ក។  ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តស្នើឲ្យធនាគារ និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុនានាបន្តការពន្យាពេលការបង់ប្រាក់ របស់គ្រួសារ កើតកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អរគុណ និងស្នើសុំឲ្យគ្រឹស្ថានហិរញ្ញវត្ថុ និងធនាគារ លើកលែងបង់ការប្រាក់ និងប្រាក់ពិន័យផ្សេងៗ ចំពោះអ្នកកើតកូវីដ១៩ និងអ្នកចត្តាឡីស័ក ដូចខាងក្រោម៖

១-សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំ ឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២-សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

៣-បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

៤-បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

៥-ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ ។

៦-ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។

ជាថ្មីម្តងទៀត សម្តេចតេជោបានមានប្រសាសន៍បន្តថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ ក្នុងពិធីចូលឆ្នាំខ្មែរឆ្នាំនេះនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ចូលឆ្នាំនៅផ្ទះ ធានាសុវត្ថិភាពពីជំងឺកូវីដ១៩៕