បុរសខ្មែរស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងលេខរៀងទី១លាន ទទួលបានប្រាក់រង្វាន់ ៥លានរៀលពីសម្ដេចតេជោ ហ៊ុន សែន

សង្គម​និង​សេដ្ឋកិច្ច

លោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ភេទប្រុសអាយុ​ ៣៦ឆ្នាំ​ មានមុខរបរជាអ្នកលក់ដូរតាមហាង​ បានទៅចាក់វ៉ាក់សាំងនៅ​ សាលាសន្ធរម៉ុក​ សង្កាត់ទឹកល្អក់១​ រាជធានីភ្នំពេញ ត្រូវបានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស បញ្ជាក់ថា ជាប្រជាពលរដ្ឋស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទីមួយលាន នៅសាលាសន្ធរម៉ុក​ សង្កាត់ទឹកល្អក់១​ រាជធានីភ្នំពេញ​ នៅថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសុខាភិបាល បានបញ្ជាក់ថា លោក នឹងទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ លោក ប៉ាន់​ សុវណ្ណរិទ្ធិ​ ​មានភរិយា​ ជាស្ត្រីមេផ្ទះ​ និងមានកូន​ ៣នាក់​ (ស្រី១​ ប្រុស​ ២)មានទីលំនៅ​ ផ្ទះល្វែងលេខ២​ ព្រែកព្រីង២​ សង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ។

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ នឹងនាំយកថវិកាចំនួន​ ៥លានរៀល​ ​ដែលជាប្រាក់រង្វាន់ត្រូវឆ្នោតចាក់វ៉ាក់សាំងកូវីដ-១៩​ និងជាអំណោយដ៏ថ្លៃថ្លារបស់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩​ ទីមួយលាន​ គឺលោក ប៉ាន់​ សុវណ្ណរិទ្ធិ​ ​និងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា​ អ្នកចាក់វ៉ាក់សាំងលេខរៀងទី១​ គឺកូនប្រុសច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​ ឯកឧត្តមឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោក​ រីឯ​ អ្នកដែលមានលេខរៀងចាក់វ៉ាក់សាំងកូវីដ-១៩​ ទីមួយលាន​ គឺលោក​ ប៉ាន់​ សុវណ្ណរិទ្ធិ​ ជាអ្នកលក់ដូរនៅរាជធានីភ្នំពេញ។

ដូច្នេះក្រសួងសុខាភិបាល ក៏សូមអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ បន្តស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងទៅតាមវេនរៀងៗខ្លួន​ ឱ្យបានគ្រប់គ្នា​ ដេីម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩​ កត់បន្ថយនូវអត្រាសម្រាកពេទ្យ​ និងកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។ ចូលឆ្នាំនៅផ្ទះ​ (New Year at Home)!