វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលរដ្ឋាភិបាលបញ្ជាទិញបានដឹកមកដល់កម្ពុជាហើយ

សង្គម​និង​សេដ្ឋកិច្ច


វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១មានចំនួន ១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

ជាមួយនឹងការមកដល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។ តាមរយៈវ៉ាក់សាំងដែលកម្ពុជាទទួលបាននោះ កម្ពុជាបានចាក់ជូនប្រជាពលរដ្ឋបានជាង ១.២លាននាក់ហើយ៕