ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម ម៉ៅ អាយុទ្ធ

សង្គម​និង​សេដ្ឋកិច្ច
86 Shares

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោកជំទាវ សូ សាម៉ូនី ភរិយាសពឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងពត៌មាន ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៧៧ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មានបានទទួលមរណៈភាពនៅម៉ោង ០៦៖៣០ ល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១នេះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានវិជ្ជមានជំងឺកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្ត​ភាពខ្មែរសូវៀត កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២១។

លោកជាមន្ត្រីជាន់ខ្ពស់ និងជាផលិតករភាពយន្តដ៍ល្បីល្បាញមួយ ដែលមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ មានស្នាដៃផលិតខ្សែភាពយន្ត ខ្សែវីដេអូចម្រៀងកាយវិការ កំណាព្យ និង​ប្រលោមលោកជាដើម។

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ៕

ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម ម៉ៅ អាយុទ្ធ
86 Shares