ដោយមើលឃ់ើញពីបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ និងដើម្បីជាការរួមចំណែក តាមការអំពាវនាវយ៉ាងទទូច ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ទាក់ទងនឹងការយកចិត្តទុកដាក់លើការផ្គត់ផ្គងជីវភាពប្រជាជន ក្នុងស្ថានភាពបិទខ្ទប់រាជធានីភ្នំពេញនេះ លោក ឧកញ៉ា ស្រី ចាន់ថន រួមនឹងក្រុមការងារ បានចុះរៀបចំយ៉ាងដុតដៃដុតជើងភ្លាមៗនូវទីតាំង ផ្សារចល័តសុវត្ថិភាព ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ជាប់មាត់ទន្លេ ត្រៀមលក់ជូននូវអាហារបម្រុងចាំបាច់មួយចំនួន ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។



ម្ហូបអាហារបម្រុងចាំបាច់ បន្លែ ត្រី សាច់គោ សាច់ជ្រូក សាច់មាន់ សាច់ទា ពងទា ត្រីខ ឆៃប៉ូវ និងភេសជ្ជៈគ្រប់ប្រភេទ ជាដើមនឹងត្រូវបានរៀបចំផ្សារលក់តាមស្តង់ ចន្លោះពី ៣០ ទៅ ៦០ ស្តង់ ស្រដៀងទៅនឹងផ្សារលក់តាមស្តង់ ដែលទើបរៀបចំថ្មី នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលដែរ តែមិនតម្រូវឱ្យអតិថិជនមកទិញផ្ទាល់ទេ ពោលគឺកុម្ម៉ង់ទិញបានតាមទូរស័ព្ទតែប៉ុណ្ណោះ។


លក្ខណៈពិសេសរបស់ ផ្សារចល័តសុវត្ថិភាព របស់លោកឧកញ៉ា ស្រី ចាន់ថន គឺបងប្អូនអាចកុម្ម៉ង់ទិញបានតាមលេខទូរស័ព្ទ ហើយខាងសេវាដឹកជញ្ជូនរបស់ផ្សារចល័ត នឹងដឹកជូនបងប្អូនប្រជាពលរដ្ឋដល់មុខផ្ទះ តាមទីតាំងកុម្ម៉ង់នោះ។ ចំពោះតម្លៃវិញ លោកឧកញ៉ា ស្រី ចាន់ថន ធានាថា នឹងលក់ជូនបងប្អូនប្រជាពលរដ្ឋក្នុងតម្លៃយ៉ាងសមរម្យបំផុត ធានាថា នឹងមិនលើសតម្លៃទីផ្សារឡើយ។



ដោយមានការអនុញ្ញាត និងសហការ យ៉ាងល្អប្រសើរពីសំណាក់ ឯកឧត្ដម ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារផ្ទាល់ ក្រុមការងារបច្ចេកទេស របស់លោក ឧកញ៉ា ស្រី ចាន់ថន បានប្រើពេលវេលាត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ ដើម្បីសម្រេចការរៀបចំស្តង់ផ្សារចល័តសុវត្ថិភាព នេះ។ បើសិនរួចរាល់ តាមការគ្រោងទុក ថ្ងៃទី២២ ខែមេសា ២០២១នេះ ផ្សារល័តនេះ នឹងអាចទទួលការកុម្ម៉ង់ពីបងប្អូនប្រជាពលរដ្ឋបានហើយ។ ចំពោះម៉ោងនៃការបើកលក់ជូនអតិថិជន គឺចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោងប្រហែល ៧ល្ងាច ជារៀងរាល់ថ្ងៃ៕


