លោកជំទាវ ឱ វណ្ណឌីន៖ ការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត អាចនឹងមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត

សង្គម​និង​សេដ្ឋកិច្ច

ទាំងអស់គ្នាអាចគេងលក់ស្រួលបាន ប្រសិនបើមនុស្សទាំងឡាយ និងសង្គមកម្ពុជា  អាចត្រូវបានការពារ  និងអាចជួយសង្គ្រោះអាយុជីវិតពីការវាយប្រហារពីវីរុសកូវីដ-១៩ ហើយបើការផ្ទុះឡើងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត អាចនឹងមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត។ ប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន បានផ្ញើសារជូនសាធារណៈជន នៅថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២១នេះ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ  ឱ  វណ្ណឌីន បានលើកឡើងថា ខ្ញុំសូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់​ ឱ្យអនុវត្តតាមវិធានការណ៍របស់រាជរដ្ឋាភិបាល​ និងក្រសួងសុខាភិបាល​ ដែលបានដាក់ចេញរួចហើយ។ សុខភាពរបស់លោកអ្នក​ មានសារៈសំខាន់ជាងអ្វីៗទាំងអស់​ ហើយលោកអ្នកត្រូវតែការពារពីការចម្លងជំងឺកូវីដ-១៩ ឱ្យបាន​គ្រប់គ្នា​ ដោយចាប់ផ្តេីមធ្វេីសក្មភាពចេញពីបុគ្គលម្នាក់ៗ​ និងរួមសាមគ្គីគ្នាធ្វេីសកម្មភាពឆ្លេីយតបពីឥឡូវនេះ។

លោកជំទាវមានប្រសាសន៍ថា ការចាក់វ៉ាក់សាំង​កូវីដ-១៩ គឺជាជម្រេីសមួយរួមជាមួយជម្រេីសដទៃទៀត​របស់លោកអ្នក​ ក្នុងការអនុវត្តន៍វិធានការណ៍បង្ការជំងឺកូវីដ-១៩​ ដែលអាចការពារលោកអ្នកបាន​ ហេីយដែលតម្រូវឲ្យបុគ្គល​ និងប្រជាជន​ ចាំបាច់មានវិន័យត្រឹមត្រូវ​ និងការយល់ដឹងចាំបាច់​ ខណៈពេលដែលកំពុងស្វែងរកសេវាកម្មចាក់វ៉ាក់សាំងនៅតាមទីតាំងណាមួយដែលប្រកាសដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស​ ព្រមទាំងការអនុវត្តន៍ឱ្យបានពេញលេញនូវវិធានការ ៣ការពារ និង៣កុំ។

លោកជំទាវបានបន្តថា នៅផ្ទះ​ គឺជាជម្រេីសដ៏ល្អមួយ​ សម្រាប់ការពារការចម្លងជំងឺកូវីដ-១៩។ វិធានការបិទខ្ទប់​ គឺជាវិធានការបណ្តោះអាសន្ន​ប៉ុណ្ណោះដែលមានពេលកណត់ មិនមែនជាការចាក់សោរជារៀងរហូតដែលមនុស្សមិនអាចធ្វេីអ្វីបាននោះឡេីយ។ វាជាការចាំបាច់ណាស់ ដែលយេីងត្រូវរៀបចំទុកជាមុន​ មុននឹងពេលដេីរចេញពីវិធានការបិទខ្ទប់​ បើមិនដូច្នោះទេ​ ការផ្ទុះឡេីងនូវការចម្លងរាលដាលខ្លាំងថ្មីមួយទៀត​ នឹងអាចកេីតឡេីង​ ហេីយអាចមានគ្រោះថ្នាក់ខ្លាំងជាងនាពេលនេះទៅទៀត​ ព្រោះនៅពេលនោះ​ មនុស្សគ្រប់គ្នាទាំងអ្នកចាត់ចែងដាក់វិធានការ​ និងអ្នកដែលត្រូវអនុវត្តវិធានការទប់ស្កាត់ការចម្លង​ជំងឺដ៏កាចសាហាវនេះ មានការហត់នឿយ​ និងអស់ថាមពលទៅហេីយ​ ចុះទម្រាំមានការផ្ទុះចេញសារជាថ្មីទៀតនោះ​ នៅពេលដែលកម្លាំងយេីងមិនទាំងទាន់បានស្រាកស្រាន្តផងនោះ​ ឫអាចនិយាយបានថា​ អស់ថ្ម​ តែថ្មនោះមិនទាន់ទាំងបានសាកបញ្ចូលពេញវិញផង​ តេីនឹងក្លាយទៅជាយ៉ាងណា?

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ធនធានប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការចម្លងដែលជានិន្នាការចម្លងមួយដែលអាចកេីតមានជាបន្តបន្ទាប់​ប្រសិនបើបុគ្គលម្នាក់ៗ​ និងសហគមន៍​ មិនធ្វើសកម្មភាពជាមួយគ្នា​ ជួយគ្នា​ ដើម្បីការពារការផ្ទុះឡេីងនូវការឆ្លងវីរុសកូវីដ-១៩ សារជាថ្មីឡើងវិញ​ បន្ទាប់ពីការដេីរចេញពីវិធានការបិទខ្ទប់នាពេលខាងមុខ​ (ទោះជាការដេីរចេញនូវវិធានការបិទខ្ទប់អាចកេីតមានក្នុងពេលឆាប់​ ឫយូរក៏ដោយ)។ ខ្ញុំសឹងតែមិនហ៊ានគិតដល់ចំណុចនោះទេ​ តែខ្ញុំត្រូវតែបង្ហាញជាមុន​ ដេីម្បីជូនដល់លោកអ្នក​ មានការប្រុងប្រយ័ត្នលេីចំណុច​នេះទាំងអស់គ្នា។

លោកជំទាវបន្តទៀតថា បុគ្គលគ្រប់រូប​ អាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩បាន​ ប្រសិនបើមនុស្សគ្រប់គ្នា​ អាចផ្លាស់ប្តូរអាកប្បកិរិយាផ្ទាល់ខ្លួនបានទាន់ពេល​ និងបានលឿនជាងការវាយលុករបស់វីរុសកូវីដ-១៩​ ដោយសម្របខ្លួនឱ្យបានជាមួយនឹងជីវិតរស់នៅធម្មតាតាមបែបគន្លងថ្មី។ រាល់ទីតាំងដែលបិទជិត​ ឫជាកន្លែងប្រមូលផ្តុំមនុស្សច្រេីន​ ដូចជាហាងលក់ឥវ៉ាន់​ ភោជនីយដ្ឋាន​ រោងកុន​ ទីផ្សារ​ និង​រោងចក្រ-សហគ្រាដស ជាដើម​ ម្ចាស់ទីតាំង​ និងអតិថិជន​ ត្រូវតែគោរព​ និងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការណ៍បង្ការជំងឺ​ ដែលណែនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងដោយក្រសួងសុខាភិបាល​ ដូចជាពាក់ម៉ាស់​ លាងដៃឱ្យបានត្រឹមត្រូវ​ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១,៥ ម៉ែត្រឡេីងជាដេីម។

លោកជំទាវគូសញ្ជាក់យ៉ាងដូច្នេះថា ប្រសិនបើយើងមិនចង់វិលត្រឡប់ទៅរកស្ថានភាពបិទខ្ទប់វិញទេនោះ​ បុគ្គលម្នាក់ៗ​ ត្រូវរៀនសូត្រសម្រាប់ការផ្លាស់ប្តូររបៀបរស់នៅរបស់លោកអ្នកទៅរកស្ថានភាពធម្មតាតែមានការប្រុងប្រយ័ត្នការពារដូចបានរៀបរាប់ខាងលើ។

ជាចុងក្រោយ លោកជំទាវក៏សូមជូនពរបងប្អូនទាំងអស់​ សូមមានសុខភាពល្អ​ និងមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំងស់​ ដែលបានចូលរួមសហការគ្នាដើម្បីប្រយុទ្ធជាមួយសត្រូវអត់សម្រោលកូវីដ-១៩នេះ៕