ឆ្លើយតបតាមការបញ្ជាក់របស់ រដ្ឋបាលខេត្តព្រះសីហនុ លើតម្រូវការសាច់ជ្រូក និងពងទា សម្រាប់ធ្វើម្ហូបអាហារជូន កងកម្លាំង និងអ្នកជំងឺកូវីដ ដែលកំពុងសម្រាកព្យាបាល លោក ឧកញ៉ា ម៉ុង ឫទ្ធី បានចូលរួមផ្គត់ផ្គង់ជាសាច់ជ្រូក ចំនួន ១,៥០០គីឡូក្រាម និងពងទា ៥,០០០គ្រាប់ សម្រាប់រយៈពេល ៥ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ លោកឧកញ៉ា ម៉ុង ឫទ្ធី។
ស្ថាបនិកតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធីសែនជ័យ រូបនេះ ក៏បានពន្យល់បន្ថែមថា៖ «បេីតាមការឲ្យដឹងពីតំណាងសាលាខេត្តព្រះសីហនុថា សម្រាប់មួយថ្ងៃៗមានតម្រូវការសាច់ជ្រូកជាមធ្យម៣០០គីឡូក្រាម និងពងទាចំនួន១០០០គ្រាប់ យកមួយថ្ងៃខានមួយថ្ងៃ។ ជំហានទី១ខ្ញុំសម្រេចចិត្តជួយ៥លេីកសិន គឺជ្រូក១៥ក្បាលប្រមាណជា១៥០០គីឡូក្រាម និងពងទា៥០០០គ្រាប់ បេីសភាពការណ៍ជំងឺឆ្លងកូវីដ-១៩នេះមិនបានធូរស្បើយទេ នោះខ្ញុំនឹងបន្តជួយបន្ថែមទៀត»។
គួររំលឹកថា មកទល់ពេលនេះ ភូមិចំនួន ៥ គឺភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានដាក់ជា«តំបន់ក្រហម» បន្ទាប់ពីជំងឺកូវីដ-១៩ បានឆ្លងរាលដាលធ្ងន់ធ្ងរក្នុងតំបន់នេះ។ ក្រៅពីដាក់ភូមិទាំង៥នេះជាតំបន់ក្រហម អភិបាលខេត្ត ក៏បានបិទខ្ទប់ព្រះសីហនុ ២សប្តាហ៍ ចាប់ពីថ្ងៃទី២៣មេសា ដល់ថ្ងៃទី៦ឧសភាដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕