អ្នកប្រាជ្ញផ្នែកព្រះពុទ្ធសាសនាខ្មែរមួយអង្គដ៏ល្បីឈ្មោះ បានទទួលអនិច្ចធម្ម

សង្គម​និង​សេដ្ឋកិច្ច


ព្រះគ្រូធម្មបាលោ ប្រាក់ ឃុន​ ដែលជាអ្នកប្រាជ្ញភាសាបាលីនៅប្រទេសកម្ពុជា​ បានទទួលអនិច្ចធម្ម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៣:៥០នាទីរសៀល ​ក្នុងព្រះជន្ម​ ៩៦ព្រះវស្សា។ នេះបើតាមការឲ្យដឹងពីព្រះភិក្ខុ សំ សារ៉ូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះភិក្ខុ ប្រាក់ ឃុន​ ជាអ្នកប្រាជ្ញភាសាបាលី ​មានព្រះជន្ម៩៤ព្រះវស្សា ស្ថិតក្នុងវ័យជរាមិនអាចក្រោកនិមន្តទៅណាបាន កំពុងតែសិងនៅលើគ្រែ អមដោយសៀវភៅធម៌ សៀវភៅភាសាបាលីជុំវិញខ្លួន និងកូនវិទ្យុតូចមួយដែលស្ថិតនៅកៀនត្រចៀកកំពុងបន្លឺសំឡេងព្រះធម៌នោះគឺលោកឪ ប្រាក់ ឃុន អតីតៈជាគ្រូបង្រៀនភាសាបាលីជើងចាស់មួយអង្គ។

ព្រះអង្គ ប្រាក់ ឃុន ជាអ្នកប្រាជ្ញពុទ្ធសាសនាមួយរូបដែលមានស្រុកកំណើតនៅខេត្តតាកែវ។ លោកប្រសូតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ ១៩២៦ ក្នុងគ្រួសារកសិករមួយ។ កាលពីក្មេងធ្លាប់ចូលសាងផ្នួសបួសរៀនធម៌អាថ៌ចេះយ៉ាងស្ទាត់ជំនាញ ជាពិសេសផ្នែកភាសាបាលី។ ក្រោយបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ក្នុង១៩៥៦ លោកក៏បានលាចាកសិក្ខាបទ ហើយបានប្រឡងជាប់ជាគ្រូបង្ហាត់នៅក្រសួងអប់រំជាតិ។

ឆ្លងកាត់របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ លោកឪក៏ដូចជាប្រជាជនដទៃដែរ គឺរស់នៅដោយទទួលបាននូវការធ្វើបាប បង្អត់អាហារ និងជម្លៀសពីតំបន់មួយទៅតំបន់មួយ ហើយទីបំផុតលោកត្រូវបានគេជម្លៀសមកដល់ខេត្តបាត់ដំបង។

ក្រោយឆ្នាំ១៩៧៩ ព្រះអង្គ ប្រាក់ ឃុន ព្រះសង្ឃ និងគ្រូបង្រៀនភាសាបាលីដទៃទៀត បានសហការគ្នារៀបចំឱ្យមានសាលាពុទ្ធិកសិក្សាឡើងវិញ ជាពិសេសសាលាពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ក្រោមការចង្អុលបង្ហាញពីប្រធានមន្ទីរធម្មការនិងសាសនា​ និងព្រះមេគណខេត្តបាត់ដំបងក្នុងសម័យកាលនោះ។
ព្រះអង្គ ប្រាក់ ឃុន បានបន្សល់ទុកនូវស្នាព្រះហស្តយ៉ាងច្រើនជាអនេក ជាពិសេសការរៀបរៀងសៀវភៅធម៌ សៀវភៅភាសាបាលី ការសរសេរចម្លងឡើងវិញនូវសៀវភៅវេស្សន្តរជាតក និងការថតចម្លងជាសំឡេងបកប្រែគម្ពីរធម្មបទដ្ឋកថា។ ក្រៅពីនេះលោកឪក៏បានចំណាយថវិកាកសាងសមិទ្ធផលផ្សេងៗតាមបណ្តាវត្តមួយចំនួន ក្នុងនោះក៏មានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបងផងដែរ។

ដោយការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្ត ព្រះអង្គ ប្រាក់ ឃុន បានទទួលនូវការគោរព និងកោតសរសើរយ៉ាងក្រៃលែងពីសំណាក់ថ្នាក់ដឹកនាំ ព្រះសង្ឃ គ្រហស្ថ និងជាពិសេសសិស្សគណដែលធ្លាប់បានទទួលចំណេះដឹងពីលោកឪ រហូតដល់ទទួលបានងារកិត្តិយសថា «កិត្តិបណ្ឌិតភាសាបាលី» ។

នៅជីវិតចុងក្រោយ របស់ព្រះភិក្ខុ ប្រាក់ ឃុន បានសម្រេចចិត្តមកបួសសន្សំកុសលមគ្គផលម្តងទៀត ក្នុងវត្តអាស្រមព្រះគន្ធកុដិ ក្នុងខេត្តបាត់ដំបង។ ទោះជាស្ថិតក្នុងវ័យជរាក៏ដោយ ក៏លោកឪនៅតែមានស្មារតីល្អជានិច្ច ហើយខំប្រតិបត្តិតាមពុទ្ធឱវាទនៃព្រះសម្មាសម្ពុទ្ធយ៉ាងខ្ជាប់ខ្ជួន។ លើសពីនេះលោកឪនៅតែមានការព្រួយបារម្ភគិតគូរចំពោះពុទ្ធសាសនា ចំពោះការសិក្សារបស់សមណសិស្ស និងអនាគតពុទ្ធិកសិក្សា ទាំងដែលខ្លួនលោកឪផ្ទាល់កំពុងតែស្ថិតនៅក្នុងវ័យជរាពាធមិនអាចក្រោកទៅណាបាន។ នេះគឺជាគំរូដ៏ល្អមួយសម្រាប់សង្គមសង្ឃ ក្នុងការបណ្តុះឆន្ទៈ មនសិការធ្វើការងារផ្សព្វផ្សាយព្រះពុទ្ធសាសនាតទៅ៕