អ្នកនិពន្ធល្បីចាកចោលទូរទស្សន៍​ភីអិនអិន

កម្សាន្ត ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

អ្នកនិពន្ធម៉ីសន​សុធារីបានចាកចេញពីតួនាទីដ៏ធំរបស់ខ្លួន នៅសា្ថនីយ៍ទូរទស្សន៍ភីអិអិនហើយ បន្ទាប់ពីបំពេញការងារ​ប្រមាណជាង៨ខែប៉ុណ្ណោះ នេះ​បើតាម Oknha News ទទួលព័ត៌មានក្តៅៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញនេះ Oknha News ​បា​នធ្វើការជួបសម្ភាសន៍ ជាមួយ​អ្នកស្រីម៉ីសន​សុធារី ម្ចាស់រឿង​ស្ទូឌីយោលេខ៧ កាលពីពេលសម្ពោធថ្មីៗ ជុំវិញ​ការចាកចេញមួពីភីអិនអិន សូមអាន​បទម្ភាសន៍។

Oknha News  បង លឺថា​បងឈប់ពីភីអិនអិនហើយ​តើមាន​ទំនាស់អ្វីដែលការងារ​ត្រូវបញ្ចប់ទើបតែបាន៨ខែ?

ម៉ីសនសុធារី៖​ចាស ខ្ញុំបានឈប់មែន ឈប់ជាបុគ្គលិកពេញម៉ោង តែ​បើថាមានទំនាស់អីគឺ​អត់ទេ! ខ្ញុំជា​អ្នកនិពន្ធម្នាក់ ខ្ញុំត្រូវការ​ដាក់រឿង​របស់ខ្លួនឯងផលិតនៅទូរទស្សន៍ច្រើន​ទៀត ចំណែក​នៅភីអិនអិន​គឺ​ពិបាក​បន្តិចក្នុងការ​អោយ​ទូរទស្សន៍ផ្សេងទៀត​ផលិតរឿងរបស់ខ្ញុំ ។

Oknha News តើបងយល់យ៉ាងណាចំពោះការងារ​ប្រធានទីផ្សារនៅទីនោះ?

ម៉ីសនសុធារី៖​  វាជាតួនាទីល្អ ប៉ុន្តែ​សំខាន់តើយើងធ្វើវាបានល្អដែរទេ? ខ្ញុំមាន​បញ្ហា​ខ្លះ​មិនពេញចិត្ត​ចំពោះខ្លួនឯង​​ដោយសារ​តែ​ខ្ញុំពីដើមមក គឺមិនចូលចិត្តទស្សនារឿងភាគថៃ ហើយ​កាលដែលផ្នែកទីផ្សារ​ទទួល​ធ្វើEvent​ដែលមាន​តារាថៃច្រើន​ មិនត្រូវជាមួយ​ចរិតពិតរបស់ខ្ញុំ។ ខ្ញុំមិនមាន​ទំនោរស្ងើច​សរសើរ​តារាថៃទំា​ង​នោះ ជាងសិល្បករក្នុងស្រុកទេ ​អញ្ចឹងខ្ញុំគិតថា ការងារនេះមិនសម​នឹងខ្ញុំ ហើយមិនជំរុញទឹកចិត្ត​សោះ។ ខ្ញុំជាអ្នកនិពន្ធ និងជាអ្នកឌីជីថល ខ្ញុំមើលឃើញ​ឱកាសមួយចំនួន​ទៀត​ដែលមិនចាប់ពេលនេះ គឺ​វាអាចយឺត ដូច្នេះ​ខ្ញុំបានសូមទោសគាត់ហើយ​ថ្នាក់ដឹកនាំ​នៅទីនោះមាន​ទឹកចិត្ត​ទូលាយ ហើយគាត់នៅតែមាន​ការងារ​ខ្លះៗទៀត​ជាមួយ​ខ្ញុំជាគម្រោង​ខ្លីៗ ភាគច្រើនទាក់ទងជាមួយកុនល្ខោន។

Oknha News តើចេញពី ការងារ​ប្រធានទីផ្សារ​ តើបងរំពឹង​កុងត្រារឿងភាគធំៗប៉ុន្មាន​រឿងទៀត​ជាមួយ​ទូរទស្សន៍​ ផ្សេងៗ?​មានគេទាក់ទងមកបងច្រើនទេ?

ម៉ីសនសុធារី៖​ មិនមែន​គេទាក់ទងខ្ញុំទេ គឺខ្ញុំទាក់ទងគេ​! អ្នកនិពន្ធ​តូចតាចដូចខ្ញុំ​ មិនលើសក៏មិនខ្វះពេកដែរ​សម្រាប់​អ្នកវិនិយោគផ្នែកទូរទស្សន៍​ដែលជាអាជីវកម្មវាល់លានដុល្លារ បើថា ចាំគេ​មកទាក់ទង​យើង អាហ្នឹង​​យើងមិនដឹងជាសិល្បករ​ស្អីនោះទេគឺខ្ញុំទាក់ទងនិយាយជាមួយ​អគ្គនាយក​និង​នាយកផ្នែក​កម្មវិធី​នៃ​ទូរទស្សន៍​មួយ​ចំនួន​​មកហើយ​យើងមានការងារខ្លះចាប់ផ្តើមឆ្នាំក្រោយ។

Oknha News មានមតិមកថា​រឿង​របស់បង​ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់មិនបានទទួលចំណាត់ថ្នាក់ខ្ពស់​ទេក្នុងការវាស់វែងរបស់ Kanta?

ម៉ីសនសុធារី៖​ ពិតណាស់! ចំណាត់ថ្នាក់រឿង​ទូរទស្សន៍ដែលមានគេមើលច្រើនបង្អស់ មិនបាន​មក ថ្ងៃមុន​ស្អប់ថ្ងៃនេះស្រលាញ់ទេ ប៉ុន្តែ​តើបានទៅលើរឿងណាវិញ? ​ហើយ​ហេតុអ្វី?​នេះជាសំនួរ​ដែលផ្នែក​ទូរទស្សន៍​​ត្រូវចោទសួរខ្លួនឯង? នៅលើឌីជីថល រឿងថ្ងៃមុនស្អប់ថ្ងៃនេះ​ស្រលាញ នាំមុខដោយតួលេខកំពូល​មិនធ្លាប់មាន​ក្នុងស្រុកខ្មែរ អញ្ចឹងមាន​ន័យថា​តើ​យើង​យកមនុស្ស​ឌីជីថលឬយើងដើរ​ថយក្រោយ? ឌីជីថល​ជាអនាគត ពេលនេះវា​គ្រាន់តែជាអន្តរកាល ដែលយើង​កំពុង​ឆ្លង​ចាកចោលប្រពៃណី យើង​អាចមានបញ្ហាខ្លះពីដំបូង ប៉ុន្តែនេះ​ជា​ការឆ្ពោះទៅមុខ បែរទៅរក​​អនាគត មនុស្ស​ដើរថយក្រោយ​​គឺដើរ​ទៅរកបរាជ័យ។ ​នៅក្នុងក្រុមដឹកនាំកំពូល​របស់ភីអិនអិន មេដឹកនាំខ្ញុំបានសាទរ​ពេញទំហឹងចំពោះរឿង​នេះ ហើយ​ប្អូន​អាចទៅស្រង់ទិន្នន័យ​ពី​Agencyពាណិជ្ជកម្មទំាង​អស់នៅកម្ពុជា​លោមើលថាតើមានរឿងខ្មែរណា​ដែលមាន​ស្លាកសញ្ញា​ធំៗ ​​បុកមកគាំទ្រ​ច្រើន​​ ដូចថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់? តើ​ក្រៅពីរឿងមួយ​នេះ តើមាន​រឿង​ខ្មែរណាមួយ​ ដែលអាចមាន​លទ្ធភាព​ទាញបានដោយជោគជ័យ នូវបណ្តាយុវវ័យខ្មែរ​​ដែលធ្លាប់​បោះបង់ចោលការមើលទូរទស្សន៍ក្នុងស្រុក ​អោយ​វិលមកទស្សនាកុនខ្មែរ​ឡើងវិញ​? សារព័ត៌មាន​ក្នុងប្រទេស នានាមានមោទនភាព ​ក្នុងការ​លើកឡើងពី​ល្ខោនទូរទស្សន៍ដ៏ធំមួយនេះ តើនេះ​ជាសុចនាករអ្វី ?

Oknha News ប៉ុន្តែ​បង មាន​គេនិយាយថា ​បងល្បីខ្លំាង​ដោយសារមាន​សារព័ត៌មាន​ចោមរោម​ជួយជានិច្ច ព្រោះគេមាន​ចេតនា​ជួយ​តែប្រូម៉ូតរឿង​បងម្នាក់គត់ ហើយមិនរវល់ ចំពោះអ្នកនិពន្ធផ្សេងៗ។ តើបងបកស្រាយយ៉ាងណា?

ម៉ីសនសុធារី៖ (សើច) អ្នកដែលនិយាយនេះ តើគេកំពុងមើលងាយខ្ញុំឬមើលងាយអ្នកកាសែត?អោយគេគិតម្តងទៀតទៅ!

Oknha News សួរតាមត្រង់បងម៉ីសន​សុធារី តើភីអិអិនមានថតរឿងថ្មីជាមួយបងទៀតទេ?

ម៉ីសនសុធារី៖ តំាងពី​ពេលរឿង​ថ្ងៃមុនស្អប់ បញ្ចាំង​បានពាក់កណ្តាល អគ្គនាយកភីអីអិនបាន​ពិភាក្សាអំពីការថតរឿង​ក្រោយជាមួយខ្ញុំទៅហើយ តែខ្ញុំបានសុំគាត់មើល​Trendឆ្នំាក្រោយសិន។ គាត់ថា គាត់មិនត្រួវការ​Ratingអីមកនិយាយ តែគាត់ត្រូវការ​Trendថ្មីៗ ដែលវាជាគុណតម្លៃធំរបស់ភីអីនអិន។​ពួកគាត់មានចក្ខុវិស័យ​វែងឆ្ងាយហើយភីអិនអិនមានធនធានមិនចេះរីងស្ងួត​ទេក្នុងការ​ឈរជើងលំដាប់កំពូល​ក្នុង​វិស័យ​រឿង​ភាគខ្មែរ ពួកគេ​មិនគិត​តូចៗ ដូច​ដែលយើងឃើញហើយ​ថា​ LYP Group​ជោគជ័យ​កម្រិត​ណាក្នុងការកំណត់យុទ្ធសាស្ត្រ​អនាគត​របស់គេ​ម្តងៗ។ ចុងក្រោយ​កញ្ញា​ទូច​បុប្ផាប្រធានកម្មវិធីភីអិនអិន បានជជែកនឹងខ្ញុំឆ្អឹងរឿង​ខ្លះៗសម្រាប់២០២០ឬ២០២១។ ​យើងកំពុង​បន្តស្វែងរកខ្លួន​យើង គឺ​អត្តសញ្ញាណ​ធំមួយ​របស់រ៉ឿងភាគខ្មែរ​ទៅអនាគត។ ដូចខ្ញុំតែងដាស់តឿនប្រាប់ ការស់មួយ​ឆាវតាមស្រមោលអ្នកដទៃ​គ្មានភាពជាខ្លួនឯង ជាការប្រលែង​និងវិបត្តិធ្លាក់ទឹកចិត្ត​នៅចុងបញ្ចប់។ទំហំនែការខូចខាត កេរ៍ឈ្មោះ ធនធាន និងពេលវេលា ជាការខាតបង់ដ៏ធំ យើងមិនអាចវិនិយោគ​ទៅលើ​យន្តការហួសម័យ ដើម្បីតែជោគជ័យ​បណ្តោះអាសន្ននោះទេ។

Oknha News បង ក្នុងនាមជាអ្នកនិពន្ធ បងយល់យ៉ាងណា​ការបញ្ចូល​សំឡេង​កុនខ្មែរ​ដែលមាន​គេរិះគន់ច្រើន?

ម៉ីសនសុធារី៖ បើប្អូនថា​គេរិះគន់ច្រើន​ហើយ មកសួរបង​ដល់ណា?​ចង់អោយបងបញ្ជាក់ន័យបន្ថែម​?ឬគាំទ្រ​ការិះគន់នោះជាមួយគ្នា?  ខ្ញុំអាចនិយាយបានខ្លីថា តំាងពីឆ្នាំ៩០ប្លាយមក តារាសម្តែង​ខ្មែរ​បាន​បាត់បង់​ឧត្តមភាព​របស់ពួកគេ​ដោយសារទស្សនិកជន​រកមិនឃើញ ភាពអស្ចារ្ស​ដែលបង្កប់ក្នុងខ្លួនពួកគេ! ប្រទេស​ជិតខាង​បានប្រើសំឡេង​ដើម​របស់តួម្នាក់ៗ តំាំង​ពី​ម្ភៃឆ្នាំមុនមកម៉្លេះ បើយើង​ដើរថយក្រោយ​មិនគួរថយឆ្ងាយ​យ៉ាងនេះទេ។ តារាខ្មែរ​យើង​គួរចេះបដិសេធ​ពេលដែល​ប្រើសំឡេងអ្នកដទៃ​ប​ន្ថែម​រសនិយមដល់ខ្លួ​នយើង ។​ការ​សម្តែង​គឺសម្តែង​ទំាងសំឡេងទំាង​រូបសម្បត្តិទំាង​អារម្មណ៍​នោះទើបជា​ទេពកោសល្យពិត​និង ​អត្តសញ្ញាណ​Identityនៃសិល្បករម្នាក់ៗ។​សិល្បករដែលមិនមាន​អត្តញ្ញាណខ្លួន និងចែងចាំង​រយៈពេលខ្លី។

Oknha News ទាក់ទង​រឿង​ល្បីនិងភាពល្បីឈ្មោះ តើបងប្រាប់បាន​ទេនូវវិធីសាស្ត្រ​ដែលនាំអោយ​បង​បានក្លាយ​ជាអ្នកនិពន្ធដ៏ល្បីក្នុងពេលដ៏ខ្លី?ហើយបងមានវិធីសាស្រ្តយ៉ាងណា​រក្សាចំណុចនោះ?

ម៉ីសនសុធារី៖ ពេលដ៏ខ្លី? ខ្ញុំសរសេររឿង​តំាង​ពី​១៩៩២ប្អូន។ ចំណែកថាល្បី ខ្ញុំមិនគិតថា អ្នកណាម្នាក់​នៅ​លើចំណុចកំពូលរបស់សិល្បៈជារៀងរហូតទេ។ គ្រប់អាជីពតែងមាន​អ្នកថ្មីលេចឡើងមកហើយ​ល្អជាងមុន ខ្លាំង​ជាជំនាន់យើង ព្រោះ​យើងបានដកពិសោធន៍មុន គេរៀនតាមបន្ត មិនបាច់ចាយពេលដូចជំនាន់យើង​។សំខាន់យើងមាន​អ្នកដើរតាម​ច្រើនទេ(Follower) អ្នកហ្នុងហើយ​ដែលធ្វើតាម​លំនាំយើង គឺបង្ហាញថា​យើងជោគជ័យ​ឬបរាជ័យ។ ចំណែកនិយមន័យ​ថាធ្វើយ៉ាងណា​អោយល្បីឈ្មោះជារៀងរហូតខ្ញុំចង់ពន្យល់ថា មនុស្ស​ល្បីរហូត​ព្រោះមនុស្ស​ខ្លួនឯង មិនមែនព្រោះបទចម្រៀងដែលគេច្រើន រូបសម្ភស្សដែលគេកែ ឬសាច់រឿង​ដែលគេសរសេរនោះទេ។ ថ្ងៃនេះ​គេចូលចិត្ត​មុខយើង បទចម្រៀង​យើង​សាច់រឿងយើង​ ថ្ងៃស្អែកគេ​អាចឃើញអ្នកថ្មី​ហើយ​ដូរសនិយមនោះទៅតាម​និន្នការសង្គមTrend។ ចំណែកហ្វេន​ពិតរបស់យើង គឺគេ​ចូលចិត្ត​លើសពីនេះ គេចូលចិត្ត​យើង​ដែលជាខ្លួនយើង ហើយ​ការ​ចូលចិត្ត​មួយនេះ គ្មានអ្នកណា​ជំនួសបានទេ ព្រោះយើងមានតែមួយប៉ុណ្ណោះ។ សិល្បករលើលោកជាច្រើន​បាក់ទឹកចិត្ត មាន​ជំងឺផ្លូវចិត្ត​ខ្លះដល់ថ្នាក់លិចលង់ក្នុងសម្ពាធ ពិបាកដកដង្ហើមពិាករស់នៅ ធ្វើអត្តឃាត ក៏​ដោយសារ​ភាពល្បី និងការប្រកួតប្រជែង​អស់ទំាងនេះ។ ចូរកសាងអត្តសញ្ញាណរបស់​យើង ហើយ​សាបព្រោះវា កំណត់ថា​នោះជា​កត្តាជោគជ័យ ចំណែក​ភាពល្បី វាមិនមែន​ជាកម្មសិទ្ធិរបស់អ្នកណាម្នាក់រហូតទេ ធ្វើចិត្ត​ទៅ!

Oknha News តើបងមានគម្រោង​បង្កើតក្រុមហ៊ុនឬធ្វីអ្វីបន្ថែម​ទៀត គ្រប់គ្នា​គិតថា​បងសម​ជាសហគ្រិនឆ្នើម?

ម៉ីសនសុធារី៖ (សើច) ខ្ញុំនឹងមិនក្លាយជាសហគ្រិនទេ ខ្ញុំជាអ្នកនិពន្ធម្នាក់ ជារៀងរហូតតទៅ នេះជា​អត្តសញ្ញាណ​ដែលខ្ញុំកំណត់យក ហើយ​វាមិនប្រែប្រួល។ ចេញពីនេះ ខ្ញុំកំពុងស្វែងរកការងារធ្វើ ទៀត ក្នុងវិស័យ​បីថ្មីស្រឡាងសម្រាប់ខ្ញុំនោះគឺ ផ្នែក​ហិរញ្ញវត្ថុ អចលនាទ្រព្យ និង​ទេសចរ។ ខ្ញុំកំពុងដាក់ពាក្យ​ហើយ​វិលទៅ​ចាប់ផ្តើម​ការរៀនសូត្រ​លើផ្នែកបីនេះ ហើយ​ខ្ញុំនិងចេញសៀវភៅ​បន្តបន្ទាប់ទាក់ទងនឹងចំណេះ​ទំាងនោះ​ដែលខ្ញុំចាប់បាន។ បើនៅធនាគារ​មួយឆ្នាំ​ខ្ញុំនិងអាចជួយអ្នកអាន​របស់ខ្ញុំអោយដឹងពី ចរាចរណ៍​ពិតបស់លុយ​ក្នុងវិស័យ​ធនាគារ​បរិបទកម្ពុជា។ ខ្ញុំដឹងថាមានចំណេះ​ច្រើនណាស់ដែលខ្ញុំមិនទាន់ចេះ។ហើយ​ខ្ញុំនៅមានពេលសិក្សា។

Oknha News ៖ អ្នកគាំទ្របងពេញចិត្ត​ជាខ្លាំង​លើចំណេះ​ដឹង ទេពកោសល្យ ​ព្រមទំាង​បំណិនជីវិត​ក្នុងលក្ខណៈសម្បត្តិ​របស់បង តើSoft Skillដែលបងចេះនេះ បងរៀន​ពីណាមក? គ្រូឈ្មោះអ្វី?​បរទេសឬខ្មែរ?

ម៉ីសនសុធារី៖ ខ្ញុំរៀនពីមនុស្ស​បីប្រភេទ។ អ្នកក្រដែលខ្ញុំរាប់អាន ពួកគេ​នៅជុំវិញខ្លួនខ្ញុំ បង្រៀនខ្ញុំពីការ​តស៊ូ និង​អត្ថន័យ​នៃខ្លួនទីពឹងខ្លួន ពួកអ្នកមាន​ដែលខ្ញុំជួប ​បង្រៀនខ្ញុំពីសម្ពាធ​និងការថប់បារម្ភ​ដែលពួកគេត្រូវតតាំង​ជាមួយក្នុងសង្គមប្រជែងនិងចក្ខុនិយម សម្ភារៈនិយម ចុងក្រោយ​មនុស្ស​ថ្នាក់កណ្តាល​ដែលបង្រៀន​ខ្ញុំពីរបៀប​រើចេញពីភាពក្រីក្ររបស់ពួកគេ​និងមូលហេតុដែល​មិនអាចក្លាយជាអ្នកមាន​។

Oknha News មានឧកញ៉ា​ពីរបីនាក់ និយាយថា​បងម៉ីសនសុធារីឆ្មើងឆ្មៃ ពិបាកធ្វើការជាមួយ សូម្បីការងារសរសេរសៀវភៅ ក៏ទាក់ទង​មិនស្រួលកុំថាការងារផ្សេង បងដែលទទួលបានពាក្យរិះគន់​អស់​នេះ?

ម៉ីសនសុធារី៖ ទីមួយ​មកពីពួកគេមិនស្គាល់ខ្ញុំ ទីពីរ​ពួក​គេប្រហែលជួបមនុស្ស​រណេបរណប​ច្រើនពេកហើយ។

Oknha News សំនួរចុងក្រោយ បើនៅសុខៗមាន​គេទម្លាក់លុយមក៥លានដុល្លារសម្រាប់យកទៅអភិវឌ្ឍន៍​តើបងនឹង​ធ្វើអ្វី?

ម៉ីសនសុធារី៖ ខ្ញុំប្រហែលធ្លាប់គិតថា​ធ្វើម៉េច​នឹងទទួលបានទ្រព្យសកម្ម៥លានដុល្លារ តែបើថា ទទេៗ​ទទួល​បាន៥លានមក ខ្ញុំខ្ចិលគិតណាស់ ។​ខ្ញុំមិនដែលចំណាយពេល​ទៅគិត​ពីអភិនិហារ​ទេ ជីវិត​ខ្ញុំជាជីវិត​ពិត គ្រប់យ៉ាង​ខ្ញុំកសាងវាឡើងមកជាមួយ​ការពិតជាក់ស្តែង។ អរគុណណាស់ សម្រាប់បទសម្ភាសន៍។

​អ្នកនិពន្ធម៉ីសនសុធារី ម្ចាស់សៀវភៅ ពេលវេលា ​ដែល​ទើបនឹង​បោះពុម្ពបីពាន់ក្បាលកាលពីខែមិថុនា ឥឡូវនេះត្រៀម​បញ្ចេញ​ស្តុកថ្មីទៀតហើយ​។ អ្នកស្រីជានិពន្ធនាយិកាដំបូង​ដែលបាន​បង្កើត ​Sabay.com.kh និងអ្នកសារព័ត៌មាន​ឌីជីថលវ័យក្មេងជាច្រើន​លើវិស័យ​សារព័ត៌មាន​នៅកម្ពុជា។