បុគ្គល​ដែល​ថៅកែ​ចាត់​ទុក​ថា​ជា​បុគ្គលិក​គំរូ ត្រូវ​មាន​ចំណុច​ទាំង​នេះ

ជុំវិញ​ឧកញ៉ា
834 Shares

បុគ្គល ឬបុគ្គលិកគំរូនៅក្នុងក្រុមហ៊ុនមានច្រើនប្រភេទ ប៉ុន្តែបុគ្គលិកមួយចំនួនយល់ច្រឡំថា ការគោរ​ពស្រឡាញ់រាប់អានដោយមនោសញ្ចេតនារបស់ថៅកែចំពោះខ្លួន ព្រោះខ្លួនអាចនិយាយអុជអាល និយាយមិនល្អពីអ្នកដទៃ ឬនិយាយបង្ខូចឈ្មោះ បង្ខូចស្នាដៃអ្នកដទៃប្រាប់ថៅកែទៅវិញ។

បុគ្គលិកខ្លះ ដោយគ្រាន់តែថៅកែ ឬម្ចាស់ក្រុមហ៊ុន ឧស្សាហ៍ហៅ ឬអញ្ជើញទៅញុំាអាហាររួមគ្នា ដើរ​កម្សាន្តរួមគ្នា ក៏គិតនិងយល់ថា ថៅកែ ឬម្ចាស់ក្រុមហ៊ុន ពិតជាស្រឡាញ់ខ្លួន ហើយគិតថា ការ​រាយការណ៍ ឬការនិយាយមិនល្អពីអ្នកដទៃប្រាប់ថៅកែ ធ្វើឱ្យខ្លួនក្លាយជាមនុស្សស្មោះត្រង់របស់​ថៅកែ ធ្វើឱ្យថៅកែទុកចិត្ត ស្រឡាញ់រាប់អាន ឬចាត់ទុកថាខ្លួនជាបុគ្គលគំរូ ហើយក៏តាំងខ្លួនក្រអឺតក្រទម ក្អេងក្អាង ដោយយល់ថា គ្មានអ្នកណាម្នាក់អាចប៉ះពាល់ខ្លួនបាន។ តែធាតុពិត មិនដូច្នេះទេ។

ជាទូទៅបុគ្គល ឬបុគ្គលិកដែលថៅកែគោរពស្រឡាញ់ និងចាត់ទុកជាបុគ្គលិកឆ្នើម បុគ្គលិកគំរូពិតប្រាកដ និងគួរដំឡើងឋានៈ តួនាទី និងប្រាក់ខែ ទាល់តែបុគ្គល ឬបុគ្គលិកនោះមានលក្ខណសម្បត្តិដូចជា៖

១. ជាបុគ្គលិកដែលអាចទុកចិត្ដបាន មានចំណេះដឹងពិតប្រាកដ យកចិត្ដទុកដាក់លើការងារ

២. ជាបុគ្គលិកដែលក្លាហាន ស្វាហាប់ ព្យាយាម អត់ធ្មត់ និងហ្មត់ចត់នឹងការងារ

៣. ជាបុគ្គលិកដែលចេះតុបតែងខ្លួន ដូចជាការស្លៀកពាក់សមរម្យ (Professional)

៤. ការកាត់សក់ និងសិតសក់ ក្រចកដៃរបស់គាត់រៀបចំរៀបរយបានល្អ

៥. ការនិយាយស្តីបានពីរោះ ចេះស្គាល់ចាស់ទុំ តូចធំ ទាបខ្ពស់ មិនមាក់ងាយ មិនអុជអាលឱ្យថៅកែស្អប់បុគ្គលិក មិនឱ្យបុគ្គលិកស្អប់ថៅកែ។

៦. ជាមនុស្សមានចិត្តទូលាយ ស្វាគមន៍ និងទទួលយករាល់ការរិះគន់កែលម្អ ដើម្បីស្ថាបនា

៧. ជាមនុស្សចូលចិត្តចែករំលែកចំណេះដឹងដល់អ្នកដទៃ

៨. ជាមនុស្សចេះឈឺឆ្អាល និងរួមសុខរួមទុក្ខជាមួយអ្នកដទៃ

៩. ជាមនុស្សចេះលើកទឹកចិត្តអ្នកដទៃ និងមិនបន្តុះបង្អាប់អ្នកដទៃ ដែលធ្វើឱ្យអ្នកដទៃបាក់ទឹកចិត្ត។

ហេតុអ្វីបានជាគេឱ្យតម្លៃទៅលើឥរិយាបថ? ព្រោះជាដំបូង មនុស្សភាគច្រើនតែងត្រូវបានគេវាយតម្លៃពីសម្បកក្រៅ។ ដូច្នេះ បើកាលណាគេមើលមកការស្លៀកពាក់សមរម្យ មានផ្នត់ មានក្រវាត់ក គ្មានស្នាមប្រឡាក់ មុខមាត់ស្រស់ថ្លា រលោង គ្មានស្នាម គ្មានរោមច្រមុះដុះលៀនចេញមកក្រៅ សក់ក្បាលខ្លីសមរម្យ ធ្មេញត្រូវបានសម្អាត គ្មានក្លិនអាក្រក់ ពេលនោះគេនឹងគិតថា បុគ្គលិកចេះថែរក្សាខ្លួនប្រាណបានល្អ ជាមនុស្សស្អាត និងមានអនាម័យ។

នៅកន្លែងការងារ ក្រៅពីឥរិយាបថខាងលើ គេតែងតែត្រូវការបុគ្គលិកដែលមានភាពក្លាហាន ស្វាហាប់ ហ្មត់ចត់ ម៉ឺងម៉ាត់ចំពោះការងារ និងចេះអធ្យាស្រ័យខ្ពស់ ជាពិសេស ជាបុគ្គលិកដែលចេះប្រាំភាសា

ភាសាទី១ គឺភាសាកំណើត គឺមានន័យថា បើអ្នករស់នៅក្នុងប្រទេសខ្មែរ អ្នកត្រូវចេះនិយាយ ចេះសរសេរ ចេះអាន ចេះប្រើប្រាស់ភាសាកំណើត (ភាសាខ្មែរ) ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវបំផុត។

ភាសាទី២ គឺភាសាសាកល មានន័យថា ក្នុងពេលបច្ចុប្បន្ននេះ ភាសាអង់គ្លេសត្រូវបានគេចាត់ទុកថាជាភាសាសាកល (អនាគត អាចភាសាចិនដែរ) ដូច្នេះយើងត្រូវចេះភាសានេះជាចាំបាច់ ដើម្បីទំនាក់ទំនងការងារជាមួយដៃគូបរទេស។

ភាសាទី៣ គឺភាសាបច្ចេកវិទ្យា មានន័យថា យើងត្រូវចេះប្រើប្រាស់ដូចជា អ៊ីមែល ហ្វេសប៊ុក តេឡេក្រាម វ័ត្សអាប់ វីឆាត ជាពិសេសភាសានៅក្នុងកម្មវិធីកុំព្យូទ័រសម្រាប់ការងារការិយាល័យជាដើម។ ភាសាបច្ចេកវិទ្យា អាចជួយសម្រួលដល់ការងារឱ្យដំណើរការបានរលូនទៅមុខបានលឿន។

ភាសាទី៤ គឺភាសាការទូត ឬគេហៅថាភាសាទំនាក់ទំនងសាធារណៈ គឺមានន័យថា នៅពេលយើងចូលបម្រើការងារ យើងត្រូវរួសរាយរាក់ទាក់ មានប្រជាប្រិយភាព ចេះសួរ ចេះឆ្លើយ ចេះញញឹម ចេះស្វាគមន៍ ដោយគ្មានការឆ្មើងឆ្មៃ ឬរើសអើងអ្នកដទៃ ឬអ្នកដែលមានឋានៈទាបជាង ឬក្រជាង ឬក៏មានចំណេះដឹងទាបជាង។ ភាសាដែលប្រើក្នុងការប្រាស្រ័យទាក់ទងមានសារៈសំខាន់ណាស់ ព្រោះជាគន្លឹះសម្រាប់ចុចឱ្យយើងបានចេញទៅដល់តួនាទីជាអ្នកដឹកនាំគេបាន។

ភាសាទី៥ គឺភាសាអាជីព មានន័យថា បើយើងចង់ធ្វើ ឬយើងធ្វើអ្វីមួយ យើងគប្បីត្រូវចេះជំនាញរបស់ខ្លួននោះឱ្យបានច្បាស់លាស់។ មានន័យថា បើកាន់កិច្ចការអ្វី ត្រូវចេះកិច្ចការនោះបានច្បាស់លាស់ មិនស្រពេចស្រពិល មិនច្បោលៗ៕

ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

បុគ្គល​ដែល​ថៅកែ​ចាត់​ទុក​ថា​ជា​បុគ្គលិក​គំរូ ត្រូវ​មាន​ចំណុច​ទាំង​នេះ
834 Shares