ឧកញ៉ា ឡេង ណាវ៉ាត្រា ​ជួយ​បំពេញ​បំណង ព្រាប សុវត្ថិ ដែល​សន្យា​ជា​មួយ​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ

កម្សាន្ត
172 Shares

កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ​ធ្លាប់​នាំ​១​គ្រួសារ ព្រម​ទាំង​ក្រុម​រាំ​របស់​លោក​ផង ​ទៅ​ចូល​រួម​ប្រគំតន្ត្រី​​ឲ្យ​ក្រុមហ៊ុន របស់​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ម្ដង​រួច​មក​ហើយ​នៅ​ប្រទេស​កូរ៉េ​​កាល​​​ចុង​ឆ្នាំ​​២០១៨ ដែល​កាល​ណោះ​កំពូល​តារា​ចម្រៀង​រូប​នេះ​ធ្លាប់​សន្យា​និង​អ្នក​គាំទ្រ​លោក​នៅ​ទី​នោះ​ថា ប្រសិន​បើ​លោក​​មាន​ឱកាស​បាន​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើក​ទី២ លោក​នឹង​នាំ ទាំង​ក្រុម​ភ្លេង​មក​ជា​មួយ​ថែម​ទៀត ដើម្បី​ឲ្យ​ការ​ប្រគំតន្ត្រី​មាន​ភាព​ទាក់​ទាញ ត្បិត​អី​ការ​ឡើងទៅ​ច្រៀងកាល​ពីលើកទី១នោះ គឺច្រៀង​ដោយ​ចាក់​ភ្លេង ហាក់​ដូច​ជា​សប្បាយ​មិន​អស់​ដៃ។ ដូច​បាន​សន្យា នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ កំពូល​តារា​ចម្រៀង​រូប​នេះ នឹង ចេញ​ទៅ​ច្រៀង​រាំ នៅ​ប្រទេស​​ទេស​កូរ៉េ​ម្ដង​ទៀត​ហើយ ដោយ​ការ​ប្រគំតន្ត្រី​ខ្នាត​ធំ មិន​​ធ្លាប់​មាន​នេះ មាន​តារា​ចម្រៀង​ជា​ច្រើន ក្នុង​នោះ​មាន​ក្រុម​ចចកសមុទ្រ ដែល​ជា​ក្រុម​​ភ្លេង​ល្បី​ឈ្មោះ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ជា​មួយ​ផង ទាំង​នេះ ក៏​ព្រោះ​តែ ឧកញ៉ា ឡេង ណាវ៉ាត្រា គឺ​ជា អ្នក​ឧបត្ថម្ភ​ផ្ដាច់មុខ​លើ​​ការ​ប្រគំតន្ត្រី​​នេះ​តែ​ម្ដង​។

កន្លងមក ក្រុមហ៊ុនបុរីឡេងណាវ៉ាត្រា ធ្លាប់បានចាយទុនធានាយកតារាខ្មែរ ទៅ​ច្រៀងរួម​គ្នា​នៅ​ក្នុងប្រទេសកូរ៉េ​ ប៉ុន្តែការប្រគំតន្ត្រីទាំងនោះមិនធ្លាប់មាន ប្រគំដោយផ្ទាល់ពីក្រុមតន្ត្រីករ ដែល​គេហៅ​ថា Live Band នោះទេ។ អ្វីដែលកាន់តែពិសេស គឺការប្រគំតន្ត្រីលើកនេះ Live Band ដោយក្រុម​ចចកសមុទ្រ ដែលជាក្រុមល្បីល្បាញនៅកម្ពុជា និងកំពូលតារាចម្រៀងជាច្រើនដួងទៀត។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកបុរីឡេងណាវ៉ាត្រា បានប្រកាសជាសាធារណៈថា ដើម្បី​ឲ្យការប្រគំតន្ត្រីនៅក្នុងប្រទេសកូរ៉េ ទទួលបានការចាប់អារម្មណ៍ជាងមុន លោកសម្រេចអញ្ជើញ​ក្រុម​ចចកសមុទ្រ យកទៅកាន់ឩបករណ៍តន្ត្រីដោយផ្ទាល់ ដោយមិនតម្រូវឲ្យ​សិល្បករបកស្រាយ​ចម្រៀង ដោយការចាក់សាច់ភ្លេងទៀតទេ។ លោកថាការប្រគុំតន្ត្រី Live Band និងចាក់ភ្លេង មាន​ភាព​រស់រវើកមិនដូចគ្នាទេ ដោយការប្រគំតន្ត្រីមានភ្លេង នឹងជួយឲ្យការសម្ដែង​របស់ក្រុម​សិល្បករ និងពិធីករ មានភាពរលូន និងទាក់ទាញជាង។

ការ​ប្រគំតន្ត្រី​ខ្នាត​ធំ មិន​​ធ្លាប់​មាន​នេះ នឹងរៀបចំឡើងនៅក្រុងអាន់សាន់ នៅថ្ងៃទី១៣ ខែកញ្ញា ដោយការប្រគំតន្ត្រីលើកនេះ គឺលោកនឹងធ្វើឲ្យកក្រើកតែម្ដង។ តារាល្បីៗ​ដែលលោក​យកទៅនៅ​ក្នុង​ឆ្នាំនេះរួមមាន លោក ព្រាប សុវត្ថិ កូនប្រុសទាំង៣របស់លោកព្រាប សុវត្ថិ, លោក ប៉ែន ចំរ៉ុង, លោក ខេម, កញ្ញា អ៊ីវ៉ា,លោកគូម៉ា និងតារាល្បីៗជាច្រើនផ្សេងទៀត៕





















ឧកញ៉ា ឡេង ណាវ៉ាត្រា ​ជួយ​បំពេញ​បំណង ព្រាប សុវត្ថិ  ដែល​សន្យា​ជា​មួយ​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ
172 Shares