ណែនាំ​ឲ្យ​ស្គាល់អភិបាលខេត្ត​វ័យ​ក្មេង​នៅ​សៀមរាប បញ្ចប់​សិក្សា​នៅបារាំង ធ្លាប់ចូលហាត់​ទាហាន​នៅ​រាជបណ្ឌិត្យសភា​យោធា​របស់​ប្រទេស​បារាំងទៀត

សង្គម​និង​សេដ្ឋកិច្ច
85 Shares

តើលោក ទៀ សីហា ជានរណា?

លោក ទៀ សីហា កូនប្រុសប្រមុខការពារជាតិកម្ពុជា គឺ​សម្តេចពិជ័យសេនា ទៀ បាញ់ ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំងជាអភិ​បាល នៃ​គណៈអភិ​បាលខេត្ត​សៀម​រាប ជំនួសលោក​ឃឹម ប៊ុន​សុង។ នេះ​បើ​យោង​តាម​ព្រះ​រាជក្រឹត្យ​ចុះ​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ២០១៨។

លោក ទៀ សីហា ពី​មុន​ជា​អភិបាលរង​ខេត្តសៀមរាប​ និងបាន​​ក្លាយជា​អភិបាលខេត្ត​សៀមរាប ឋានន្តរ​សក្តិឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ ។ លោក​ក៏​ជា​នាយទាហានជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ ​ដែល​មាន​ឋានន្តរ​សក្តិឧត្តមសេនីយ៍ទោ ។

តើលោក ទៀ សីហា មានជីវប្រវត្តិ ឬការសិក្សាដល់កម្រិតណាដែរ?

លោក ទៀ សីហា កើត​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៨០ នៅ​រាជធានី​ភ្នំពេញ ជា​កូនប្រុស​ទី​២ របស់​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

កាលពីកុមារភាព លោកបានសិក្សា​នៅ​សាលាបឋមសិក្សា​ចតុមុខ ក្នុង​ខណ្ឌដូនពេញ រាជា​ធានី​ភ្នំពេញ​។​ លុះ​ចូលដល់​វ័យ​ជំទង់ ត្រូវបានឪពុកម្តាយបញ្ជូន​ឲ្យ​ទៅ​សិក្សា​នៅ​សាលា Lycée Passy Saint-Honoré ប្រទេស​បារាំង​ ​រហូត​ប្រឡង​ចូល​មហាវិទ្យាល័យ​នៅ​ទីនោះ។

ក្នុង​រយៈពេល​១០​​ឆ្នាំ ​នៃ​ការ​ស្នាក់នៅដើម្បី​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​បារាំង យុវជន​រូប​នេះ​បានបញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ពាណិជ្ជកម្ម ពី​មហាវិទ្យាល័យ Passy Saint-Honoré នាទី​ក្រុងប៉ារីស ប្រទេស​បារាំង នៅឆ្នាំ​២០០១​។ នៅក្នុង​ដំណាក់កាល​នោះ លោកក៏​បាន​ចូល​សិក្សា​រយៈពេល​ពេញ​មួយឆ្នាំនៅ​សាលា​ទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជា​រាជបណ្ឌិត្យសភា​យោធា​របស់​ប្រទេស​បារាំង​។​

ក្រោយពេល​បញ្ចប់​ការសិក្សា យុវជន​ សីហា បាន​វិលត្រឡប់​មកកាន់​មាតុភូមិ​វិញនា​ឆ្នាំ​២០០១ រួច​ចូល​បម្រើការ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។ ក្នុងពេល​បំពេញការងារ​ជា​មន្ត្រី​យោធា​នេះ លោក​បាន​ឆ្លៀតពេល​បង្កើន​សមត្ថភាព​ផ្នែក​គ្រប់គ្រង នៅ​រាជបណ្ឌិត្យសភា​រដ្ឋបាល​ជាន់ខ្ពស់នា​ឆ្នាំ​២០០៧-២០០៨​។​​ នៅ​ឆ្នាំ​២០១០-២០១៣ ​ស្របពេល​វិវាទ​ដីធ្លីកំពុងតែ​កើតឡើង រាជរដ្ឋាភិបាល​បាន​បង្កើត​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាពលរដ្ឋ​។​ លោក​ត្រូវបានចាត់តាំង​ជា​ប្រធាន​ក្រុមយុវជន​ស្ម័គ្រចិត្ត​ខេត្តសៀមរាប ដែល​នៅក្នុង​ដំណាក់​កាលនោះ លោក​ត្រូវបានតែងតាំង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្តសៀមរាប​ផងដែរ​។​​

កូនប្រុស​ប្រមុខ​ការពារជាតិកម្ពុជា​នេះ​ ក៏​មាន​តួនាទី​ជា​នាយទាហានជាន់ខ្ពស់​ នៃ​កងយោធពល​ខេមរភូមិន្ទ ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០១១ និង​ទទួលបាន​ការដំឡើងឋាន​ន្ត​រ​ស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ដោយ​ព្រះរាជក្រឹត្យចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៤​។​

លោក ទៀ សី​ហា ​ជាសមាជិក​គណៈកម្មាធិការ​កណ្តាល ​គណបក្ស​ប្រជាជន​កម្ពុជា។​ ​ក្រៅពី​បំពេញការងារ​ជា​នាយទាហានជាន់ខ្ពស់​ នៃ​កង​យោពល​ខេមរភូមិន្ទ និង​ការងារ​ផ្នែក​សង្គម​នៅតាម​បណ្ដា​មូលដ្ឋាន​នានា ជាមួយ​ក្រុមយុវជនរ​បស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោកក៏មានតួនាទីជាសមាជិកអចិន្ត្រៃយ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបនឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងមហាសន្និបាតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ៕

ណែនាំ​ឲ្យ​ស្គាល់អភិបាលខេត្ត​វ័យ​ក្មេង​នៅ​សៀមរាប បញ្ចប់​សិក្សា​នៅបារាំង ធ្លាប់ចូលហាត់​ទាហាន​នៅ​រាជបណ្ឌិត្យសភា​យោធា​របស់​ប្រទេស​បារាំងទៀត
85 Shares