អាជ្ញាធររាជធានីភ្នំពេញ គ្រោងបង្រួមតំបន់ក្រហម មកនៅទំហំតូចជាងមុន

សង្គម​និង​សេដ្ឋកិច្ច

អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ មកនៅទំហំតូចជាងមុន។ ការជូនដំណឹងក្រៅផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរងាយស្រួលជាងមុន ខណៈដែរការឆ្លងរាលដាលជំងឺកូវីដ-១៩ បានថយចុះ ពីចំនួនជាង៥០០នាក់ មកនៅត្រឹមជាង ២០០នាក់ក្នុងមួយថ្ងៃ ហើយការបង្រួមនេះ អាចបង្រួមមកត្រឹមបិទខ្ទប់លំនៅដ្ឋាន ដោយមិនបិទ ភូមិ សង្កាត់ទាំងមូលនោះទេ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ឧសភា ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ស្ថានភាពអ្នកឆ្លង covid-19 នៅភ្នំពេញកើនឡើងពីជាង៤០០ទៅ៥០០នាក់ក្នុងមួយថ្ងៃ តែសម្រាប់ទូរលេខថ្ងៃនេះ អ្នកឆ្លង covid-19បានធ្លាក់ចុះមកនៅត្រឹមតែជាង២០០នាក់ប៉ុណ្ណោះ ដែលនេះ ជាសញ្ញាមួយបង្ហាញពីការថយចុះច្រើនអ្នកជម្ងឺកូវីដ-១៩ ។ ដូច្នេះជាវិធានការ របស់រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាដើម្បីរៀបចំតំបន់ក្រហមទាំងនេះ ឲ្យមកនៅរួមតូចជាងមុនឬអាចឈានទៅដល់ការបិទខ្ទប់ត្រឹមតែលំនៅដ្ឋានដែលមានបញ្ហាប្រឈមតែប៉ុណ្ណោះ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ បំពេញការងារនិងរកស៊ីបាន៕

ប្រភព៖ ទទក