ឧកញ៉ា ផន វណ្ណិត បង្ហើបក្បួនរៀបចំផែនទីជីវិតដ៏រឹងមាំតាមទ្រឹស្តីព្រះពុទ្ធសាសនាសម្រាប់យុវវ័យ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ផន វណ្ណិត គឺជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ រាជសន្តុសិត និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា។ លោកក៏ជាអតីតព្រះសង្ឃមួយអង្គដែលមានការសិក្សាជ្រៅជ្រះខ្ពង់ខ្ពស់នៅបរទេស និងជាសាស្រ្តាចារ្យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មនុស្សជាច្រើនកំពុងដើរតាមអាជីពរបស់ខ្លួនដោយទទួលបាននូវភាពជោគជ័យ ប៉ុន្តែក៏មានមនុស្សមួយចំនួនដែលមិនបានជោគជ័យជាមួយអាជីព ហើយថែមទាំងបោះបង់ក្តីស្រមៃចោល។ បញ្ហាចោទមួយទៀត គឺនៅពេលបើកអាជីកម្មឲ្យកាន់តែរីកចម្រើន គឺត្រូវដឹកនាំមនុស្សក៏ជារឿងដ៏សំខាន់ផងដែរ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកឧកញ៉ា ផន វណ្ណិត បានលើកឡើងថា៖ “ខ្លួនក្រខ្វះប្រាក់ មិនមែនជាឧបសគ្គក្នុងការរស់នៅ ហេតុដូច្នេះ ប្រសិនបើយើងនៅតែក្រចំណេះ ក្រសកម្មភាព ក្រគោលដៅលទ្ធផលចុងក្រោយគឺនៅតែក្រដដែល។ យើងត្រូវតែមានផែនទីជីវិតដើម្បីបង្ហាញផ្លូវឲ្យច្បាស់លាស់ទើបទទួលបានជោគជ័យ។”

លោកឧកញ៉ាក៏បានបើកកកាយនូវទ្រឹស្តីរបស់ព្រះពុទ្ធសាសនាដែលអ្នកវិនិយោគ ឬអ្នកប្រកបការងារក្នុងជីវិត​គួរតែសិក្សាគោលការណ៍ឥទ្ធិបាទធម៌ ៤ របស់ព្រះពុទ្ធដើម្បីទទួលបានជោកជ័យ ដូចខាងក្រោម៖

១ ឆន្ទ: ដើម្បីជោគជ័យក្នុងការធ្វើកិច្ចការណាមួយ ទោះបីការសិក្សាក្តី ការប្រកមុខជំនួញផ្សេងៗក្តី អ្នកត្រូវតែមានឆន្ទ:មោះមុតនិងបំណងច្បាស់លាស់ក្នុងការធ្វើកិច្ចការទាំងនោះ។

២ វីរិយ: កិច្ចការទាំងអស់បើមិនមានការព្យាយាមប្រឹងប្រែងបំពេញទេ សូម្បីតែបានមកដល់ដៃអ្នកហើយ ក៏អាចបាត់បង់ទៅវិញបានដែរ។ ជីវិតរបស់យើងនឹងដើរថយក្រោយគ្មានជំហានឈានទៅរកភាពជោគជ័យបានឡើយ។ ដូចនេះបើមានឆន្ទ:មុះមុតហើយតែគ្មានការប្រឹងប្រែងព្យាយាមធ្វើទេ អ្នកមិនអាចសម្រេចនូវជោគជ័យក្នុងជីវិតបានឡើយ។

៣ ចិត្ត: ការយកចិត្តទុកដាក់លើកិច្ចការងារ។ ការងារមួយចំនួនទោះបីអ្នកមានការស្ទាត់ជំនាញក៏ដោយ បើខ្វះការយកចិត្តទុកដាក់ផ្ចិតផ្ចង់ ធ្វើដោយប្រថុយប្រថានមិនច្បាស់លាស់ ប្រាកដណាស់ថាកិច្ចការនោះនឹងមិនអាចធ្វើបានល្អឡើយ។

៤ វិមំសា បញ្ញាដែលពិចារណាធ្វើយ៉ាងណាទើបការងារនោះដើរទៅមុខបាន។ ការងារទាំងអស់មិនមែនសម្រេចបានដោយសារមានតែកម្លាំងបាយទេ គឺទាល់តែមានប្រាជ្ញាឈ្លាសវៃ ទើបសម្រេចបានផលបានល្អ។ ដូច្នេះ ដើម្បីបំពេញកិច្ចការណាមួយឲ្យបានជោគជ័យ អ្នកត្រូវមានឆន្ទ: សេចក្តីព្យាយាម ការយកចិត្តទុកដាក់លើកិច្ចការនោះ និងចុងក្រោយត្រូវមានបញ្ញា ប្រើយុទ្ធសាស្រ្តឲ្យបានត្រឹមត្រូវ។

លោកឧកញ៉ាបានបញ្ជាក់ថា ប្រសិនបើអ្នកជំនួញ ឬអ្នកកំពុងប្រកបការងារ យល់ពីទ្រឹស្តីរបស់ព្រះពុទ្ធដែលមានតម្លៃគ្រប់សម័យកាលសម្រាប់អនុវត្តហើយ ភាពជោគជ័យដ៍អស្ចារ្យប្រាកដជាកើតមាន។ លោកថាចំណេះកើតគំនិត ការប្រព្រឹត្តិកើតជាផល៕