ដំណឹងល្អសម្រាប់សហគ្រិនក្នុងស្រុក! កម្ពុជា-អូស្ត្រាលី ​ប្តេជ្ញា​បង្កើនទំហំពាណិជ្ជកម្មទ្វេភាគីលើគ្រប់វិស័យ​​

សង្គម​និង​សេដ្ឋកិច្ច

នាព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ក្នុងជំនួបពិភាក្សា​ការងារ​រវាង​លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រ​សួងពាណិជ្ជកម្ម ​ជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ ភាគីទាំងពីរ​ប្តេជ្ញានឹង​បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិ្តការគ្រប់វិស័យ​​ពាក់ព័ន្ធជាមួយគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងលោកឯកអគ្គរាជទូត បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការវិវត្តនានាក្នុងបរិបទពាណិជ្ជកម្ម​ពហុភាគី ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ នាពេលខាងមុខ។

លោក Pablo Kang ថ្លែង​ថា អូស្ត្រាលី​នឹងចាប់ផ្តើមដាក់ចេញនូវគំនិតផ្តួចផ្តើមជំរុញ ការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) ដើម្បីសម្រួលឱ្យការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលី ឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ សំដៅលើកកម្ពស់ភាពធន់នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ​។

ដោយទ្បែក្នុងក្របខ័ណ្ឌទ្វេភាគី ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម ក្រោមជំនួយរបស់អូសា្រលី រួមមាន ការពង្រឹងនិងការកសាងសមត្ថភាពមន្រ្តីពាណិជ្ជកម្ម ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្ម ការបន្តអនុវត្តកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក​​ជាដើម។​

ជាទីបញ្ចប់ លោករដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះភាគីអូស្រ្តាលី ដែលបានបន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា និងវិស័យពាក់ព័ន្ធនានា។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី លើកម្ពស់កិច្ចសហប្រតិ្តការលើវិស័យពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ ជាពិសេសទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ៕