អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់

សង្គម​និង​សេដ្ឋកិច្ច

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៤ ខែឧសភា នេះ បានចេញមកប្រតិកម្មទៅលោកមេធាវី កង ឬទ្ធិគីរី ដែលផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកពីករណីលោកទិញសៀវភៅ ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ​ ១០០ដុល្លារ ក្នុង​ ១ក្បាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក គឹម សន្តិភាព មានប្រសាសន៍ថា៖ ការផ្សព្វផ្សាយរបស់លោកមេធាវីលើករណីទិញសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌពីក្រសួងយុត្តិធម៌ក្នុងតម្លៃ​ ១០០ដុល្លារក្នុង​ ១ក្បាលនោះ គឺជាការផ្សព្វផ្សាយបំភ្លៃមួលបង្កាច់មកលើក្រសួងយុត្តិធម៌ទាំងស្រុង ព្រោះក្រសួងយុត្តិធម៌ពុំដែលមានយន្តការណាមួយបោះពុម្ភសៀវភៅនេះដើម្បីលក់នោះទេ ។

លោកថា រឿងលោកទិញសៀវភៅពីបុគ្គលណាមួយនោះជារឿងរបស់លោក និងបុគ្គលនោះ មិនពាក់ព័ន្ធនឹងក្រសួងឡើយ។ ក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនសាធារណជនជ្រាបថា៖ សៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្រសួងយុត្តិធម៌បានបោះពុម្ភផ្សាយតែម្តងគត់នាពេលកន្លងទៅ​ ក្នុងអំឡុងឆ្នាំ២០១៣ ដោយប្រើប្រាស់ថវិកាជំនួយរបស់ភាគីបារាំង និងថវិការបស់ជាតិ ហើយបានចែកផ្សាយទូទាំងប្រទេសដោយឥតគិតថ្លៃដល់អ្នកពាក់ព័ន្ធទាំងអស់ជាអាទិ៍ មន្ត្រីអនុវត្តច្បាប់ និងគ្រូបង្រៀនផងដែរ រួចរាល់អស់ហើយ ដោយពុំមានការចែកផ្សាយសៀវភៅនេះបន្តទៀតទេ ។

លោកបានបញ្ជាក់ថា ជំនួសអោយការចែកផ្សាយសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះ ក្រសួងយុត្តិធម៌ បានផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនេះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ដែលអាចអនុញ្ញាតអោយបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ទាញយកឯកសារផ្លូវការនេះមកប្រើប្រាស់ដោយគ្មានការគិតថ្លៃនោះឡើយ ។

ក្រសួងយុត្តិធម៌ សូមសម្តែងការសោកស្តាយចំពោះការផ្សព្វផ្សាយដោយគ្មានការទទួលខុសត្រូវក្នុងនាមលោកជាអ្នកដែលមានវិជ្ជាជីវៈច្បាប់មួយរូបដែរនោះ និងសូមលោកមេធាវី កង ឬទ្ធិគីរី កែតម្រូវការផ្សព្វផ្សាយរបស់ខ្លួនឡើងវិញជាបន្ទាន់៕