ក្រុមហ៊ុន Vtrust Appraisal និង CBC សហការផ្តល់សេវា​វាយតម្លៃ​អចលនទ្រព្យ​តាម​ប្រព័ន្ធឌីជីថលទំនើប

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​វី​ត្រាស់ អឹ​ព្រេ​ហ្ស​ល បានសម្រេច​កិច្ច​សហ​ការតភ្ជាប់​ប្រព័ន្ធ​វាយតម្លៃ​អចលនទ្រព្យ​តាម​ឌីជីថល​របស់ខ្លួន ទៅ​ប្រព័ន្ធ​វាយតម្លៃ​ហានិភ័យ​ឥណទាន​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (​ស៊ី​ប៊ី​ស៊ី​) ដែលជា​ការបើក​ទំព័រ​ថ្មី​មួយ​ នៃ​ការអភិវឌ្ឍ​សេវា​វាយតម្លៃ​អចលនទ្រព្យ​តាម​ឌីជីថល​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន​ទាំងពីរ​បានរៀបចំ​ពិធី​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MoU) នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ ខែឧសភា​នេះ ដោយ​ការព្រមព្រៀង​ធ្វើ​សមាហរណកម្ម កម្មវិធី​វាយតម្លៃ​អចលនទ្រព្យ​តាម អ៊ី​ន​ឌី​ខេ​សិន ផ្លើស ភ្លេ​ត​ហ្វ​ម (Indication Plus Platform) របស់​ក្រុមហ៊ុន​វី​ត្រាស់ អឹ​ព្រេ​ហ្ស​ល ទៅ ភ្លេ​ត​ហ្វ​ម​នៃ​ឧបករណ៍​វាយតម្លៃ​ឥណទាន​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា (​ស៊ី​ប៊ី​ស៊ី​)​។ ពិធី​នេះ​បានធ្វើ​ឡើង​តាម​ប្រព័ន្ធ​វី​ឌី​អូ Zoom ដោយមាន​ការចុះហត្ថលេខា​លើ MoU ដោយ​លោក វង្ស សុ​ខាល ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​វី​ត្រាស់ អឹ​ព្រេ​ហ្ស​ល និង​លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា ។​

​លោក វង្ស សុ​ខាល​បាន​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​ថា កិច្ចសហការ​នេះ​នឹង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ជំរុញ​ឲ្យ​ការប្រើប្រាស់​សេវា​វាយតម្លៃ​អចលនទ្រព្យ​កាន់តែ​ទូលំទូលាយ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ ដោយសារ​ថា អ៊ី​ន​ឌី​ខេ​សិន ផ្លើស ភ្លេ​ត​ហ្វ​ម (Indication Plus Platform) ជា​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ទំនើប​បែប​ឌីជីថល ដែល​អាច​វិភាគ និង​ចេញ​ជា​របាយការណ៍​វាយតម្លៃ​អចលនទ្រព្យ​សង្ខេប និង​មាន​លក្ខណ​ពេញលេញ​ដោយ​ស្វ័យប្រវត្តិ ថែមទាំង​មានការ​រៀបចំ​ចង​ជា​ប្រព័ន្ធ​រូបមន្ត​ត្រឹមត្រូវ​ដោយ​អ្នកជំនាញ និង​តាម​ស្តង់ដា​វាយតម្លៃ​អចល​ទ្រព្យ​អន្តរជាតិ​។ លើសពីនេះ អ្នកប្រើប្រាស់​ទាំងអស់​អា​ច​ពិនិត្យមើល​ការវិវត្តន៍​នៃ​ដំណើរការ​វាយតម្លៃ​ចាប់ពី​ពេល​បានដាក់​បញ្ជូន​សំណើ រហូតដល់​ចេញ​ជា​របាយការណ៍​វាយតម្លៃ​សង្ខេប​ជា​ស្ថាពរ​។

លោក​ថ្លែងថា​៖«​តាមរយៈ​សេវា អ៊ី​ន​ឌី​ខេ​សិន ផ្លើស ភ្លេ​ត​ហ្វ​ម នេះ លោកអ្នក​អាច​ចូល​ប្រើ និង​ស្នើ [​ការវាយតម្លៃ​អចលនទ្រព្យ​] បាន​គ្រប់ពេលវេលា ងាយស្រួល ឆាប់រហ័ស​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ព្រមទាំង​បានដឹង​ពី​តម្លៃ​អចលនទ្រព្យ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស ដែល​អ្វីៗ​ស្ថិតក្នុង​ដៃ​របស់​លោកអ្នក​តែម្តង​»​។ លោក សុ​ខាល បញ្ជាក់ថា​៖«​លោកអ្នក​អាច​ចូល​ពី​ការិយាល័យ​កណ្តាល មើល​សំណើទាំងអស់​របស់​ក្រុមការងារ របស់​គ្រប់​បណ្តាញ​សាខា និង​ស្ថាប័ន​របស់លោក​អ្នក​ទាំងស្រុង និង​ភ្លាមៗ​យ៉ាង​ងាយស្រួល រហ័ស តាមរយៈ អ៊ី​ន​ឌី​ខេ​សិន ផ្លើស ភ្លេ​ត​ហ្វ​ម ដែល​ផ្ទុក​ទិន្នន័យ​ទូលំទូលាយ និង​មាន​វិសាលភាព​នៅ​ទូទាំងប្រទេស​»​។

​យោងតាម​ការបញ្ជាក់​ពី​អ្នកជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ការ​មាន​សេវា​វាយតម្លៃ​អចលនទ្រព្យ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ មាន​តម្លាភាព និង​វិសាលភាព​ទូលំទូលាយ ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញវត្ថុ ជាពិសេស​សម្រាប់​ការស្នើ​សេវាកម្ម​កម្ចី​។ មូលហេតុ​គឺថា អ្នកទទួល​កម្ចី​ទាំងអស់​ដែល​ដាក់​ទ្រព្យ​ជាវ​ត្ថុ​ធានា នឹង​ទទួលបាន​ទំហំ​កម្ចី​សមស្រប​តាម​តម្លៃ​ទ្រព្យ​ធានា និង​លទ្ធភាព​អាច​សង​ត្រ​ទ្ប​ប់​វិញ ខណៈ​ស្ថាប័នហិរញ្ញវត្ថុ​ដែលជា​អ្នកផ្តល់​កម្ចី​វិញ អាចធ្វើ​ការវាយតម្លៃ​ពី​លទ្ធភាព​របស់​អតិថិជន​បាន​ត្រឹមត្រូវ និង​ចៀសវាង​ហានិភ័យ​នានា ស្របតាម​បទបញ្ញត្តិ​គ្រប់គ្រង​ហានិភ័យ​ឥណទាន​ដែល​បានដាក់​ចេញ និង​ណែនាំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។

លោក អឿ សុធា​រ័ត្ន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ក្រុមហ៊ុន​ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) បាន​មានប្រសាសន៍ថា ការសម្រេច​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា នៅថ្ងៃនេះ​នឹង​ជួយ​បង្កើន​ដំណោះស្រាយ និង​ពង្រឹង​ប្រសិទ្ធភាព​ប្រតិបត្តិការ​ផ្តល់នូវ​សេវា​ព័ត៌មាន​ហិរញ្ញវត្ថុ ឧបករណ៍​វិភាគ​ទិន្នន័យ និង របាយការណ៍​ឥណទាន ទៅដល់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ថ្លែងថា​៖«​បើ​យើង​មើល​ទំហំ​ឥណទាន​សរុប​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ យើង​ឃើញថា ជាង ៥០ ភាគរយ​នៃ​ឥណទាន​ដែល​បាន​បញ្ចេញ​លើ​ទីផ្សារ​គឺជា​ឥណទាន​ដែលមាន​ការធានា​ដោយមាន​ទ្រព្យ​បញ្ចាំ ហើយ​ក្នុងនោះ​ទ្រព្យ​បញ្ចាំ​ភាគច្រើន​ទៀត​គឺជា​ដីធ្លី និង​ផ្ទះសម្បែង ដែល​ប្រតិបត្តិការ​នេះ​មាន​ខ្ទង់​ប្រហែលជា ១៥០ ០០០ ទៅ ២០០ ០០០ ប្រតិបត្តិការ​ក្នុង​មួយខែ​»​។

​លោក​បន្តថា​៖«​ខ្ញុំ​សង្កេតឃើញថា វី​ត្រាស់​ជា​ក្រុមហ៊ុន មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​ជំហរ​ច្បាស់លាស់​យូរអង្វែង ហើយ​ជា​ក្រុមហ៊ុន​មួយ​ដែល បាន​បម្រើ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ជា​យូរ​មកហើយ​គឺ​តាំងពី​ឆ្នាំ ២០០៤ មកម្ល៉េះ​។ ខ្ញុំ​ក៏​សូម​កោតសរសើរ​មែនទែន​នៃ​ដំណើរការ​នៃ​ការកសាង​គ្រឹះ​ឌីជីថល ដែលជា​ដំណោះស្រាយ​យ៉ាង​ឈ្លាសវៃ​មួយ​នៅក្នុង​ការវាយតម្លៃ​អចលនទ្រព្យ ដែល​អាច​ផ្លាស់ប្តូរ​នូវ​របៀបការ​វាយតម្លៃ​អចលនទ្រព្យ​ដែល​កំពុងតែ​ប្រើប្រាស់​ក្នុង​ទីផ្សារ​សព្វថ្ងៃ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​»​។​

​របាយការណ៍​ត្រីមាស​ទី​១ ឆ្នាំ​២០២១ របស់​ស៊ី​ប៊ី​ស៊ី​បាន​បង្ហាញថា គិត​ត្រឹម​ដំណាច់ខែ​មីនាឆ្នាំ ២០២១ នេះ ឥណទាន​អចលនទ្រព្យ​មាន​ចំណែក​ដល់​ទៅ ៥១,៧២ ភាគរយ នៃ​សមតុល្យ​ឥណទាន​បុគ្គល​សរុប​នៅ​កម្ពុជា ១០,៣៩ ពាន់​លាន​ដុល្លារ​៕