រឿងរ៉ាវឧកញ៉ា ៦រូប ធ្វើឲ្យគក្រើកលើបណ្តាញសង្គម

ជុំវិញ​ឧកញ៉ា

ត្រឹមរយៈពេល ៥ខែដើមឆ្នាំ២០២១នេះ មហាជនអ្នកលេងបណ្តាញសង្គម ហាក់មានការភ្ញាក់ផ្អើល និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ចំពោះរឿងរ៉ាវវិវាទរបស់ឧកញ៉ាៗ ៦រូប ដែលជួបរឿងអាស្រូវគ្រួសារ ស្នេហា និងបញ្ហាសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

១.លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី

កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ច​បានចុះទៅចាប់ខ្លួនឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធបណ្ដឹងបរិហាកេរ្ដិ៍។ ប៉ុន្ដែការចាប់ខ្លួនមិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី បានគេចចេញពីផ្ទះរបស់ខ្លួន ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។

នៅថ្ងៃសុក្រទី២៩ខែមករាឆ្នាំ២០២១ លោកជំទាវឧកញ៉ា អ៊ាន សៀវមុី​ បានចូលខ្លួនមកបំភ្លឺនៅតុលាការរាជធានីភ្នំពេញ ក្រោយពីការសាក់សួរតុលាការសម្រេចឲ្យឧកញ៉ា អ៊ាន សៀវមុី ត្រឡប់ទៅគហេដ្ឋានវិញ។ រឿងរ៉ាវដែលនាំឲ្យកើតជាការប្តឹងផ្តាល់ទៅតុលាកានោះគឺដើមចមដោយសារតែឧកញ៉ាអ៊ាន សៀវម៉ី បានឡាយតាមបណ្តាញសង្គមហ្វេសប៊ុក ជេប្រមាតទៅលើក លោកស្រី ទ្រី ដាណា ទើបគាត់សម្រេចចិត្តដាក់ពាក្រប្តឹងទៅតុលាការ។

២.អតីតឧកញ៉ា ឌួង ឆាយ

អតីតភរិយា លោក ឌួង ឆាយ គឺអ្នកស្រី ដេត មាលីណា បានបង្ហោះវីដេអូដែលយកមកពីកាមេរ៉ាសុវត្ថិភាព ពីសកម្មភាពអតីតស្វាម៉ី បានប្រើអំពើហិង្សាមកលើខ្លួនកាលពីខែធ្នូ ឆ្នាំ២០២០ ក្នុងចេតនា ដើម្បីបកស្រាយការពិត និងទាមទារនូវយុត្តិធម៌។

ក្រោយបែកធ្លាយវីដេអូបង្ហាញពីសកម្មភាពប្រើអំពើហិង្សាលើអតីតភរិយា ឧកញ៉ា ឌួង ឆាយ ដែលជាកូនប្រុសបង្កើតរបស់ឧកញ៉ា ឌួង ងៀប ត្រូវបានប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ សម្រេចបញ្ចប់មុខងារជាឧកញ៉ា។

យ៉ាងណាកាលថ្ងៃទី១៦ ខែមីនា លោក ដួង ឆាយ បានបំភ្លឺអំពីវីដេអូបែកធ្លាយនោះថា មុននឹងឈានដល់ការប្រើអំពើហិង្សាបែបនេះ គឺមានហេតុផលខ្លះដែលអតីតភរិយាគាត់មានចេតនាញុះញង់ឲ្យគាត់ខឹងក្នុងបំណងដើម្បីថតវីដេអូនេះទុក ដែលបានប្រើពាក្យមិនសមរម្យ និងជេរប្រមាថលើក្រុមគ្រួសាររបស់លោកជាដើម។

ទោះបីជាយ៉ាងនេះក្តីក្រសួងកិច្ចការនារី ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសលោក ឌួង ឆាយ ចំពោះការប្រើអំពើហិង្សាក្នុងគ្រួសារ លើអតីតភរិយារបស់ខ្លួន។ ក្រសួងបានចាត់ទុកអំពើហិង្សាគ្រប់ទម្រង់និងគ្រប់រូបភាពណាក៏ដោយ ជាអំពើមិនអាចទទួលយកបាន ហើយក៏មិនអាចអត់ឱនឱ្យបានដែរ។

រីឯជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធ ត្រូវទទួលបានកិច្ចការពារដោយច្បាប់និងសង្គម ហើយអ្នកដែលប្រព្រឹវទទួលខុសត្រូវចំពោះមុខច្បាប់។

៣.លោកឧកញ៉ា ប៉ែន លឹម

លោក ប៉ែន លឹម បានប្រើប្រាស់​ស្លាក​លេខ​មិន​ត្រឹមត្រូវ​បំពាក់រថយន្ត​ របស់​ខ្លួន​ម៉ាក​ Highlander​ ពណ៌​ស​ ដោយដាក់ថា «កម្ពុជា ឯកឧត្តម ឧកញ៉ា ប៉ែន លឹម»និង​បាន​ប្រើប្រាស់ពាក្យសម្តី​ជេរប្រមាថគេឯងពេញបណ្តាញ​សង្គម​ហ្វេ​ស​បុក​។ 

នៅ​​ម៉ោង​៤​​រសៀល​ ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២១ លោក​ត្រូវ​បានសមត្ថកិច្ចនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ ធ្វើការ​កោះហៅ​ដើម្បី​ឲ្យចូលខ្លួន​មក​បំភ្លឺ​ ចំពោះ​មុខ​សមត្ថកិច្ច ក៏​បាន​ទទួលស្គាល់​នូវ​កំហុស​ខុសឆ្គងរបស់ខ្លួន និង​បាន​ដោះ​ស្លាក​លេខ​មិន​ត្រឹមត្រូវ​នេះ​ចេញ​ ដោយ​បាន​ធ្វើកិច្ចសន្យា​ និង​សុំ​ទោស​ជា​សារ​ណ​:​ចំពោះ​ការ​ពាក់​ស្លាក​លេខ​មិន​ត្រឹមត្រូវ​នេះ​ ហើយ​ក៏​បាន​ធ្វើការ​ថត​ជា​វិ​ដេ​អូ​សុំ​ទោស​ជា​សាធារណ​:​ ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​នៅ​លើបណ្តាញ​សង្គម​។​

លោក​ ប៉ែន​ លឹ​ម​ មានអាយុ​៤៩​ឆ្នាំ​ មុខរបរនៅផ្ទះ រស់នៅ​សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។

៤.លោកឧកញ៉ា ហេង សៀ

ជម្លោះរវាងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា បាន​​ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពី​ឃើញវី​ដេអូរបស់កញ្ញា មាន ពេជ្ររីតា យំត្អូញត្អែររៀបរាប់ពីការបៀតបៀនរាងកាយនាងពីសំណាក់​ឧកញ៉ា ហេង សៀ កាលពីថ្ងៃ៤ ខែឧសភា។

លោកឧកញ៉ា ហេង សៀ បានដាក់ពាក្យប្តឹងពិធី​ការិនី​ស្ថានីយ៍ទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ពីបទ « លួច​មាន​ស្ថាន​ទម្ងន់ទោស » កើតឡើងកាលពី​ថ្ងៃទី​៤ ខែឧសភា​ឆ្នាំ​២០២១ វេលា​ម៉ោង​១៥.០៦​នាទី នៅ​ចំណុច​ផ្លូវ​លេខ​១៣៨ កែង​ផ្លូវ​លេខ​២៥៩ ក្រុម​ទី​២៨ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ចំពោះ​មូលហេតុ​ដែល​នារី​ឈ្មោះ យូ​ប៊ី អាច​លួច​ទូរស័ព្ទ​ពី​ឧកញ៉ា​បាន ដោយសារតែ​ពួកគេ​កន្លងទៅ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ស៊ី​ជម្រៅ​នឹង​គ្នា ទើប​ស្ត្រី​ឈ្មោះ​យូ​ប៊ី​អាច​ឆ្លៀត​ឧកាស​លួច​យក​ទ្រព្យ​របស់​ឧកញ៉ា ហេង សៀ បាន។

ភ្លាមៗ ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យបណ្តឹងតបទៅលោក ឧកញ៉ា ហេង សៀ ពីបទ​ប៉ុនប៉ង​រំលោភរូបនាងក្នុង​រថយន្ត នៅ​ម្តុំ​ផ្សារ​គីឡូម៉ែត្រ​លេខ ៤ ជិត​សាកលវិទ្យាល័យ អាស៊ី​អឺរ៉ុប កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២១​ និងទាមទារសំណងជំងឺចិត្តចំនួន ១០ ម៉ឺនដុល្លារ (១០០,០០០) ព្រមទាំងការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ ម៉ឺន​ដុល្លារ។

ជុំវិញ​ករណី​ទំនាស់ រវាង​ឧកញ៉ា ហេង សៀ និង​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី ទូរទស្សន៍ My TV រហូតដល់​មានការ​ប្តឹង ចោទប្រកាន់​គ្នា ទៅវិញទៅមក ក្នុងនោះ ភាគី​ឧកញ៉ា ហេង សៀ បាន​ប្តឹង​កញ្ញា មាន ពេជ្រ​រីតា ទាក់ទង​នឹង​ការបង្ក​របួសស្នាម និង​ការ​លួច​យក​ទូរស័ព្ទ ។ ចំណែកឯ កញ្ញា មាន ពេជ្រ​រីតា បាន​ចោទប្រកាន់ ឧកញ៉ា ហេង សៀ ថា​បាន​ប៉ុនប៉ង​រំលោភ សេពសន្ថវៈ លើ​រូបនាង​។​ គិតមកដល់ពេលនេះសំណុំរឿងខាងលើមិនទាន់បានចេញជាផ្លែផ្កានៅឡើយទេ។

៥.លោកឧកញ៉ា ឃន ឈុនដារ៉ា

កូនប្រសាឧកញ៉ា ហេង សៀ ឧកញ៉ា ឃន ឈុនដារ៉ា និងភរិយាគឺលោកស្រី តាំង គឹមហៀង ត្រូវបានចាប់ខ្លួនពីបទជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាស ដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

ក្រោយពីតុលាការសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស្រាវជ្រាវលើ ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គឹមហៀង ដែលត្រូវជាកូនប្រសារនិងកូន​បង្កើតរបស់ឧកញ៉ា ហេង សៀ  ចំនួន២ថ្ងៃ ពួកគេទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានជ្រើសរើសមនុស្សប្រុសម្នាក់និងស្រីម្នាក់ដែលមានភិនភាគប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្តែងអង្គហេតុនៃជម្លោះដែលកើតមានឡើងលើកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ នៅក្នុងរថយន្តកើតហេតុ ព្រមទាំងមានវីដេអូឃ្លីបធ្វើត្រាប់តាមអង្គហេតុក្នុងរថយន្តផងដែរ ប៉ុន្តែពុំឃើញមានភស្តុតាងផលិតវីដេអូឃ្លីបអាសអាភាសឬរូបភាពអាសអាភាសដែលត្រូវបានចែកចាយក្នុងសង្គមឡើយ។ 

ករណីនេះ តុលាការសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គឹមហៀង ឱ្យមានសេរីភាពវិញនៅរសៀលថ្ងៃទី១៧ ខែឧសភា នេះ ក្រោយពីពួកគេធ្វើលិខិតសុំទោសជាសាធារណៈ ពាក់ព័ន្ធនឹងការចែកចាយរូបអាសអាភាសដែលមិនមានប្រភពច្បាស់លាស់នៅក្នុងបណ្តាញសង្គម WhatsApp និង Telegram ឱ្យទៅមនុស្សចំនួន៧នាក់។

៦.លោកឧកញ៉ា ឌួង ងៀប

លោកជំទាវ ខុង លីស៊ីអាណា ដែលត្រូវជាម្ដាយបង្កើតរបស់ លោកឧកញ៉ា ឌួង ឆាយ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា បានធ្វើសន្និសីទសារព័ត៌មានមួយ ស្ដីពីការស្នើសុំទៅខាងស្ថានប័នពាក់ព័​ន្ធ បន្តស្វែងរកយុត្តិធម៌សម្រាប់លោកជំទាវផ្ទាល់ រួមទាំងកូនប្រុសលោក ឌួង ឆាយ។

លោកស្រី​ ខុង លីស៊ីអាណា ឱ្យ​ដឹង​ថា ស្វាមី​របស់​ខ្លួន​​មិន​បាន​ភ្ញាក់​រលឹក​ដឹង​កំហុស​ខ្លួន​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់ធ្ងរ​ចំ​ពោះ​កូន​ ឌួង ឆាយ ហើយ​ថែម​ទាំង​ប្ដឹង​លែង​លះ​លោក​ស្រី និង​ជំរុញ​តុលាការ​ឱ្យ​កោះ​ហៅ​លោកស្រី​ជា​លើក​ទី​២​ដើម្បី​ចូល​ខ្លួន​ទាញ​ហេតុ​ផល​ដើម្បី​លែង​លះ។​​

នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោកឧកញ៉ា ឌួង ងៀប និងលោក​ជំទាវ ខុង លីស៊ីអាណា បានទៅកាន់តុលាការតាមដីកាកោះហៅដើម្បីលែងលះ ប៉ុន្តែពុំបានសម្រេចឡើយ ដោយសារភាគីខាងប្រពន្ធមិនយល់ព្រម។

ឧកញ៉ា ឌួង ងៀប នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២នេះ បានចេញមកបំភ្លឺរឿងរ៉ាវជម្លោះគ្រួសារអភិជន ដែលកំពុងប្តឹងផ្តល់គ្នាឡើងតុលាការ លោកថា មូលហេតុ​ដែល​ខ្ញុំ​ចាក​ចេញ​ពី​ផ្ទះ​នោះ​ដោយ​ភរិយា​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ថ្មី​ ដើម្បី​គ្រប់គ្រង​រូប​ខ្ញុំ មាន​ពេល​មួយ​ខ្ញុំ​គ្រាន់តែ​ទៅ​ខេត្ត​តែ​មួយ​យប់​ទេ ហើយ​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ ខោអាវ និង​សម្ភារៈ​របស់ខ្ញុំ​ប្រើ​ត្រូវ​បាន​គាត់​ប្រើ​ឱ្យ​កូនចៅ​យក​ទៅ​ដុត​កម្ទេច​ចោល​អស់​ព្រមទាំង​បង្ហោះ​វិីដេ​អូ​ទៀត ។

សូមជម្រាបជូថា គិតមកដល់ថ្ងៃទី៣១ ខែឧសភា នេះ សំណុំរឿងប្តឹងផ្តល់លែងលះរបស់ភរិយាលោកស្រី ខុង លីស៊ីអាណា ជាមួយលោកឧកញ៉ា ឌួង ងៀប កំពុងស្ថិតក្នុងដៃតុលាការនៅឡើយ៕