ឧកញ៉ា គួច ម៉េងលី បង្ហាញ​ផ្លូវ​ អ្នក​ធ្លាក់​បាក់​ឌុប ឲ្យ​ជោគជ័យ​

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច
0 Shares

លទ្ធ​ផល​ប្រ​ឡង​បាក់ឌុប​ឆ្នាំ ២០១៩ បាន​​ប្រកាស​ទូទាំង​ប្រទេស​កាល​ពី​ម្សិល​មិញ​ហើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជាប់​មាន​ទាំង​អ្នក​ធ្លាក់។ សម្រាប់​អ្នក​ជាប់​មិន​ចោទ​ជា​បញ្ហា​ឡើយ ប៉ុន្តែ​សម្រាប់​អ្នក​ធ្លាក់​ប្រហែល​ជា​ត្រូវ​គិត​ច្រើន ថា​ត្រូវ​រៀន​ថ្នាក់​ទី១២​ឡើង​វិញ​ឬ រៀន​យក​បរិញ្ញាបត្ររង​តែ​​ម្ដង។ ដើម្បី​​រួម​ចំណែក​ក្នុង​ការ​បង្ហាញ​ផ្លូវ លើ​ប្អូនៗ​ដែល​​ប្រលង​ធ្លាក់​បាក់ឌុប​នេះ លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាន​បង្ហាញ​ផ្លូវ​មួយ​ចំនួន ដើម្បី​ឲ្យ​ប្អូនៗ អនុវត្តន៍​ទៅ​ជោគជ័យ។

លោក ឧកញ៉ា វេជ្ជបណ្ឌិត ​បាន​លើក​ឡើង យ៉ាង​ដូច​នេះ​ថា”បើក្មួយៗធ្លាក់បាក់ឌុប គួរកុំរៀនថ្នាក់ទី១២ឡើងវិញ តែគួររៀន បរិញ្ញាបត្ររងក្មួយៗ ដែលប្រឡងធ្លាក់បាក់ឌុប គួរកុំទាន់បាក់ទឹកចិត្ត ឬអស់សង្ឃឹម ព្រោះ​ក្នុងវិស័យការងារ គេមិនខ្វល់ថាយើង ជាប់ ឬធ្លាក់បាក់ឌុបទេ ប៉ុន្តែគេខ្វល់ថា តើយើងមានបរិញ្ញាបត្រ ឬអត់?​ដូច្នេះ ទោះធ្លាក់ ឬជាប់បាក់ឌុបក្តី គប្បីក្មួយកុំមានការព្រួយបារម្ភខ្លាំងពេក គឺក្មួយត្រូវតែបន្តរៀនទៅថ្នាក់បរិញ្ញាបត្រឱ្យបាន ដោយត្រូវចាប់ផ្តើមពីថ្នាក់បរិញ្ញាបត្ររងឡើងទៅ។ ក្មួយៗអាចរៀនយកបរិញ្ញាបត្ររង២ឆ្នាំ និង៣ឆ្នាំទៀត បន្តរៀនយកបរិញ្ញាបត្រ ហើយទីបញ្ចប់ ក្មួយៗនៅតែមានឱកាស ទទួលបានបរិញ្ញាបត្រដូចគ្នា។”

យោង​តាម ក្រសួងអប់រំ យុវជន និងកីឡា បាក់​ឌុប​ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។

ចំណោមបេក្ខជនទទួលបាននិទ្ទេស A ចំនួន៤៤៣នាក់ ក្នុងនោះ​មកពីរាជធានីភ្នំពេញ​ចំនួន១៤១នាក់​, ខេត្តសៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, ខេត្តតាកែវ ២៩នាក់, ខេត្តកំពង់ចាម ២៧នាក់, ខេត្តព្រៃវែង ២៧នាក់, ខេត្តបន្ទាយមានជ័យ ២៥នាក់, ខេត្តកណ្តាល ២៣នាក់, ខេត្តកំពត ២៣នាក់, ខេត្តត្បូងឃ្មុំ ១៥នាក់, ខេត្តកំពង់ធំ១៤នាក់, ខេត្តព្រះសីហនុ ១៣នាក់, ខេត្តស្វាយរៀង ៨នាក់, ខេត្តពោធិ៍សាត់ ៧នាក់, ខេត្តកំពង់ឆ្នាំង ៦នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តក្រចេះ៤នាក់, ខេត្តកោះកុងម្នាក់, ខេត្តមណ្ឌលគិរីម្នាក់ និងខេត្តឧត្តរមានជ័យម្នាក់៕

0 Shares
Loading...