ពិត​ជា​មោទនភាព​ណាស់! ខេត្ត​ព្រៃវែង​ជាប់​និទ្ទេស​A២៧​នាក់ ក្នុង​នោះ​​វិទ្យាល័យ​មេសាង​មាន៤​នាក់

សង្គម​និង​សេដ្ឋកិច្ច

យោង​តាម​ក្រសួងអប់រំ យុវជន និងកីឡា បាក់​ឌុប​ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់។ ដោយ​ឡែក​សម្រាប់​ខេត្ត​ព្រៃវែង ​សិស្ស​ដែល​​ជាប់ និទ្ទេស A ២៧នាក់ ក្នុង​នោះ​មាន​សិស្ស​រៀន​នៅ​វិទ្យាល័យ​មេសាង​រហូត​ដល់​ទៅ​​៤​នាក់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណោមបេក្ខជនទទួលបាននិទ្ទេស A ចំនួន៤៤៣នាក់ ក្នុងនោះ​មកពីរាជធានីភ្នំពេញ​ចំនួន១៤១នាក់​, ខេត្តសៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, ខេត្តតាកែវ ២៩នាក់, ខេត្តកំពង់ចាម ២៧នាក់, ខេត្តព្រៃវែង ២៧នាក់, ខេត្តបន្ទាយមានជ័យ ២៥នាក់, ខេត្តកណ្តាល ២៣នាក់, ខេត្តកំពត ២៣នាក់, ខេត្តត្បូងឃ្មុំ ១៥នាក់, ខេត្តកំពង់ធំ១៤នាក់, ខេត្តព្រះសីហនុ ១៣នាក់, ខេត្តស្វាយរៀង ៨នាក់, ខេត្តពោធិ៍សាត់ ៧នាក់, ខេត្តកំពង់ឆ្នាំង ៦នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តក្រចេះ៤នាក់, ខេត្តកោះកុងម្នាក់, ខេត្តមណ្ឌលគិរីម្នាក់ និងខេត្តឧត្តរមានជ័យម្នាក់។


តាម​​ការ​ដឹង​ពី​លោក​​សាស្ត្រាចារ្យ​ សារ៉ុន មិនា នាយក​រង​វិទ្យាល័យ​មេសាង សិស្ស​ទាំង​៤នាក់​ដែល​ជាប់​និទ្ទេស A ​មាន​ឈ្មោះ។ ទី១ ឈ្មោះ កញ្ញា ដារ៉ា សុធានី ,ទី២ ឈ្មោះ កញ្ញា ហេង ស្រីពៅ,ទី៣ ឈ្មោះ លោក ម៉ែ ភក្ដី.ទី៤ ឈ្មោះ ញ៉ឹង វិនលាន។ ចំពោះ​លទ្ធផល​សរុប​ទាំង​អស់​ថា សិស្ស​វិទ្យាល័យ​ទាំង​មូល ជាប់​ឬ​ធ្លាក់​ប៉ុន្មាន​នាក់​នោះ​នៅ មិន​ទាន់​សរុប​នៅ​ឡើយ​នោះ​ទេ។

ការ​​ប្រលង​បាក់​ឌុប​ឆ្នាំ២០១៩​នេះ សិស្ស​នៅ​វិទ្យាល័យ​មេសាង​មាន​សរុប​៤១១នាក់ ស្រី២២៣នាក់ ក្នុង​នោះ​មាន​ផ្នែក​វិទ្យាសាស្ត្រ​១៣៧​នាក់ ស្រី៨៧នាក់ ផ្នែក​សង្គម២៧៤នាក់ ស្រី១៣៦​នាក់។

លោក​នាយករង​វិទ្យាល័យ​ខាង​លើ បាន​លើក​ឡើង​ថា នេះ​គឺ​ជា​មោទនភាព​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​វិទ្យាល័យ​មេសាង ដែល​​សិស្ស​​បាន​ខិតខំ​ប្រឹងប្រែង​​សិក្សា​រៀន​សូត្រ រហូត​ប្រលង​ជាប់​​និទ្ទេស​A រហូត​ដល់​ទៅ​៤នាក់ ដែល​ចំនួន​នេះ​មិន​ធ្លាប់​មាន​ឡើយ ។

លោក​បាន​រំលឹក​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​សិក្សា​២០១៦-២០១៧ ​វិទ្យាល័យ​មេសាង ធ្លាប់​ទទួល​បាន​និទ្ទេស​២នាក់​ម្ដង ក្នុង​ស្រី​ទាំង​អស់។ ក្រៅ​ពី​ការ​​ប្រលង​ជាប់ និទ្ទេស​A រហូត​ដល់​៤នាក់​ដូច​រៀបរាប់​ខាង​លើ​កន្លង​មក សិស្ស​ក្នុង​​​វិទ្យាល័យ​មេសាង ក៏​ធ្លាប់​បាន​ប្រលង​ជាប់​សិស្ស​ពូកែ​ទូ​ទាំង​ប្រទេស​ផ្នែក​រូបវិទ្យា និង​ធ្លាប់​​ជាប់​មេ​ដៃ​មាស ផ្នែក​តែងនិពន្ធ​ផង​ដែរ៕