សេដ្ឋីម្នាក់នៅពីក្រោយភាពជោគជ័យដ៏មហិមាររបស់ក្រុមហ៊ុន ប្រេង​ឥន្ធនៈ​កម្ពុជា​តេលា

ជុំវិញ​ឧកញ៉ា
6.8K Shares

ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ ដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលគិតមកទល់ពេលនេះ ក្រុមហ៊ុនមានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ទៅជាង ១.៨៩៩សាខាទូទាំងប្រទេស។ លើសពីនេះទៀត ក្រុមហ៊ុនមួយនេះ ក៏បានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយទៅដល់ផ្នែកមនុស្សធម៌ និងសង្គមជាតិ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៣ ជាក្រុមហ៊ុនអាហរ័ណនីហរ័ណ ដែល​មានឈ្មោះថា កាឌីម៉ិច (Kadimex)។ ជាមួយនឹងការដឹកនាំដ៏រឹងមាំរបស់លោកឧកញ៉ា ឈុន អូន ស្ថាបនិ​​ក និងជាប្រធាននាយកប្រតិបត្តិ។ ពីរឆ្នាំក្រោយមកក្រុមហ៊ុន កាមេឌីម៉ិច បានសម្រេចប្តូរឈ្មោះទៅជាក្រុមហ៊ុន កម្ពុជា តេលា វិញនៅឆ្នាំ ១៩៩៥ ដោយ​ផ្តោតសំខាន់លើអាជីវកម្មស្នូល​របស់ខ្លួន​ គឺការចែក​ចាយ​ប្រេងឥន្ធនៈ។ នៅឆ្នាំ ១៩៩៦ ក្រុមហ៊ុនមានស្ថានីយស្តុកប្រេងដំបូងរបស់ខ្លួននៅ​រាជធានីភ្នំពេញ។

នៅឆ្នាំ ២០០៤ ក្រុមហ៊ុនបានសាងសង់ស្ថានីយស្ដុកប្រេងទី២ របស់ខ្លួន មាន​ទីតាំងនៅចំណតកុងតឺន័រ ក្រុងព្រះសីហនុ ​ដែលជាកំពង់ផែ ​និងទីក្រុងកំពង់ផែ ដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលអាចឱ្យ កម្ពុជា តេលា ផ្គត់ផ្គង់ប្រេងឥន្ធនៈទៅកាន់​ទាំងឧស្សាហកម្ម និងអ្នកប្រើប្រាស់ចុងក្រោយ ​តាមរយៈបណ្តាញចែកចាយយ៉ាង​ទូលំទូលាយនៅក្នុងប្រទេស។

លោកឧកញ៉ា ឈុន អូន បានបោះទុនវិនិយោគក្នុងវិស័យនេះអស់រយៈពេល ២៥ ឆ្នាំមកហើយ។ ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះម៉ាករបស់ក្រុមហ៊ុន និងដើម្បីទទួលបានចំណែក​ទីផ្សារ​កាន់តែច្រើនថែមទៀត នៅក្នុងទីផ្សារក្នុងស្រុករបស់កម្ពុជា នាប៉ុន្មានឆ្នាំ​ខាងមុខ ក្រុមហ៊ុនបានបង្កើតដេប៉ាតឺម៉ង់ស្រាវជ្រាវ និងអភិវឌ្ឍអាជីវកម្មថ្មីមួយ ដំណើរការដោយបុគ្គលិកអន្តរជា​តិ មកពីសហរដ្ឋអាមេរិក ន័រវែស បារាំង និងចក្រភពអង់គ្លេស​។

តាមរយៈសារនៅលើគេហទំព័រផ្លូវការរបស់កម្ពុជា តេលា លោកឧកញ៉ា ឈុន អូន បានឲ្យដឹងថា “ការបង្កើត និងដំណើរការអាជីវកម្មដែលមានទំហំធំធេងនេះ គឺជាការប្រគួតប្រជែង​មួយ​ដ៏​ធំ​។​ វាតម្រូវឱ្យមានយុទ្ធសាស្រ្តអាជីវកម្ម ប្រកបដោយភាពទាន់ពេលវេលា និងមានភាពច្បាស់​លា​ស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការអនុវត្ត និង​ភាពរីក​ចម្រើន​លូតលាស់ប្រកប​ដោ​យ​ចីរភាព”។​

លោកថា ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ក្រុមហ៊ុនរបស់យើង បានធ្វើការ​ដោយ​មិនខ្លាច​នឿយ​ហត់ ដើម្បីបំពេញ និងគោរពតាមស្តង់ដារអន្តរជាតិ ដោយបានបំពាក់ និងធ្វើឱ្យ​ប្រសើរ​ឡើង​នូវសម្ភារៈបច្ចេកទេស ផលិតផល និងសេវាអតិថិជន ព្រមទាំងការ​​​​​កសាងសមត្ថភាពធនធានមនុស្សរបស់យើង។

ប្រធាននាយកប្រតិបត្តិបានគូសបញ្ជាក់ថា ខណៈពេលដែលយើងយល់ពីសារៈសំខាន់នៃនិរន្តរភាពហិរញ្ញវត្ថុ ក្នុងនាម​ជា​សហគ្រាស​មួយ យើងក៏ទទួលស្គាល់ពីសារៈសំខាន់ នៃកិច្ចការពារបរិស្ថាន​របស់យើង ដើម្បីសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយនៅក្នុងប្រទេស​កម្ពុជាផងដែរ។  ដោយសារតែការប្ដេជ្ញាចិត្តរបស់យើងចំពោះប្រតិបត្តិការដែលមិនប៉ះពាល់​ដល់​បរិស្ថាន ក្រុមហ៊ុន តេលា បានទទួលពានរង្វាន់ ISO 9001: 2008 ។

ឧកញ៉ា ឈុន អូន គឺឥស្សរជនឆ្នើមម្នាក់ដែលមានជំនាញខ្ពស់ទាំងផ្នែកគំនិត និងបច្ចេកទេសក្នុងការគ្រប់គ្រង នឹងជាកម្លាំងជំរុ​ញដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងការរីកចម្រើនរបស់ក្រុមហ៊ុន។ លោកបានឲ្យតំបូន្មានថា “គន្លឹះឆ្ពោះទៅរកភាពជោគជ័យរបស់យើង គឺការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ ដើម្បីឧត្តមភាព” ។

ខាងក្រោមជាសេវាកម្ម និងផលិតផលរបស់ កម្ពុជា តេលា៖

ក្រុមហ៊ុន កម្ពុជា តេលា មានស្ថានីយផ្ដល់សេវាកម្មចំនួន ១.៨៩៩ ស្ថានីយ ដែលមាន​ទីតាំង​ជាយុទ្ធសាស្រ្ត​នៅទូទាំងប្រទេស ដើម្បី​ឱ្យប្រជាជនកម្ពុជាម្នាក់ៗ មានភាពងាយស្រួល​ក្នុងការប្រើប្រាស់សេវាកម្ម និងផលិតផលប្រេងឥន្ធនៈ និងហ្គាសរបស់ខ្លួន។ ស្ថានីយផ្ដល់សេវាកម្ម តេលា ជាង ១.៨០០ ត្រូវបានគ្រប់គ្រង និងដំណើរការដោយអតិថិជនប្រចាំរបស់តេលា តាមរយៈការទិញអាជ្ញាប័ណ្ណពាណិជ្ជកម្ម។

សហគ្រិនជើងចាស់ជោគជ័យក្នុងពិភពជំនួញនៅកម្ពុជា ឧកញ៉ា ឈុន អូន បានមើលឃើញពីចក្ខុវិស័យវែងឆ្ងាយនឹងតម្រូវការដែលកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា។ លោកបានវិនិយោគបន្ថែមវិស័យដឹកជញ្ជូន គឺរថយន្តដឹកទំនិញច្រើនជាង ៦០០ គ្រឿង សម្រាប់ធ្វើប្រតិបត្តិការប្រចាំថ្ងៃ ក្នុងការដឹកជញ្ជូន​ឱ្យបានទាន់ពេលវេលា​ដល់អតិថិជន។ លោកកំពុងធ្វើឱ្យប្រសើរឡើងឥតឈប់ឈរ នូវដំណើរការអាជីវកម្ម និងប្រតិបត្តិការដឹកជញ្ជូន ស្របតាមស្តង់ដារជាសកល​សម្រាប់ការដឹកជញ្ជូន និងសេវាកម្ម ឱ្យស្របតាមស្តង់ដារ ISO 9001:2018។

កម្ពុជា តេលា បាននឹងកំពុងដំណើរការហាងលក់ទំនិញ​នៅតាមស្ថានីយចំនួន ៥០ កន្លែង ដែល​ផ្តល់ជូននូវទំនិញប្រើប្រាស់ប្រចាំថ្ងៃ ជាច្រើនប្រភេទ ។ ចាប់ពីឆ្នាំ ២០១៩ មក កម្ពុជា តេលា មានផែនការដាក់អាជីវកម្មបន្ថែម​ទៀត ដោយបន្ថែមសេវាកម្មកាហ្វេ (Lunar Coffee) ទៅកាន់ស្ថានីយផ្ដល់សេវា​កម្ម​របស់​ខ្លួន។

អាជីវកម្មហ្គាស LPG ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០០៦ មានធុងផ្ទុកហ្គាស LPG ដែល​មាន​រាង​ស្វែរ ចំនួន ២ ដែលមានសមត្ថភាពផ្ទុក ១.០០០ ម៉ែត្រគូប  និងមានផែនការពង្រីក​សមត្ថភាព​ផ្ទុករហូត​ដល់ ៥.០០០ ម៉ែត្រគូប។ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឱ្យកាន់តែមានប្រសិទ្ធិភាព និងរៀបចំ​រោងចក្រសម្រាប់ច្រកហ្គាស LPG ចំនួន ២កន្លែងនៅចំណតកុងតឺន័រ ក្រុងព្រះសីហនុ និងនៅរាជធានីភ្នំពេញ។

រោងចក្រផលិតប្រេងរំអិល របស់តេលា គឺជារោងចក្រដំបូងគេនៅកម្ពុជា ​ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ និងបំពាក់ដោយបច្ចេកវិទ្យាស្តង់ដារសកល  និងមានអ្នកបច្ចេកទេស និងវិស្វករគីមី ដែលទទួលការបណ្តុះបណ្តាល​ជាន់ខ្ពស់​។ រោងចក្រនេះ មានសមត្ថភាពផលិតប្រចាំឆ្នាំ ចំនួន ១០.០០០ តោន នៃផលិតផលប្រេងរំអិល ដែលមានចំណាត់ថ្នាក់ផ្សេងៗគ្នា។

ដោយមានការទទួលស្គាល់ពី LLOYD International សម្រាប់ស្ដង់ដារ​ប្រេងឥន្ធនៈ​កម្រិតអន្តរជាតិ បច្ចុប្បន្ននេះ កម្ពុជា តេលា មានស្ថានីយស្តុកប្រេង និងហ្គាស ធំៗចំនួនពីរ គឺនៅចំណតកុងតឺន័រក្រុងព្រះសីហនុ និងនៅរាជធានីភ្នំពេញ ខណៈស្ថានីយស្ដុកប្រេងមួយបន្ថែមទៀត នៅបាត់ដឹង តាមបណ្តោយ​ផ្លូវលេខ ៥ កំពុងសាងសង់ ដើម្បីឆ្លើយតបនឹង​តម្រូវការដែលកំពុងកើន​ឡើងនៅ​ប្រទេសកម្ពុជា។ ក្រុមហ៊ុន ក៏បានរក្សាទុក​ទីតាំង​ដើម្បីសាងសង់ស្ថានីយស្ដុកប្រេង ចំនួន​ពីរ​បន្ថែម​ទៀត នៅកំពង់ចាម និងនៅព្រំប្រទល់ខេត្តបាត់ដំបង និងខេត្តបន្ទាយមាន​ជ័យ។

ផែបណ្ដែតរបស់តេលា ប្រវែង ១.២៥០ ម៉ែត្រ ត្រូវបានបំពាក់ដោយ បណ្តាញបំពង់ ទីធ្លាប្រតិបត្តិការ និងបង្គោលថ្មជាច្រើន ដែលត្រូវបានរចនាឡើង​សម្រាប់នាវា​ដែលមានទម្ងន់​ចាប់ពី ៥០០ ទៅ ៦០.០០០ តោន​ដើម្បីចូលចតដោយសុវត្ថិភាព​ និងងាយស្រួល។

សេដ្ឋីម្នាក់នៅពីក្រោយភាពជោគជ័យដ៏មហិមាររបស់ក្រុមហ៊ុន ប្រេង​ឥន្ធនៈ​កម្ពុជា​តេលា
6.8K Shares