ក្រុមហ៊ុនគ្រាក់ៗចំនួន ២ បោះទុនរួមគ្នាវិនិយោគលើការរុករកធនធានរ៉ែ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សសិង្ហបូរី HLH Group គឺ HLH Agriculture (Cambodia) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហវិនិយោគជាមួយដើមទុនប្រមាណ ២០លានដុល្លារ បង្កើតគម្រោងរុករករ៉ែនៅក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កាលពីថ្ងៃទី ៨ ខែមិថុនានេះ សារព័ត៌មាន The Edge Singapore បានឲ្យដឹងថា ការចុះអនុស្សារណៈនៃការយោគយល់នេះមានរយៈពេល ១០ឆ្នាំ ដែលបើកសិទ្ធឱ្យបន្តបាន។ ក្នុងនោះក្រុមហ៊ុន HLH Agriculture នឹងទទួលបាន ៦០% នៃប្រាក់ចំណេញ ចំណែកឯ Hei Shi Mineral និងទទួលបាន ៤០%។

បើតាមកិច្ចព្រមព្រៀង ភាគីទាំង២ នឹងបង្កើតក្រុមហ៊ុនរួមគ្នាមួយ ដែលមានឈ្មោះថាក្រុមហ៊ុន HLH Agriculture នឹងទទួលខុសត្រូវក្នុងការផ្តល់ដី និងចាត់ចែករឿងសិទ្ធិរុករករ៉ែ ខណៈក្រុមហ៊ុន Hei Shi Mineral នឹងជាអ្នករុករករ៉ែ ព្រមទាំងទទួលខុសត្រូវលើចំណាយ រួមមាន ការជួលកម្លាំងពលកម្ម គ្រឿងម៉ាស៊ីន បច្ចេកទេស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រតិបត្តិការរុករករ៉ែជាដើម។

លើសពីនេះ ធនធានរ៉ែដែលផលិតបាន នឹងត្រូវបានប្រើជាចម្បងសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងអគារនានានៅខាងក្នុងមជ្ឈមណ្ឌលកសិកម្ម Agri Hub របស់ HLH Agriculture។ គម្រោងនេះនឹងផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។

គួររម្លឹកជូនថា ក្រុមហ៊ុន HLH Group កាលពីដើមសប្តាហ៍នេះ បានសម្រេចលក់ភាគហ៊ុនទាំងអស់របស់ខ្លួនក្នុងអាជីវកម្មកសិដ្ឋានបែបរីសតនៅសិង្ហបូរី ក្នុងតម្លៃប្រមាណ ៣,៦ លានដុល្លារអាមេរិក ដើម្បីយកទុនមកផ្តោតលើអាជីវកម្មនៅកម្ពុជា៕