មហាសេដ្ឋី​វ័យ​​​ក្មេង ឡេង ណាវ៉ាត្រា ​បោះទុន​វិនិយាគ​ក្នុង​វិស័យ​​មីក្រូហិរញ្ញវត្ថុ​​​

ជុំវិញ​ឧកញ៉ា
3.9K Shares

បន្ទាប់​ពី​ទទួល​បាននូវភាពជោគជ័យខ្លាំង​ក្នុង​វិស័យ​អចលនទ្រព្យ​​ មហាសេដ្ឋី​វ័យ​ក្មេង​បំផុត​នៅ​​កម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​  បាន​ចាប់​ផ្ដើម​​​បោះ​ទុន​វិនិយោគ​​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ដែល​​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ផ្លូវការ​ ​​ក្នុង​ពេល​ឆាប់​ៗ​នេះ។​

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តាម​រយៈ​​កិច្ច​​សម្ភាស​ជាមួយ​នឹង​គេហទំព័រ​Okhna News ​ អ្នក​ឧកញ៉ា ឡេង ​ណាវ៉ាត្រា​ បាន​បង្ហាញ​ពី​គោល​បំណង​ធំ​របស់​លោក​ ក្នុង​ការ​បង្កើត​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុនាពេលនេះថា៖ “គោល​ដៅ​របស់​ខ្ញុំ​គឺ​ត្រូវ​សាង​សង់​គម្រោង​លំនៅឋាន​តម្លៃ​ ក្រោម​មធ្យម​នៅ​​ ​២៥ខេត្ត​ក្រុង​។ ដូច្នេះ​ហើយ​យើង​បង្កើត​គ្រឹះ​ស្ថាន មីក្រូហិរញ្ញវត្ថុ​នេះ​ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ ដែល​ត្រូវ​បង់​រំលស់​រយៈ​ពេល​វែង​”​​។

គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ា​ត្រា ឃែភីថល ម.ក ​មាន​​ទី​ស្នាក់​ការ​កណ្ដាល​ស្ថិត​នៅ​លើ​អាគារ​លេខ H07 B នៃ​មហាវិថី​ អូស៊ី​ អាយ​ស៊ី​ ភូមិ គៀន​ឃ្លាំង​ សង្កាត់​ជ្រោយ​ចង្វា​ខណ្ឌ​ជ្រោយ​ចង្វា​ រាជ​ធានី​ភ្នំពេញ។

អភិបាល និង​ជា​នាយក​ប្រតិបត្តិ​ នៃ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ឡេង ណាវាត្រា ឃែភីថល ម.ក លោក សេង សុខុម មានប្រសាសន៍ថា៖ “ជា​ជំហាន​ដំបូង ​របស់​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​​យើង​ខ្ញុំ​ គឺ​ផ្ដល់​សេវា​ឥណទាន ​សម្រាប់​អតិថិជន ដែល​ទិញ​លំនៅឋាន​របស់ ​បុរី ឡេង ណាវ៉ាត្រា”។​

លោក​បន្ត​ថា ​យើង​នឹង​រួម​សហការ​ ជាមួយ​នឹង​ដៃ​គូ ​ដែល​មាន​កន្លង​មក​ដើម្បី​អភិវឌ្ឍន៍​ និង​​ជួយ​សង្គម​ជាតិ​យើង​។ ជា​ការ​ពិត​ណាស់ វិស័យ​ហិរញ្ញវត្ថុ (មីក្រូហិរញ្ញវត្ថុ) គឺ​ជា​កាតាលីករ​ដ៏​សំខាន់​សម្រាប់​​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា ​យើង​ឱ្យ​មាន​ការ​ជឿន​លឿន​ដូច​ប្រទេស​ដទៃ​ទៀត​។ 

លោក​​បាន​បន្ថែម​ទៀត​ថា​ ៖ “អ្នកឧកញ៉ា ឡេង​ ណាវ៉ា​ត្រា​ ​បង្កើត​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ​ឡេង ណាវ៉ា​ត្រា ឡើង​ដើម្បី ​ជួយ​សម្រួល​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​យើង ​ដែល​មាន​ចំណូល​ទាប​ (ក្រោម​មធ្យម)​ អាច​ទិញ​លំនៅឋាន​បាន​ស្នាក់​នៅ ​និង​បន្ត​ប្រកប ការងារ​បាន​ដោយ​រលូន​ និង​មាន​ភាព​កក់​ក្ដៅ ដល់​ការ​រស់​នៅ​ពិសេស​ដល់​ស្រទាប់​យុវវ័យ​”។​​ ​

គិតត្រឹមឆ្នាំ២០២១នេះ កម្ពុជា​មាន​គ្រឹះ​ស្ថាន​មីក្រូ ហិរញ្ញ​វត្ថុ​ ដែល​កំពុង​ប្រតិបត្តិការ​សរុប​ចំនួន​ ៨៣​គ្រឹះ​ស្ថាន ក្នុង​នោះ​ក៏​មាន​គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ ឡេង ណាវ៉ាត្រា ឃែភីថល ម.ក ដែល​កំពុង​ត្រៀម​ខ្លួន​បម្រើ​ដល់​អតិថិជន​ផង​ដែរ​៕

មហាសេដ្ឋី​វ័យ​​​ក្មេង ឡេង ណាវ៉ាត្រា ​បោះទុន​វិនិយាគ​ក្នុង​វិស័យ​​មីក្រូហិរញ្ញវត្ថុ​​​
3.9K Shares