តើស្ថាបនិក និងជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ធនាគារ ហត្ថា ឧកញ៉ា ហួត អៀងតុង ជានរណា ?

ជុំវិញ​ឧកញ៉ា
4.1K Shares

ជាមួយនឹងបទពិសោធន៍ដ៏ចាស់ទុំក្នុងការបម្រើសេវាហិរញ្ញវត្ថុ អស់រយៈពេលជាង ២៧ឆ្នាំ កន្លងមកនេះ ធនាគារ ហត្ថា (Hattha Bank Plc) បានរួមចំណែកជាច្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមពីជ្រុងតូចមួយក្នុងតំបន់ រហូតដល់ពង្រីកប្រតិបត្តិការនៅទូទាំងប្រទេស ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។

ភាពរីកចម្រើនយ៉ាង​ឆាប់​រហ័ស​របស់ Hattha Bank ដែលទទួលបាននូវជោគជ័យ បន្ថែមពីលើការរីកចម្រើនឥតឈប់ឈរពីអាជីវកម្មរបស់ខ្លួន គឺផ្តើមពីយុទ្ធសាស្រ្ត​ដឹកនាំ​ដ៏​ខ្លាំងខ្លា​របស់ CEO ធនាគារ​នេះ ពិត​ជាមិន​អាច​ឲ្យ​​គេ​មើលរំលងបាន​ឡើយ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើប្រធានអគ្គនាយក (President & CEO) របស់ធនាគារ ហត្ថា ម.ក ជានរណា? សូមតាមដានជាមួយ ឧកញ៉ាញូស៍ដូចតទៅ៖

លោកឧកញ៉ា ហួត អៀងតុង គឺជាសហស្ថាបនិករបស់ ហត្ថាកសិករ ក្នុងឆ្នាំ ១៩៩៤ ហើយបានដឹកនាំស្ថាប័ននេះចាប់តាំងពីពេលនោះមកជាង ២៧ឆ្នាំ ជាមួយនឹងបទពិសោធន៍ច្រើនជាង ៣០ឆ្នាំ លើវិស័យហិរញ្ញវត្ថុ ដែលបានធ្វើឱ្យលោកឧកញ៉ាក្លាយជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។

លោក​ឧកញ៉ា ហួត អៀងតុង កើត​ក្នុង​ឆ្នាំ ១៩៦៨ ស្ថិតនៅ​ភូមិ​លាច ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មាន​ឪពុក​ជា​គ្រូ​បង្រៀន និង​ម្តាយជា​កសិករ។ ក្នុង​ចំណោម​បង​ប្អូន​ចំនួន ៥​នាក់ លោក​គឺ​ជា​កូន​ទី២ ដែល​មាន​បងស្រី​តែ​ម្នាក់​គត់ ​អាច​ជួយ​ធ្វើ​ការ​ទំនុក​បម្រុង​ក្នុង​គ្រួសារ​ជាមួយ​ម្តាយ។

-ប្រវត្តិការសិក្សា

លោកបាន​ប្រឡង​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ​ ១៩៨៣។ ដោយ​ចិញ្ចឹមចិត្ត​ចង់​រៀន​បាន​ខ្ពស់​លោក​ក៏បាន​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍​នៅវិទ្យាស្ថាន​អប់រំ​កសិកម្ម (​សាកល​វិទ្យាល័យ​​ភូមិន្ទ​កសិកម្ម​) ហើយពេល​នោះ​លោក​ក៏​បានប្រឡង​ជាប់​ ដោយ​ការ​ស្នាក់នៅ​ហូប​ចុក​​ជា​បន្ទុក​របស់​វិទ្យាស្ថាន​។

បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រលើជំនាញកសិកម្មនៅ ឆ្នាំ១៩៩១ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្មពីសាកលវិទ្យាល័យបៀលប្រាយ។ ជាងនេះទៅទៀត លោកធ្លាប់បានចូលរួមនៅក្នុងសិក្ខាសាលាជាច្រើនពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុនៅក្រៅប្រទេស រួមមាន៖ សហរដ្ឋអាមេរិក ហ្វីលីពីន ឥណ្ឌូនេស៊ី បារាំង អាឡឺម៉ង់ និងប្រទេសជាច្រើនទៀត ។

-បទពិសោធន៍ការងារ

នៅ​ពេល​បញ្ចប់​ការ​សិក្សា​​អង្គការ Cambodia Canada Development Bank ត្រូវការ​អ្នកស្រាវជ្រាវ​ផ្នែក​កសិកម្ម​នៅ​ខេត្តពោធិ៍សាត់ លោកក៏បាន​ដាក់ពាក្យ​ជាប់​នៅ​ទីនោះ ក្រោយពី​ចាប់​ប៉ុ​ស្តិ៍​ធ្វើការ​នៅ​មន្ទីរ​កសិកម្ម​ទីនោះ​រួចមក​។ បន្ទាប់ពីទទួលបាន​ជោគជ័យ​ អង្គការ​ក៏​បាន​ផ្តល់​សេចក្តី​ទុក​ចិត្តឱ្យ​លោក​​​គ្រប់គ្រង​គម្រោង​ថ្មី​ខាង​ផ្នែក​ឥណទាន គឺ​អង្គការ​ហត្ថាកសិករ​នេះ​តែម្តង។

ឆ្នាំ ២០០១ អង្គការ ហត្ថាកសិករ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដោយមានដើមទុនសរុបចំនួន ៧៧.៨៥០ ដុល្លារអាមេរិក ដោយផ្លាស់ប្តូរពីអង្គការក្រៅរដ្ឋាភិបាលទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលមានឈ្មោះថ្មីថា “ហត្ថាកសិករ លីមីតធីត” ដែល​​​​ធ្វើការ​ដំបូង​នៅ​ក្នុង​​ស្រុក​ក្រគរ និង​ស្រុក​សំពៅ​មាស ដោយ​ផ្តល់​តែ​កម្ចី​លើ​ផ្នែក​កសិកម្ម​​​ប៉ុណ្ណោះ។

ក្នុងឆ្នាំ ២០១៦ ហត្ថាកសិករ លីមីតធីត ក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៅប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា សម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុធំបំផុតរបស់ប្រទេសជប៉ុន និងជាក្រុមសម្ព័ន្ធពហុហិរញ្ញវត្ថុ ធំបំផុតមួយក្នុងពិភពលោក។

នៅឆ្នាំ ២០២០ ហត្ថាកសិករ លីមីតធីត បានកម្លាយខ្លួនទៅជា ធនាគារ ហត្ថា ម.ក ដែលបានអនុម័តជាផ្លូវការដោយធនាគារជាតិ នៃ កម្ពុជា និងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។

លោកឧកញ៉ា ហួត អៀងតុង សហស្ថាបនិក និងជាថ្នាក់ដឹកនាំដ៏ឆ្នើមម្នាក់ ដែលនៅពីក្រោយភាពជោគជ័យអស្ចារ្យរបស់ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា៕

តើស្ថាបនិក និងជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ធនាគារ ហត្ថា ឧកញ៉ា ហួត អៀងតុង ជានរណា ?
4.1K Shares