ទំនិញ៤មុខនេះរបស់កម្ពុជា គិតជាទឹកប្រាក់ជិត ១ពាន់លានដុល្លារ នៅតែទទួលបានការអនុគ្រោះពន្ធពីអង់គ្លេស

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជានៅតែអាចនាំទំនិញចេញទៅទីផ្សារអង់គ្លេសដោយមិនចាំបាច់បង់ពន្ធ បន្ទាប់ពីអង់គ្លេសបានចាកចេញពីសហភាពអុឺរុ៉ប ជាមួយនឹងគោលនយោបាយឯករាជ្យរបស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្មជាមួយពិភពលោក។ យោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអង់គ្លេសក្នុងឆ្នាំ២០២០មានទំហំ៨៧៧លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅទីផ្សារអង់គ្លេសដូចជាសំលៀកបំពាក់ ស្បែកជើង អង្ករ និងកង់ជាដើម ក្នុងទំហំទឹកប្រាក់៨២៦លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បើទោះបីជាកម្ពុជាបាត់បង់ការអនុគ្រោះពន្ធមួយផ្នែកពីទីផ្សារអុឺរ៉ុប តែប្រទេសអង់គ្លេសនៅតែបន្តផ្ដល់ការអនុគ្រោះពន្ធដល់កម្ពុជា ដោយអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១នេះតទៅ។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា៖ «កម្ពុជា និងអង់គ្លេសមានទំនាក់ទំនងល្អតាំងពីអង់គ្លេសនៅជាសមាជិកសហភាពអឺុរុប ហើយអ្នកវិនិយោគរបស់អង់គ្លេសក៏នៅប្រទេសកម្ពុជាច្រើនដែរ។ ដូច្នេះ អ្នកវិនិយោគនៅតែអាចបន្តផលិតកម្មរបស់ខ្លួនដើម្បីនាំទំនិញចេញទៅកាន់ទីផ្សារអង់គ្លេសដូចមុន។»

ឧកញ្៉ាលឹម ហេង បានបន្តថា ទន្ទឹមពេលដែលសហភាពអឺុរុប និងសហរដ្ឋអាមេរិកតំឡើងពន្ធគយមួយផ្នែកលើកម្ពុជា អង់គ្លេសនៅតែបន្តអនុគ្រោះពន្ធដល់កម្ពុជាដូចកាលនៅជាសមាជិកសហភាពអឺុរុប ដោយកម្ពុជានៅតែអាចនាំទំនិញគ្រប់បែបយ៉ាងលើកលែងតែអាវុធចូលទីផ្សារអង់គ្លេសដោយគ្មានរនាំងពន្ធគយ។

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក Dominic Raab រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានមកដល់កម្ពុជាដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ តាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា ឧកញ្៉ាលឹម ហេង ជឿជាក់ថា វានឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសផ្នែកពាណិជ្ជកម្ម ដោយកម្ពុជានៅតែបន្តទទួលបានផលប្រយោជន៍ពីការអនុគ្រោះពន្ធពីអង់គ្លេសនៅឆ្នាំនេះ៕ ប្រភព៖ កម្ពុជាថ្មី