លោកស្រី Veena Reddy ស្នើសុំទៅរដ្ឋាភិបាលអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងរបស់ក្រសួងកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

លោកស្រី Veena Reddy និយាយថា ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំក្រកម្ពុជាលើកឡើងដូច្នោះក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នាឪកាសដែលបញ្ចប់បេសកកម្មនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកស្រីសង្ឃឹមថាសមិទ្ធផលនេះ និងគម្រោងកម្មវិធីបន្តបន្ទាប់ទៀតដែលទីភ្នាក់ងារ USAID គ្រោងនឹងជួយដល់កម្ពុជា ប្រាកដជាចូលរួមចំណែកធ្វើការអភិវឌ្ឍប្រទេសមួយនេះឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព និងវិបុលភាពនាពេលអនាគត។

លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះវានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។

លោកបញ្ជាក់ថា នេះគឺជាគម្រោងដែលក្រសួងចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាពនៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខមាលភាពសម្រាប់អ្នកបរិភោគ និងកំណើនតម្លៃបន្ថែម។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើសុំទៅទីភ្នាក់ងារ USAID ថារាល់គម្រោង ឬកម្មវិធីជំនួយគួរគិតពិចារណាលើគោលបំណងរបស់គម្រោងធ្វើយ៉ាងណាឲ្យស្របទៅតាមការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គម ពិសេសស្របតាមបរិបទនៃការរីករាលដាលជំងឺឆ្កងកូវិដ-១៩។

លោករដ្ឋមន្ត្រី និយាយថា រាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារ USAID បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់ សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ៕