ធ្វើ​ជា​អ្នក​កួកជេ​ម៉ូតូ ឡាន កួកជេ​ដី តស៊ូរហូតមានក្រុមហ៊ុនមិនក្រោម ១០នៅក្នុងដៃ

អាជីវកម្ម
774 Shares

ធ្លាប់​​ជាក្មេង​​​ឆ្លងកាត់​សង្គ្រាមរត់កាន់ភូមិមួយទៅភូមិមួយ ក្រោយ​រួច​ផុត​ពីគ្រាប់​កាំភ្លើង​នៅ​សម័យ​ប៉ុលពត ​លោកបណ្ឌិត តាន់ មុនីវណ្ណ ​បាន​បង្កើត​ទំព័រ​ជីវិត​ថ្មី​របស់​ខ្លួនដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ និង​តស៊ូ​គ្រប់​ស្ថាន​ភាព​លំបាក​មិន​រុញរា។ លោកត្រូវបាន​គេ​ស្គាល់គ្រប់ៗគ្នា​ថា​ជា​អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី គ្រុប និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ដ៏​លេចធ្លោ​ម្នាក់ ខណៈនាពេលបច្ចុប្បន្នលោកមានក្រុមហ៊ុនចំនួន ១០ នៅក្នុងដៃដែលរកស៊ីលើពហុវិស័យ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តើលោក តាន់ មុនីវណ្ណ មានប្រវត្តិការសិក្សានិងបទពិសោធន៍ការងារយ៉ាងខ្លះ?

លោក តាន់ មុនីវណ្ណ កូន​កាត់​បួន​សាសន៍ គឺឪពុក​ខ្មែរ-ចិន ​ម្ដាយ​បារាំង-វៀតណាម កើត​ក្នុង​ឆ្នាំ ១៩៧៣ នៅរាជធានី​ភ្នំពេញ​ ក្រោយរួច​ផុត​ពី​គ្រាប់​កាំភ្លើង​​សម័យ​ប៉ុលពត​ លោក​ត្រូវ​បាន​គេ​ជម្លៀស​ទៅ​រស់នៅ ភូមិ​ផ្ទះ​វាល  ឃុំ​ព្រៃ​ដំបូក  ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម។ ដោយហេតុ​ស្រឡាញ់​ការ​សិក្សា​ខំប្រឹង​ក្លៀវក្លា​រៀន​ផង​ លោក រំលឹក​ថា “​​នៅ​អាយុ​ខ្ទង់​១០ឆ្នាំ ខ្ញុំ​ដើរ​រើស​សម្បក​ដប​លក់​មួយ​ថ្ងៃ​រក​បាន​ពី ៣ទៅ៥រៀល… ឯ​​ឪពុក​ខ្ញុំ​ជា​អ្នក​​រត់​កាណូត​ខ្ញុំ​ក៏​ទិញ​ស្ករ​គ្រាប់​ពី​ផ្សារ​ចាស់​ទៅ​លក់​នៅ​ស្រុក មិន​ក្រោម១០​ស្បោង​ទេ​​ ហើយ​១ស្បោង​​ចំណេញ ​៣រៀល” ។​

ធ្លាប់​ជា​កូន​ក្នុង​គ្រួសារ​អភិជន ​លោក​បណ្ឌិត និយាយ​ទាំង​ភ្នែក​ក្រហម​ថា៖ “ក្រោយ​បែក​ប៉ុលពត​​មក​​ គ្រួសារ​ខ្ញុំ​គ្មាន​សល់​អ្វី​ទេ ម្ដាយ​ក៏​ត្រូវ​គេ​សម្លាប់​ចោល​​​​​ ទីទ័ល​ក្រ​ខ្លាំង​ ​សូម្បី​ខោរ​ហែក​គូទ​យក​ទៅ​ឲ្យ​​ជាង​ដេរ​សាប់​ៗ​រហូត​ជាង​លែង​សាប់​ឲ្យ​…ពេលខ្លះ​ខ្ញុំ​អង្គុយ​ស្រក់​ទឹកភ្នែក​ម្នាក់ឯង​អាណិត​ខ្លួន ព្រោះ​គ្រាន់តែ​ខោ​ស្លៀក​ទៅ​រៀន​ក៏​គ្មាន” ​។​​​

លោក​ធ្លាប់​ជា​មេធាវី​ និងមាន​​ក្រុមហ៊ុន​មេធាវី​អន្តរជាតិ ប៉ុន្តែ​ក្រោយពី​រៀបការ​រួច​លោក​ក៏​ប្តូរ​អាជីព​ពី​អ្នកច្បាប់​មក​ជា​អ្នកជំនួញ​ និង​ក្ដោបក្ដាប់​ក្រុមហ៊ុន​ប្រមាណ​ ១០​ក្នុង​ដៃ​។

លោកបណ្ឌិត តាន់ មុនីវណ្ណ គឺជាថ្នាក់ដឹកនាំដ៏ឆ្នើមម្នាក់នៅក្នុងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែល​ទទួល​គ្រប់គ្រង និងជាអ្នកជួយជ្រុុមជ្រែងនាំមកនូវភាពជោគជ័យរាប់សិបទស្សវត្ស៍មកឲ្យឪពុកក្មេករបស់លោក អ្នកឧកញ៉ា ម៉ុង ឬ​ទ្ធី ដូចជា​ក្រុមហ៊ុន​ចម្ការ​ដូងប្រេង ក្រុមហ៊ុនចម្ការកៅស៊ូ ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក ចិញ្ចឹមសត្វ ក្រុមហ៊ុន​កំពង់ផែ​ឯកជន ក្រុមហ៊ុន​សំណង់​ក្មេង​វត្ត ក្រុមហ៊ុន​នាំចូល​សម្ភារ​គ្រឿងចក្រ​ជាដើម។

ថ្មីៗនះលោកបណ្ឌិត តាន់ មុនីវណ្ណ បានសហការជាមួយអ្នកជំនួញចំនួន៣នាក់ គឺអ្នកស្រី ហ៊ាង អូមួយ លោក ពិដោរ លីដែត និង លោក ជិន ថូមីត ដើម្បីបង្កើតក្រុមហ៊ុន ដេត អ៊ិនវេសម៉ិន ខេមបូឌា ឡើងក្នុងឆ្នាំ ២០២០ ក្នុងបុព្វហេតុប្រែក្លាយវិស័យកសិកម្មឲ្យក្លាយទៅជាវិស័យសេដ្ខកិច្ចជាតិដ៏រឹងមាំបំផុតសម្រាប់ប្រទេសកម្ពុជា។

​តំណែង​ការងារ​សង្គម​៖

  • ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា
  • សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា-ថៃ
  • សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចិន-អាស៊ាន
  • សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​ពាណិជ្ជកម្ម​អាស៊ីអាគ្នេយ៍
  • សមាជិក​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​ឥណ្ឌា
  • សមាជិក​សមាគម​អ្នក​សាងសង់​អាស៊ាន
  • ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​សមាគម​អភិវឌ្ឍន៍​លំនៅដ្ឋាន​
  • អគ្គលេខាធិការ​សមាគម​អ្នក​សាងសង់​កម្ពុជា
  • ទី​ប្រឹក្សា​ភិបាល​​សមាគម​ស្ត្រី​កម្ពុជា​
  • ក្រុមប្រឹក្សា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​នៃ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​
  • សមាជិក​មេធាវី នៃ​​គណៈ​មេធាវី​កម្ពុជា

លោកបណ្ឌិត តាន់ មុនីវណ្ណ បានឲ្យដំបូន្មានថា៖ ការគ្រប់គ្រង​ក្រុមហ៊ុន​ដោយ​ជោគជ័យ គឺ​ត្រូវមាន​ធនធានមនុស្សពូកែៗ មាន​អ្នក​ទុកចិត្ត មាន​ក្រុមប្រឹក្សាផ្សេងៗគ្នា​ទៅតាម​ក្រុមហ៊ុននីមួយៗ ដែលមាន​ការបែងចែក​ការទទួលខុសត្រូវផ្សេងៗគ្នា ទាំង​ការសម្រេចចិត្ត​ការងារ សម្រេចចិត្ត​លើ​ផ្នែក​ហិរញ្ញវត្ថុ ការរក​ធន​ឧបត្ថម្ភ​ជាដើម។ ចំណែក​រូបលោក​មិនមែនជា​អ្នកដឹកនាំ​ដោយផ្ទាល់​នោះទេ លោក​គ្រាន់​ជា​អ្នកបង្កើត​ក្រុមហ៊ុន​មួយ​ឡើង​ហើយ​ជ្រើសរើស​អ្នកពូកែៗមក​ធ្វើ​ការងារ មក​ដឹកនាំ​ជំនួស​ជាការ​ស្រេច៕

ធ្វើ​ជា​អ្នក​កួកជេ​ម៉ូតូ ឡាន កួកជេ​ដី តស៊ូរហូតមានក្រុមហ៊ុនមិនក្រោម ១០នៅក្នុងដៃ
774 Shares