តើពាណិជ្ជករមានរហស្សនាមស្តេចកសិកម្មមហាសេដ្ឋី ម៉ុង ឫទ្ធី កំពុងក្តោបក្តាប់ជំនួញធំៗប៉ុន្មានក្នុងដៃ?

ជុំវិញ​ឧកញ៉ា
247 Shares

ជាង ៣២ឆ្នាំមកហើយឈរជើងក្នុងពិភពមុខជំនួញ និងនាំផលិតផលសម្រេចជាច្រើនទៅកាន់ពិភពលោកឲ្យបានស្គាល់ពីកម្ពុជា។ មហាសេដ្ឋីលំដាប់កំពូល ម៉ុង ឫទ្ធី កំពុងដឹកនាំ​​សាជីវកម្ម​មួយ​​ដែល​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​បី​ទសវត្សរ៍​កន្លង​ទៅ​នេះ ​​ដែល​បាន​និង​កំពុង​ផ្តល់​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច។

ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​រក្សា​កិត្តិយស​ក្នុង​នាម​ជា​អ្នក​នាំមុខ​ក្នុង​ពាណិជ្ជកម្ម​លើ​ច្រើន​​វិស័យតាមរយៈ​សមត្ថភាព ការ​ប្រកួត​ប្រជែង​ និង​ការ​ចែកចាយ​ទាន់​ពេល​វេលា ជាមួយ​បទដ្ឋាន​គុណភាពខ្ពស់​បំផុត។

តើមហាសេដ្ឋីដែលត្រូវបានគេដាក់រហស្សនាមថា ស្តេចកសិកម្មនៅកម្ពុជា អ្នកឧកញ៉ា ម៉ុង ឬទ្ធី គ្រប់គ្រងអាណាចក្រជំនួញប៉ុន្មានក្នុងដៃ? សូមតាមដានជាមួយឧកញ៉ាញូស៍ដូចតទៅ៖

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អ្នកឧកញ៉ា ម៉ុង ឬទ្ធី ស្ថាបនិកនៃក្រុមហ៊ុន Mong Reththy Group CoLtd និងជាអ្នកជំនួញដែលមានឥទ្ធិពលបំផុតនៅប្រទេសកម្ពុជា ហើយក្រៅតែ​ជាពាណិជ្ជករលោកក៏ជាសមាជិក​ព្រឹទ្ធ​សភា​មកពីខាង​គណបក្សប្រជាជនកម្ពុជាផងដែរ។

លោក ម៉ុង ឬទ្ធី កើតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៥៩ ស្ថិតក្នុងភូមិ​ត្រពាំ​រួម ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ដែលមានបងប្អូនចំនួន ១២នាក់ និងបានរៀនចប់នៅសម័យ សង្គមរាស្រ្តនិយម ត្រឹមថ្នាក់ទី៩ ឬ ថ្នាក់ទី៤ សម័យថ្មី។ លោក ម៉ុង ឫទ្ធី បានទទួលងារ ឧកញ៉ា កាលនៅមានតម្លៃប្រមាណពី១០ម៉ឺនទៅ១៣ម៉ឺនដុល្លារ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៦ តាមរយៈព្រះរាជក្រឹត្យលេខ ០៦៩៦/២៧។

ដើមឡើយ ម៉ុង ឫទ្ធី គ្រុប គឺជាក្រុមហ៊ុនតូចមួយដែលផ្តើមចេញពីគំនិតច្នៃប្រឌិតរបស់អ្នកជំនួញម្នាក់មកពីគ្រួសារក្រីក្រនៅតាមជនបទគឺ លោក ម៉ុង ឫទ្ធី។ លោកបានវិនិយោគលើក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៩៣ ខណៈក្រុមហ៊ុនលោកបានទទួលនូវការចុះបញ្ជីពាណិជ្ជកម្មឡើងវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានដើមទុនដំបូងត្រឹមតែ ១.០០០ដុល្លារប៉ុណ្ណោះ។

បច្ចុប្បន្ន ម៉ុង ឫទ្ធី គ្រុប ជាក្រុមហ៊ុនកសិ-ឧស្សាហកម្មធំបំផុតនៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង ៥ នៅអាស៊ីអាគ្នេយ៍។ ជោគជ័យ​ដ៏​អស្ចារ្យ​នេះ គឺ​បាន​មក​ពី​ការ​ដឹក​នាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយរបស់មហាសេដ្ឋី ម៉ុង ឬទ្ធី និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត ជាមួយកិច្ចខិតខំប្រឹងប្រែងរបស់និយោជិកជាង ១០.០០០នាក់ ដែលប្រកាន់ខ្ជាប់នូវក្រមសីលធម៌សាជីវកម្ម។

ស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានលើកឡើងថា៖ “សម្រាប់​អនាគត យើង​ត្រូវ​តែ​បន្ត​តាំង​ចិត្ត​ផ្តោត​លើ​ភាព​ល្អឥតខ្ចោះ ដើរ​ឲ្យ​ទាន់​​​ការ​ផ្លាស់ប្តូរ​ និង​ការ​ច្នៃ​បង្កើត​ថ្មីៗ អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​ប្រសើរ​ជា​ង​មុន និង​ជម្នះ​រាល់​ការ​ផ្លាស់ប្តូរ​ទាំង​ឡាយ​ដែល​យើង​នឹង​ប្រឈម​នៅ​ថ្ងៃ​អនាគត។“

បើយោងតាមគេហទំព័រក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានបង្ហាញមុខជំនួញក្នុងពហុវិស័យក្រោមរូបភាពនៃការប្រកួតប្រជែង និងដឹកនាំដោយមហាសេដ្ឋី ម៉ុង ឫទ្ធី ទទួលនូវផលិតផល និងពង្រីកសកម្មភាពអាជីវកម្មបន្ថែមឥតឈប់ឈរជាច្រើន រួមមាន៖

១.ក្រុមហ៊ុន សំណង់ក្មេងវត្ត

ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៩៦ ជាក្រុមហ៊ុនសំណង់ដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ រាល់សំណង់ស្ពាន និងផ្លូវសុទ្ធតែត្រូវបានសាងសង់យ៉ាងព្រឹតព្រៀងបំផុតស្របតាមស្តង់ដារ ACI (American Concrete Institute)។ 

ក្រុមហ៊ុន សំណង់ក្មេងវត្តចូលរួមកសាងជាង ២.០០០ សាលារៀន មន្ទីរពេទ្យ អគាររដ្ឋាភិបាល វត្តអារាម ផ្លូវថ្នល់ និងស្ពាន ហើយបានធ្វើការកែលម្អនូវផ្លូវសំខាន់ៗចំនួន ៦ ក្រោមជំនួយឧបត្ថមពី ADB និងធនាគារពិភពលោក ស្របតាមស្ដង់ដារគុណភាពខ្ពស់ ដោយប្រើប្រាស់នូវគ្រឿងចក្រទំនើបជាមួយសម្ភារៈមានគុណភាពខ្ពស់ បូករួមនឹងវិធីសាស្រ្តមានការពិសោធន៍យ៉ាងច្បាស់លាស់។

២.ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា

បានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៩៦ ដែលជាការបណ្ដាក់ទុនរវាង MRG និងក្រុមហ៊ុន TCC Group ។ ឆ្នាំបន្ទាប់ក្រុមហ៊ុនបានដាំដូងប្រេងបានចំនួន ៤៧៧ ហិចតា។ សព្វថ្ងៃនេះបានពង្រីកការដាំដុះលើផ្ទៃដី ១៦.០០០ ហិចតា ហើយក្លាយជាក្រុមហ៊ុនដាំដុះដូងប្រេងធំជាងគេនៅកម្ពុជា និងជាប់លំដាប់ទី ៤នៅអាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ ក្រុមហ៊ុនមហាសិកម្ម ម៉ុង ឬទ្ធី ក៏បានបង្ហាញរបាយការណ៍នាំចេញដូងប្រេងឆៅទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសហគមន៍អឺរ៉ុប ដោយទទួលបាននូវវិញ្ញាបនបត្រ RSPO នៅថ្ងៃទី ១៥ សីហា ២០១២។

៣.ក្រុមហ៊ុន ផែ ឧកញ៉ាម៉ុង

ផែ ឧកញ៉ាម៉ុង ត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៣ វិនិយោគក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាការចូលហ៊ុនដោយពាណិជ្ជករថៃ គឺក្រុមហ៊ុន TCC Group។ កំពង់ផែនេះ បានដើរតួយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ដោយផ្ដល់នូវសេវាកម្មកំពង់ផែសមុទ្រធំមួយសម្រាប់ការដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា និងប្រទេសដ៏ទៃទៀតលើពីភពលោក។

ការបណ្តាក់រួមគ្នានេះ ដើម្បីបានជាកំពង់ផែសមុទ្រឯកជនដំបូងគេបង្អស់របស់ប្រទេសកម្ពុជា ជាមួយផ្ទៃដីសរុបប្រមាណ ២៦.៥០ហិចតា សម្រាប់ជាទីលានកំពង់ផែ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងមានផ្ទៃដី ៧៣.៥០ហិចតា សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ហើយការនាំចូលចម្បងៗ គឺមកពីប្រទេសថៃ ចិន និងម៉ាឡេស៊ី។

៤.ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី(ខេមបូឌា)

ក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុនបានផ្លាស់ប្ដូរនូវវិស័យម្ហូបអាហារដោយផ្គត់ផ្គង់នូវជ្រូកមេ និងជ្រូកបាពូជមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ដែលពីមុនសាច់ជ្រូកមានគុណភាពខ្ពស់គឺមានតែនាំចូលតែប៉ុណ្ណោះ។ 

អាចនិយាយថានេះជាកសិដ្ឋានបង្កាត់ជ្រូកធំបំផុតក្នុងប្រទេស និងជាក្រុមហ៊ុនដំបូងដែលបាននាំចូលពូជជ្រូកបាពី Yorkshire ចក្រភពអង់គ្លេស។ នៅឆ្នាំ២០១៨ ក្រុមហ៊ុនបានបង្កើនជ្រូកមេរហូតដល់ ១៨.០០០ ក្បាល ដែលត្រូវតាមស្ដង់ដារពិភពលោកលើផ្នែកអនាម័យ និងសុវត្ថិភាពម្ហូបអាហារ។

ក្រុមហ៊ុន M’s PIG ACMC គឺ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ស្ថិត​ក្នុង​ភូមិ​មនោរម្យ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

៥.ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ើរ ផ្លេនថេសិន

បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដែលនឹងក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំមុខគេនៅកម្ពុជាក្នុងការផលិតកៅស៊ូ។ ការដាំដុះត្រូវបានគ្រប់គ្រងដោយអ្នកមានបទពិសោធន៍ក្នុងស្រុក និងបរទេសដើម្បីធានានូវទិន្នផល និងអាយុអតិបរិមានៃដើមកៅស៊ូនីមួយៗ។

តាមតួលេខពីវេបសាយក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ើរ ផ្លេនថេសិន ក្នុងឆ្នាំ២០១៤ មានដើមកៅស៊ូ ២.០០០.០០០ដើម ត្រូវបានដាំដុះ ។ ជាមួយគ្នានេះក្រុមហ៊ុនបាននឹងកំពុងសាងសង់នូវរោងចក្រផលិតជ័រកៅស៊ូ ដែលមានសមត្ថភាពផលិត ៤តោនក្នុង ១ម៉ោង ប្រើប្រាស់កម្មករជៀរជ័រលើសពី ១.០០០ នាក់។ ខណៈក្រុមហ៊ុនមហាសេដ្ឋី ម៉ុង ឬទ្ធី ក៏បាននាំចូលកូនកៅស៊ូដំបូងមកពីក្រៅប្រទេសផងដែរ។

៦.ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (ខេមបូឌា)

ជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីស្រឡាងរបស់ក្រុមហ៊ុន Multico ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ១៦ នៅទូទាំងអាស៊ី ដែលជាអ្នកចែកចាយធំបំផុតផ្នែកគ្រឿងចក្រឧស្សាហកម្ម។ រយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ ម៉ាក Multico តំណាងឲ្យទំនុកចិត្ត ភាពជាដៃគូយូរអង្វែង និងផ្ដល់សេវាកម្មល្អបំផុត។

ជាក្រុមហ៊ុនសហអាជីវកម្មរវាងក្រុមហ៊ុន Mong Reththy Group និងក្រុមហ៊ុន Multico សិង្ហបុរី ដែលជាអ្នកឯកទេសផ្នែកគ្រឿងចក្រនៅអាស៊ី ដែលបានចែកចាយនាំមុខគេផ្នែកគ្រឿងចក្រ គ្រឿងបន្លាស គ្រឿងម៉ាស៊ីន ម៉ាស៊ីនភ្លើង សេវាកម្មជួសជុល ផលិតផលថាមពលមិនប៉ះពាល់បរិស្ថាន និងដំណោះស្រាយសន្សំសំចៃថាមពល។

ក្រុមហ៊ុននេះ ក៏ជាអ្នកចែកចាយផលិតផលនាំមុខលំដាប់ពិភពលោក ដូចជាម៉ាក Wirtgen, Sinomach, Massey Ferguson, Tadano, Clark, Morbark និង Perkins ដែលចែកចាយទៅឧស្សាហកម្មផ្សេងៗដូចជា សំណង់ រ៉ែ នាវា បរិស្ថាន និងការកែច្នៃឡើងវិញ។

Multico Group កំពុងតែមានកំណើនជាមធ្យម ២០%ក្នុងមួយឆ្នាំៗ ជាមួយចំណូលប្រចាំឆ្នាំលើសពី ១០០លានដុល្លារ។

៧.ក្រុមហ៊ុន ឃីងដឹម ហ្រ្វ៊ូត អ៊ិនធើណេសិនណល

ជាក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកទេសក្នុងការកែឆ្នៃផលិតផលផ្លែឈើដ៏ទំនើប ខណៈដែលក្រុមហ៊ុនមហាសេដ្ឋីរូបនេះបានសហការជាមួយនឹងដៃគូអន្តរជាតិ ដើម្បីធានាផលិតផលផ្លែឈើកម្ពុជានាំចេញទៅកាន់ទីផ្សារពិភពលោក សុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ និងសុវត្ថិភាពទៀតផង។ 

ឃីងដឹម ហ្រ្វ៊ូត គឺជាក្រុមហ៊ុនបណ្ដាក់ទុនរវាង MRG និងក្រុមហ៊ុននាំចេញនាំចូលផ្លែឈើរបស់ប្រទេសសិង្ហបុរី។ ក្រុមហ៊ុនក៏បាននាំចេញស្វាយទៅកាន់ប្រទេសចិនជាលើកដំបូងគេបង្អស់ក្នុងប្រទេស។ ឃីងដឹម ហ្វេ័ត ក៏មានកិច្ចព្រមព្រៀងជាមួយនឹងកសិករ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទៅតាមតម្រូវការជានិរន្ត ដោយកំណត់តម្លៃនៃការទិញសម្រាប់កសិករទាំងអស់រៀងរាល់រដូវ៕

តើពាណិជ្ជករមានរហស្សនាមស្តេចកសិកម្មមហាសេដ្ឋី ម៉ុង ឫទ្ធី កំពុងក្តោបក្តាប់ជំនួញធំៗប៉ុន្មានក្នុងដៃ?
247 Shares