មកស្គាល់សេដ្ឋីមាន​បំផុត​ទាំង ៥ នៅប្រទេសថៃ ក៏​មាន​ម្ចាស់​ក្រុមហ៊ុន​ផលិតស្រាបៀរ​ឆាង​ដ៏ល្បីដែរ

សង្គម​និង​សេដ្ឋកិច្ច

ថៃ​ជាប្រទេស​ជាប់ភូមិផង​ជាមួយ​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​ប្រទេស​កូនខ្លា​មួយ​នៅ​អាស៊ី ដែល​ប្រទេស​នេះ​មាន​សេដ្ឋីប្រាក់ពាន់​លាន​ជោគជ័យលើ​មុខជំនួញជាច្រើននាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​និយាយ​ពី​សេដ្ឋី​នៅ​ថៃ​មាន​រាប់​រយនាក់ តែ​មហាសេដ្ឋីទាំង ៥ ដែល​ឧកញ៉ាញូន៍​ នឹង​បង្ហាញ​នេះ ជា​មហាសេដ្ឋី​មានជាង​គេ​ប្រចាំប្រទេស​ថៃ៖

1/ បងប្អូន​ត្រកូល Chearavanont មាន​ទ្រព្យប្រមាណ​ ២៧ ពាន់លានដុល្លារ

បងប្អូន​ត្រកូល Chearavanont គឺ​ជាស្ថាបនិកក្រុមហ៊ុន​ផលិតចំណី និង​ចិញ្ចឹមសត្វ​យកសាច់​លក់​ធំបំផុត​មួយក្នុងលោក ដែលមានឈ្មោះថា Charoen Pokphand ឬប្រជាជន​យើងនិយម​ហៅថា CP។

កាលពីពេល​ថ្មីៗនេះ​ទៀតសោត​ ក្រុមហ៊ុន Tesco នៅក្នុងប្រទេសថៃ​ និងម៉ាឡេស៊ី ក៏ត្រូវបាន​គ្រួសារអ្នកមានបំផុតមួយនេះ​ ទិញយកកាលពីខែ​មីនា ២០២០ ដោយចំណាយប្រមាណ ១០.៦ ពាន់លានដុល្លារ។

2/ស្ថាបនិកក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវកម្លាំង Red Bull លោក Chalerm Yoovidhya មាន​ទ្រព្យប្រមាណ ២០.២ ពាន់លានដុល្លារ

បើនិយាយ​ពីភេសជ្ជៈ​ប៉ូវកម្លាំង អ្នកណាមិនស្គាល់ Red Bull ឬគេនិយម​ហៅថា គោជល់​នោះ តែប្រិយមិត្ត​ប្រហែលជា​មិនទាន់ជ្រាបទេថា​ ម្ចាស់ក្រុមហ៊ុន​មួយនេះគឺជា​បុគ្គល​មានបំផុតទី ២ ប្រចាំប្រទេសថៃលោក Chalerm Yoovidhya។

3/ ស្ថាបនិកក្រុមហ៊ុន​ Thai Berverage លោក Charoen Sirivadhanabhakdi មាន​ទ្រព្យប្រមាណ ១២.១ ពាន់លានដុល្លារ

បុគ្គលទី ៣ ដែលស្ថិត​ក្នុងបញ្ជីមួយនេះ​គឺជាសេដ្ឋី​វិវត្តខ្លួន​ផ្ដើមចេញពីចំនុចសូន្យ គឺលោក Charoen Sirivadhanabhakdi ដែលមានឪពុក​ជាអ្នកលក់ភេសជ្ជៈតាម​ចិញ្ចើមផ្លូវ​នៃទីក្រុងបាងកក។

សមត្ថភាពរបស់មហាសេដ្ឋីរូបនេះ​ គឺពិតជា​មិនសរសើរ​មិនបាន ពោលគឺលោក​ជំនាញ​ក្នុងការ​ច្របាច់ផលិតផល​បញ្ចូលគ្នា​ និងនាំចេញ​លើទីផ្សារអន្តរជាតិ​ ខណៈមុខជំនួញ​ដែលគេ​ស្គាល់លោកភាគច្រើន គឹ​ក្នុងនាមជាស្ថានិកក្រុមហ៊ុន​ Thai Beverage ដែលផលិតស្រាបៀរឆាង (Chang Beer)។

4/គ្រួសារ​ត្រកូល​Chirathivat មានទ្រព្យ​ប្រមាណ​ ៩.៥ ពាន់លានដុល្លារ

Central Group គឺជាក្រុមហ៊ុន​អភិវឌ្ឍន៍ និងលក់នូវ​គម្រោងផ្សារ​ធំបំផុត​នៅប្រទេសថៃ ហើយវា​ក៏ជាជំនួយ​បន្តជំនាន់របស់​គ្រួសារ Chirathivat ផងដែរ។

បច្ចុប្បន្ន Central Group គឺ​ស្ថិត​ក្រោមការគ្រប់គ្រង​របស់ Tos Chirathivat ដែល​ត្រូវជាចៅ​របស់ស្ថាបនិកក្រុមហ៊ុន Tiang Chirathivat  និងជាកូន​ Samrit Chirathivat ដែលជា​អ្នកបង្កើត​មជ្ឈមណ្ឌល​ទិញ​ទំនិញ​លើកដំបូង​បំផុតនៅប្រទេសថៃក្នុងឆ្នាំ ១៩៥៧។

ក្រោមការដឹកនាំ​របស់ Tos Chirathivat ក្រុមហ៊ុន​បាន​ពង្រីក​ហាងលក់ទំនិញ​របស់ខ្លួន​ទូទាំងអាស៊ីអាគ្នេយ៍ ហើយក្រោយមកទៀត​ក៏ឈានចូលដល់​ទ្វីបអឺរ៉ុប​ដោយ​បានទិញ​សាខាហាង​របស់អ៊ីតាលី​ឈ្មោះ La Rinascente ក្នុងតម្លៃ ២៩១ លានដុល្លារអាមេរិក​ក្នុងឆ្នាំ ២០១១ និងសាខាហាង​ដាណឺម៉ាក Illum ខណៈ​ចំនួនទឹកប្រាក់​មិនត្រូវបាន​បង្ហាញក្នុងឆ្នាំ ២០១៥ ។ ក្រុមហ៊ុននេះ​ក៏ជាផ្នែកមួយនៃការបណ្តាក់ទុនរួមគ្នា​ជាមួយក្រុមហ៊ុន JD.com របស់ចិន ដែលមានទឹកប្រាក់ ៥៦០ លានដុល្លារ ដើម្បីបង្កើត JD Central ដែលជា​គេហទំព័រពាណិជ្ជកម្ម​តាមប្រព័ន្ធអ៊ីនធឺណេត​ទៀតផង។

5/ លោក Sarath Ratanavadi  មាន​ទ្រព្យ​ប្រមាណ ៩.៥ ពាន់លានដុល្លារ

លោក Sarath Ratanavadi ត្រូវបាន​តែងតាំង​ជានាយក និង​ក្រោយមក​ជា CEO នៃក្រុមហ៊ុនធំបំផុត​ទី ៣ ផ្នែក​ផ្គត់ផ្គង់ថាមពល គឺក្រុមហ៊ុន​ Gulf Energy Development កាលពីខែឧសភា​ ២០១៧។

ក្នុងឆ្នាំដដែលនោះ​ CEO រូបនេះ​ បានធ្វើ​ឲ្យភាគហ៊ុនក្រុមហ៊ុន​កើនដល់ទៅជាង ៧០០ លានដុល្លារ​ដែលនេះគឺជា ចំនួន​ខ្ពស់បំផុតមួយ​ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ​នៅប្រទសថៃ។ ហើយចាប់តាំងពីពេលនោះមក​ ភាគហ៊ុននៃក្រុមហ៊ុន​ក៏មានការកើនឡើង​ជាបន្តបន្ទាប់​រហូតដល់ជាង ១ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩។

បន្ថែមពីនោះ​ ក្រុមហ៊ុន​ដែល​មានមូលដ្ឋាននៅទីក្រុងបាងកក ក៏មាន​គម្រោង​ក្នុងការ​ផលិតថាមពល​ព្រះអាទិត្យ (ថាមពលសូឡា) ទូទាំងប្រទេសផងដែរ ដោយពួកគេ​បានសាងសង់​រោងចក្រ​ផ្គត់ផ្គង់ថាមពលសូឡា លើកដំបូង​នៅប្រទេសថៃ​ ដោយមាន​ការបណ្ដាក់ទុន​ជាមួយអ្នកវិនិយោគ​ជនជាតិជប៉ុនផងដែរ៕

ប្រភព៖ SCMP