គូស្នេហ៍​លំដាប់​សេដ្ឋី​ JAY-Z/Beyonce ជាម្ចាស់រថយន្តថ្លៃបំផុតលើលោកតម្លៃ ២៨ លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

គូស្នេហ៍​លំដាប់​សេដ្ឋី​ Jay-Z និង Beyonce ត្រូវ​បាន​គេ​ដឹង​ថា ចាយ​លុយ​មិន​សូវ​រិះថាំ​ឡើយ ពោល​គឺ​ឲ្យ​តែ​មើលឃើញ​ ស្រឡាញ់ ពេញចិត្ត គឺ​ជះ​លុយ​ចំណាយ​ភ្លាមៗ​តែ​ម្ដង។ ជាក់ស្ដែង​កាលពី​ឆ្នាំទៅ​អ្នក​ទាំង ២ បាន​ចាយ​លុយ​ប្រមាណ ២ លាន​ដុល្លារ​សម្រាប់​ដំណើរ​កម្សាន្ត​រយៈពេល​មួយ​សប្ដាហ៍​នៅ​លើ​ផ្ទៃ​ទឹក​ ដោយ​ប្រើប្រាស់​នាវា​ផ្ទាល់ខ្លួន​ដ៏​ធំ​មួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក​ កាលពី​ពេលថ្មីៗនេះ​មាន​លេច​លឺ​ចចាមអារ៉ាម​ថា ប្ដីប្រពន្ធ​មួយគូ​នេះ​គឺ​ជា​ម្ចាស់​រថយន្ត​តម្លៃ​ថ្លៃ​បំផុត​លើ​លោក​ថែមទៀត​ ដោយ​វា​គឺជា​ប្រភេទ​ Rolls-Royce Boat Tail ដែល​មាន​តម្លៃ​ដល់ទៅ​ ២៨ លាន​ដុល្លារ​អាមេរិក។

តើ​រថយន្ត​ខាងលើ​មាន​លក្ខណៈ​សម្បត្តិ​បែប​ណាខ្លះ​ ទើប​វា​មាន​តម្លៃ​មហាសាល​បែបនេះ? រថយន្ត​មួយ​នេះ​រចនា​ឡើង​គឺ​តម្រូវ​ចំពោះ​អតិថិជន​ដែល​មាន​ទំនោរ​ចូល​ចិត្ត​ការ​ដើរលេង​តាម​សមុទ្រ ព្រោះ​​វា​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ពណ៌ Blue Ivy ​គឺ​ដូច​ទៅ​នឹង​ឈ្មោះ​កូនស្រី​សំណព្វ​របស់​គូស្នេហ៍​សិល្បករ​ទាំង​២​រូប​ដែរ។

​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងទៀត​គឺ ដំបូល​នៃ​ឡាន​គឺ​ប្រក់​ដោយ​សរសៃ​កាបូន​ ដែល​អាច​បិត​បើក​បាន ហើយ​នៅ​ផ្នែក​ខាងក្រោយ​គឺ​បំពាក់​ដោយ​ទូ​ឈើ​ប្រណិត​ ដែល​អាច​បំពាក់​ឧបករណ៍​រក្សា​សីតុណ្ហភាព​នៃ​ស្រា​សំប៉ាញ​  និង​កែវ​ស្រា​ ក៏​ដូចជា​ឈុត​ញាំ​អាហារ​មួយ​ឈុត​ផង​ដែរ។

បន្ថែម​ពី​នេះ​ គេ​ដឹង​ថា រថយន្ត​ខាងលើ​រចនា​ឡើង​ដោយ​យក​គំរូ​តាម​ម៉ូដែល Sweptail ដែល​ចេញ​លក់​កាលពី​ឆ្នាំ ២០១៧ ក្នុង​តម្លៃ ១៣ លាន​ដុល្លារ តែ​សម្រាប់​ Boat Tail នឹង​បញ្ចេញ​លក់​នូវ​ ៣ ប្រភេទ​ផ្សេងៗគ្នា​ដើម្បី​បំពេញ​តម្រូវការ​ផ្ទាល់ខ្លួន​ទៅតាម​ប្រភេទ​នៃ​អតិថិជន​នីមួយៗ។

បញ្ជាក់​ថា​ សាមីខ្លួន​ខាងលើ​នៅ​មិនទាន់​ចេញ​មុខ​បកស្រាយ​អំពី​ពាក្យចចាមអារ៉ាម​ខាងលើ​នៅឡើយ​ទេ តែ​បើ​គេ​សង្កេត​មើល​ពី​ទំហំ​ទ្រព្យសម្បត្តិ​ដែល​ប្ដីប្រពន្ធ​សិល្បករ​ដែល​គិត​សរុប​គឺ​ប្រមាណ ២ ពាន់​លាន​ដុល្លារ​អាមេរិក​នោះ ឡាន​ត្រឹម ២៨ លាន​ដុល្លារ​ច្បាស់​ជា​មិនមែន​ជា​បញ្ហា​សម្រាប់​ពួកគេ​ឡើយ។

ប្រភព: Celebritynetworth