ក្រុមហ៊ុនផលិតកង់រថយន្ត Cart Tire តម្លៃជាង ៣៥០លានដុល្លារអាមេរិក គ្រោងនឹងបញ្ជាទិញជ័រកៅស៊ូក្នុងស្រុក ១០០%

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនចិន Cart Tire Co., Ltd តម្លៃជាង ៣៥០លានដុល្លារអាមេរិក កំពុងដំណើរការសាងសង់រោងចក្រផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជាស្ថិតក្នុងខេត្តស្វាយរៀង ខណៈដែលក្រុមហ៊ុននឹងបញ្ជាទិញផលិតផលជ័រកៅស៊ូក្នុងស្រុក ១០០% ពោលគឺប្រមាណ ៥ម៉ឺនតោន នៅឆ្នាំទី១ ១៥ម៉ឺនតោន ហើយនៅឆ្នាំទី៥តម្រូវការនឹងត្រូវកើនឡើង ១៥០ម៉ឺនតោន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្ទាប់ពីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា ចុះពិនិត្យទីតាំងការដ្ឋានផ្ទាល់កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោក សុខ ចិន្តាសោភា និយាយថា រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា នឹងជួយជំរុញតម្រូវការជ័រកៅស៊ូ និងរក្សាស្ថិរភាពតម្លៃ ខណៈបច្ចុប្បន្នកម្ពុជានាំចេញផលិផលជ័រកៅស៊ូស្ទើរ ១០០% ទៅទីផ្សារក្រៅប្រទេស។

យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតផលជ័រកៅស៊ូសរុបរយៈពេល៦ខែ ឆ្នាំ២០២១ សម្រេចបានចំនួន ១៣៣ ៣៦៧ តោន បានកើនឡើង ៥,៧៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។

បច្ចុប្បន្នគម្រោងនេះកំពុងសាងសង់លើផ្ទៃដីទំហំ ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ៤ ០០០កន្លែង ជូនដល់កម្មករនិយោជិត។

បើយោងតាមរបាយការណ៍ក្រុមហ៊ុន នៅឆ្នាំដំបូង ការផលិតនឹងត្រូវការកៅស៊ូប្រមាណ ៥០ ០០០តោន ដោយនឹងកើនឡើងរហូតដល់ ១៥០ ០០០តោន នៅ៥ឆ្នាំខាងមុខ ឬស្មើនឹងប្រមាណ ៤៣% នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ២០២០៕