ឧកញ៉ានិងបណ្ឌិតដែលមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាយល់ឃើញថា វាមិនមានអ្វីខុសនោះទេ ក្នុងការដែលសម្តេចសង្ឃតែងតាំងជាទីប្រឹក្សា

សង្គម​និង​សេដ្ឋកិច្ច

ថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានសម្តែងការមិនពេញចិត្តចំពោះការតែងតាំងងារជាទីប្រឹក្សា ដល់សប្បុរសជនពីរនាក់ប្តីប្រពន្ធ គឺលោកជំទាវឧកញ៉ា ស្រី​ ណារួម ដែលគេស្គាល់ថា ម៉ែរួយ និងលោក រួយ មង្គល ​ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ការមិនពេញចិត្តនេះដោយពួកគាត់លើកហេតុនឹងអះអាងថា មិនសាកសមតែងតាំងអ្នកលក់ឡេ ច្រៀងរាំតាមហ្វេសប៊ុក និងគ្រូមន្តអាគមហៅខ្យល់ ហៅទឹកភ្លៀងមកជាទីប្រឹក្សានោះទេ សមតែងតាំងមនុស្សដែលមានសមត្ថភាពនិងមានចំណេះដឹងផ្នែកព្រះពុទ្ធសាសនាទើបត្រឹមត្រូវ។

បណ្ឌិតនិងបញ្ចវ័នខ្មែរដែលមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនា បានបង្ហាញការយល់ថា នេះវាមិនមានអីខុសទេ ក្នុងការដែលសម្តេចសង្ឃសម្រេចត្រាស់ជាទីប្រឹក្សាក្នុងសាសនានោះ។

លោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន និងអតីតជាឧទ្ទេសាចារ្យបង្រៀនផ្នែកព្រះវិន័យ ព្រមទាំងជាអ្នកយល់ច្បាស់ផ្នែកវិន័យបិដកជ្រៅជ្រះ បានបង្ហាញការយល់ឃើញថា៖ “ការតែងតាំងងារជាពុទ្ធសាសនូបត្ថម្ភន៍ចំពោះពុទ្ធបរិស័ទគឺជារឿងល្អ ខណៈដែលពួកគាត់មានសទ្ធាចូលរួមទំនុកបំរុងជាលុយដើម្បីជួយព្រះពុទ្ធសាសនា ប៉ុន្តែការតែងតាំងជាទីប្រឹក្សាគឺវាឆ្គាំឆ្គងណាស់ហើយ”។

បើតាមលោកឧកញ៉ា យ៉ន សេងហាន ការតែងតាំងជាទីប្រឹក្សា ទាល់តែគាត់មានចំណេះដឹង មានស្នាដៃក្នុងព្រះពុទ្ធសាសនា ម្យ៉ាងការតែងតាំងខ្លះ នាំឲ្យខូចសាសនាទៅវិញទេ។

នាយកវិទ្យាស្ថានតេជោសែនសាធារណាការ និងដឹកជញ្ជូន លោកបណ្ឌិត ហឿន សំនៀង អតីតអ្នកបួសបានច្រើនវស្សានិងសិក្សាខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនានៅប្រទេសអភិវឌ្ឍន៍ បានលើកឡើងថា៖ “ខ្ញុំមិនមានចម្លើយពិតប្រាកដទេ ព្រោះថា រឿងតែងតាំងទីប្រឹក្សាជាឆន្ទានុសិទ្ធិរបស់សម្តេចៗព្រះសង្ឃតែប៉ុណ្ណោះ ម្យ៉ាងក៏ខ្ញុំមិនដឹងពីអ្វីៗនៅពីក្រោយសាច់រឿងនោះដែរ”។

លោក សំនៀង បានអះអាងថា៖ “សម័យសង្គ្រាម គេយកអ្នកខ្លាំងផ្នែកយុទ្ធសាស្ត្រសង្គ្រាមមកធ្វើជាទីប្រឹក្សា សម័យកាលហឺហារ គេយកអ្នកពូកែរកលុយ មកធ្វើជាទីប្រឹក្សាមានអីខុស រឿងដែលខុស​ គឺ អត់លុយនោះឯង”។

ជាគំនិតផ្ទាល់ខ្លួន លោក សំនៀង គូសបញ្ជាក់ថា៖ ការតែងតាំងជាទីប្រឹក្សានេះ មិនមានអីខុសទេ (ច្បាប់រដ្ឋមិនបានកំណត់ថា សម្តេចសង្ឃមិនអាចមានទីប្រឹក្សានោះទេ ឯច្បាប់សាសនាក៏មិនហាមឃាត់ដែរ) តែរឿងសំខាន់នោះ គឺថា តើយកទីប្រឹក្សា ដើម្បីប្រឹក្សាយោបល់ដោះស្រាយបញ្ហាអ្វី? បើចង់ដោះស្រាយបញ្ហាលុយកាក់ យកអ្នកមានពូកែរកលុយជាទីប្រឹក្សា បើចង់ដោះស្រាយបញ្ហាគ្មានចំណេះដឹង យកអ្នកប្រាជ្ញបណ្ឌិតជាទីប្រឹក្សា ជាដើម។ ចម្លើយពិតគឺថា តើចង់ដោះស្រាយបញ្ហាអ្វី? រកអ្នកជំនាញផ្នែកនោះៗ មកជាទីប្រឹក្សា និងធ្វើតាមគេទៅជាការស្រេច។

បើតាមអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងអតីតព្រះសង្ឃសិក្សានៅប្រទេសឥណ្ឌាផ្នែកព្រះពុទ្ធសាសនា លោកឧកញ៉ា ផន វណ្ណិត បានលើកឡើងថា៖ “កិច្ចការនេះគឺខាងសាសនាជាអ្នករៀបចំចាត់ចែង ចំពោះការតែងតាំងវាចេះតែមានអ្នកទាស់ទាល់ហើយ ប៉ុន្តែព្រះពុទ្ធសាសនារុងរឿងទៅបានក៏ដោយសារបរិស័ទបួនពួកដែរ”។

លោកឧកញ៉ាគូសបញ្ជក់ថា៖ “បច្ចុប្បន្នសម្តេចសង្ឃនៅស្រុកខ្មែរកំពុងមានការគាំទ្រ និងឧបត្ថម្ភពីពុទ្ធបរិស័ទច្រើន ចឹងលោកប្រោសព្រះរាជទានទៅដល់អ្នកដែលជួយឧបត្ថម្ភសាសនា ហើយលោកសព្វព្រះទ័យត្រាស់បញ្ញតិ្តងារជាទីប្រឹក្សាគឺអត់ទាស់ខុសអ្វីនោះទេ ព្រោះគេមានគុណសម្បត្តិ និងអាចប្រឹក្សាជួយលើកតម្លៃព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន”។

លោកបន្តថា សម្រាប់សម្តេចសង្ឃលោកមានសិទ្ធិក្នុងការតែងតាំងអ្នកណាម្នាក់ដើម្បីឡើងងារជាទីប្រឹក្សាដោយស្របច្បាប់។

លោកបន្តថា សម្រាប់ឧកញ៉ា ស្រីណារួម គាត់ក៏មានអ្នកគាំទ្រច្រើន ដូច្នេះគាត់មានងារជាទីប្រឹក្សាច្បាស់ណាស់ថាគាត់នឹងនាំអ្នកគាំទ្រឲ្យមកចូលរួមក្នុងព្រះពុទ្ធសាសនា នឹងស្រឡាញ់សាសនាឲ្យកាន់តែច្រើនឡើង គាត់ក៏ជាមនុស្សម្នាក់ដែលជួយក្នុងកិច្ចការសាសនា។

លោកឧកញ៉ា ផន វណ្ណិត បានលើកឧទាហរណ៍សម័យព្រះមកបញ្ជាក់ថា អង្គុលិមាល កាត់ដៃហើយនិងសម្លាប់មនុស្សចំនួន ៩៩៩នាក់ ចុងក្រោយអង្គុលិមាល ក៏នៅតែជាសាវ័កល្អរបស់ព្រះសម្មាសម្ពទ្ធដោយការសន្តោសនិងប្រស់ប្រណី។ ក្រឡេកមកវិញ ការតែងតាំងនេះ ជាការលើកទឹកចិត្តឱ្យបុគ្គលម្នាក់មានឈ្មោះ តែមិនមានជាការផ្ដល់អំណាចឱ្យអ្វីអោយបុគ្គលនោះទេ អាចអោយបុគ្គលនោះចូលទៅកៀក ជិតនិងសាសនា ហើយថែមទាំងញាំងបុគ្គលនោះជ្រះថ្លាហើយ ឱ្យជ្រះថ្លាថែមទៀតផង។

លោកឧកញ៉បញ្ជាក់បន្ថែមថា ការងារនៅក្នុងសាសនានិងសម្តេចសង្ឃ គឺគ្មានការងារណាដែលមានប្រាក់ចំណូលនោះទេ ចឹងត្រូវការផ្គត់ផ្គង់ឧបត្ថម្ភពីពុទ្ធបរិស័ទទាំងអស់ ព្រោះព្រះពុទ្ធសាសនារីកចំរើនទៅបានដោយសារបរិស័ទ ៤ពួកចូលរួមជ្រុមជ្រែងទល់ទប់ខ្ជែងពីខាងទាំងបួនជ្រុងឲ្យរឹងមាំ និងឲ្យនឹង។

សូមបញ្ជាក់ថា រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​បាន​កំណត់​ថា ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ ៩០% គឺ​ជា​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ច្រើន​ជំនាន់​កន្លង​ទៅ​និង​នា​បច្ចុប្បន្ន​នេះ។

ជាទូទៅ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន គោរព​ប្រតិបត្តិ​ព្រះសង្ឃ​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា តាម​ជំនឿ និង​ទំនៀមទម្លាប់​តៗគ្នា​ពី​ដូនតា​មក។ ប្រជាពលរដ្ឋ​អ្នក​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា​ចាត់​ទុក​ព្រះសង្ឃ​ជា​ទីពឹង នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដូច​ជា ត្រូវ​ការ​ព្រះសង្ឃ​ចូលរួម​បុណ្យ​ប្រពៃណី​មាន បុណ្យភ្ជុំបិណ្ឌ មាឃបូជា ពិសាខបូជា បុណ្យ​សព​ក្រុម​គ្រួសារ​សាច់ញាតិ ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់ ពេល​រៀបអាពាហ៍ពិពាហ៍ បុណ្យជាតិ​ដូចជា បុណ្យចូលឆ្នាំ បុណ្យខួប​ឯករាជ្យជាតិ និង​ពិធីបុណ្យ​ច្រើន​ទៀត ដែល​ប្រជាពលរដ្ឋ មន្ត្រីរាជការ សង្គម​ស៊ីវិល អាជីវករ សិប្បករ សុទ្ធសឹងតែ​ត្រូវការ​ព្រះសង្ឃ​នៃ​ព្រះពុទ្ធសាសនា។

ដោយសារ​ពលរដ្ឋ​ខ្មែរ​មាន​តម្រូវការ​ព្រះសង្ឃ​នៅ​គ្រប់​ការងារ​សង្គម​បែប​នេះ មាន​សាធារណមតិ​​មួយ​ចំនួន​ធំ​បាន​លើក​តម្កើង​ថា ព្រះពុទ្ធសាសនា បាន​រួមចំណែក​ធ្វើ​ឲ្យ​សង្គម​មាន​ការ​អភិវឌ្ឍន៍ តាំងពី​អតីតកាល បច្ចុប្បន្នកាល និង​តទៅ​អនាគតកាល​ថែមទៀត៕