បណ្ឌិត ហឿន សំនៀង៖ វិទ្យាស្ថានតេជោសែន សាធារណការ មានការប្ដេជ្ញាចិត្ដខ្ពស់បំផុត ក្នុងការកសាងធនធានមនុស្សប្រកបដោយជំនាញច្បាស់លាស់

សង្គម​និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បើកថ្នាក់បំប៉នសមត្ថភាពភាសាអង់គ្លេសដល់និស្សិតជំនាន់ទី១ ដើម្បីឱ្យក្លាយទៅជាធនធានមនុស្សប្រកបដោយគុណភាព និងសក្ដានុពលខ្ពស់ សម្រាប់រួមចំណែកអភិវឌ្ឍសង្គមជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោកបណ្ឌិត ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា៖ ដោយមានការយកចិត្ដទុកដាក់ខ្ពស់ពីសំណាក់លោកទេសរដ្ឋមន្ដ្រី ក្នុងការកសាងសមត្ថភាពរបស់និស្សិត ឱ្យក្លាយទៅជាធនធានមនុស្សប្រកបដោយគុណភាព និងសក្ដានុពលខ្ពស់ សម្រាប់រួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាល និងជាធនធានមួយដ៏ខ្លាំងពូកែ ដែលនឹងប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្ដរជាតិនាពេលអនាគត ក៏ដូចជាបម្រើដល់ការសិក្សាស្រាវជ្រាវ និងការទំនាក់ទំនងរបស់និស្សិត លោកបានអនុញ្ញាតឱ្យវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បង្កើតថ្នាក់បំប៉នសមត្ថភាពភាសាអង់គ្លេសដល់និស្សិតជំនាន់ទី១ ដែលមិនតម្រូវឱ្យនិស្សិតបង់ប្រាក់ ឬកម្រៃសេវាបន្ថែមក្នុងការសិក្សានោះទេ។

លោកបន្តថា កម្មវិធីបំប៉នភាសាអង់គ្លេសនេះ ធ្វើឡើងក្រោយពីសង្កេតឃើញថា សមត្ថភាពភាសាអង់គ្លេសរបស់និស្សិត ភាគច្រើននៅមានកម្រិត។ មុនពេលចូលរៀននិស្សិត ត្រូវឆ្លងកាត់ការប្រឡងវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេស (English Proficiency Test) និងបានបែងចែកជា ៣កម្រិត គឺ Elementary, Pre-Intermediate, និងIntermediate។ ចំពោះ លោកគ្រូ-អ្នកគ្រូ ដែលត្រូវបង្រៀនថ្នាក់បំប៉នសមត្ថភាពភាសាអង់គ្លេសនេះ បានឆ្លងកាត់ការបណ្ដុះបណ្ដាលនៅថ្នាក់ឧត្ដមសិក្សា និងការសម្ភាសន៍ពីគណៈកម្មការជំនាញរបស់វិទ្យាស្ថាន។

បើតាមការអះអាងរបស់លោក ហឿន សំនៀង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានការប្ដេជ្ញាចិត្ដខ្ពស់បំផុត ក្នុងការកសាងធនធានមនុស្សប្រកបដោយជំនាញច្បាស់លាស់ ចំណេះដឹងទូលំទូលាយ និងអត្តចរិក ចរិយាសម្បត្តិត្រឹមត្រូវ (specialization, Knowledge, and moral characters)។

ជាមួយគ្នានេះ លោកក៏បានស្នើដល់សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ មេត្តាចូលរួមជាមួយវិទ្យាស្ថាន ក្នុងការផ្ទេរពុទ្ធិ ចំណេះដឹង ចំណេះធ្វើ និងការអប់រំអត្តចរិត និងចរិយាសម្បត្តិ ដល់និស្សិតឱ្យល្អប្រសើរ និងគុណភាពខ្ពស់។ ចំណែកឯនិស្សិតវិញ ត្រូវប្រឹងប្រែងឱ្យអស់កម្លាំងកាយចិត្ត សមត្ថភាព លះបង់ពេលវេលា និងខិតខំប្រឹងប្រែងតស៊ូសិក្សារៀនសូត្រឱ្យខ្លាំងពូកែ ដើម្បីឆ្លើយតបទៅនឹងគោលបំណងនៃការបើកថ្នាក់បំប៉នសមត្ថភាពភាសាអង់គ្លេសនេះ ក៏ដូចជាការបង្កើតឱ្យមានវិទ្យាស្ថានតេជោសែននេះឡើង។

គិតមកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថាន ទទួលនិស្សិតជំនាន់ទី១ ចំនួន ១៩១នាក់ បាននឹងកំពុងសិក្សាតាមប្រព័ន្ធអនឡាញ លើជំនាញ ចំនួន ៦ ក្នុងដេប៉ាតឺម៉ង់ចំនួន ៣ រួមមាន ១)ដេប៉ាតឺម៉ង់សំណង់ សាធារណការ៖ លើជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ, និងជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់។ ២)ដេប៉ាតឺម៉ង់គ្រប់គ្រងដឹកជញ្ជូន និងភស្តុភារកម្ម៖ លើជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក និងជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និង ៣) ដេប៉ាតឺម៉ង់នាវាចរណ៍៖ លើជំនាញបរិបាលនាវា និងម៉ាស៊ីននាវា។

សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ការបង្កើតវិទ្យាស្ថាននេះឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងការតាំងចិត្តដ៏មោះមុត ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹងទូលំទូលាយ និងសីលធម៌ វិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ហាវិបត្តិកង្វះអ្នកជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលមានភារកិច្ចបណ្តុះបណ្តាលធនធានមនុស្ស និងស្រាវជ្រាវ លើវិស័យសំណង់ស្ពាន ថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវដែក កំពង់ផែ និង វិស័យដឹកជញ្ជូន ផ្លូវគោក ផ្លូវទឹក ផ្លូវសមុទ្រ និងភស្តុភារកម្មជាដើម៕