កម្ពុជា-វៀតណាម ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ បើទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជា និងវៀតណាម បានអះអាងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងលំហូរទំនិញឱ្យកាន់តែរលូន ទោះបីស្ថិតក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមជំនួសរវាងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ និងលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ ខណៈដែលលោកក៏ត្រូវបញ្ចប់អណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

លោករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរួមចំណែករបស់ ឯកអគ្គរដ្ឋទូត លោក Vu Quang Minh លើការអភិវឌ្ឍន៍គ្រប់វិស័យ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ឈានដល់ការរីកចម្រើនជាបន្តបន្ទាប់។

លោករដ្ឋមន្ត្រីបានជម្រាបអំពីវឌ្ឍនភាពនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគី ដែលកម្ពុជាបានបញ្ចប់ការចរចា។ លើសពីនេះ ភាគីទាំងពីរប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែឈានដល់កម្រិតដែលប្រទេសទាំងពីរចង់បាន។

សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម នា​រយៈ​ពេល​៣​ខែ​នៃ​ដើម​ឆ្នាំ​២០២១​នេះ មាន​កំណើន​ខ្ពស់​ដល់​ទៅ ​១០៣% ឬស្មើ ២,៦៩ ពាន់​លាន​ដុល្លារ។ ការ​នាំ​ចេញ​ពីកម្ពុជា​ទៅ​វៀតណាម បន្ត​មាន​កំណើន​ខ្ពស់​ខ្លាំង ​ ប្រៀបធៀប​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​វៀតណាម កាលពីថ្ងៃទី​៦ឧសភា​។

ផលិតផល​នាំ​ចេញ​សំខាន់​ៗ​របស់​កម្ពុជា​ទៅ​វៀតណាម​នា​អំឡុង​ពេល​នេះ គឺ​ភាគ​ច្រើន​ជា​ផលិតផល​កសិកម្ម រួមមាន ​គ្រាប់​ស្វាយ​ចន្ទី ​កៅស៊ូ និង​បន្លែ។ ក៏​មាន​ដែរ ​ផលិតផល​ដែក​និង​ដែក​ថែប​ខាត​។ ដោយ​ឡែក ផលិតផល​វៀតណាម​នាំ​ចូល​កម្ពុជា​វិញ មាន​ដូច​ជា ដែក​និង​ដែកថែប ផលិតផល​សម្លៀក​បំពាក់​ស្បែក​ជើង ប្រេង និង​ហ្គាស​ជាដើម​។

នៅ​ក្នុង​បញ្ហា​ពាណិជ្ជកម្ម​នេះ​ដែរ ភាគី​កម្ពុជា​និង​វៀតណាម កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​ឯកភាព​គ្នា បន្ត​រក្សា​និង​កែ​លម្អ​បោស​សំអាត​គយ​នៅ​ច្រក​ព្រំដែន​ទាំង​តាម​ផ្លូវ​គោក​និង​ផ្លូវ​ទឹក ដើម្បី​ធានា​ដល់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​គឺ​ផលិតផល​ចាំ​បាច់​នានា​ក្នុង​បរិបទ​កូវីដ​១៩​នេះ ក្នុង​នោះ​រួម​មាន​ទំនិញ​សម្រាប់​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្រ្ត​និង​ស្បៀង​អាហារ​ជា​ដើម​។

ជា​ការ​កត់​សម្គាល់ បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម ក្នុង​ពេល​វិបត្តិ​កូវីដ​១៩​នៃ​ឆ្នាំ​២០២០ មាន​អត្រា​ថយ​ចុះ​ប្រមាណ ១.១៣% គិត​ជា​ទំហី​ទឹក​ប្រាក់​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​៕