ស្វាយរៀង ជាខេត្តសេដ្ឋកិច្ច និងច្រកទំនិញ យុទ្ធសាស្រ្តសំខាន់ជំរុញកំណើនសេដ្ឋកិច្ច

សង្គម​និង​សេដ្ឋកិច្ច

កំណើននៃការវិនិយោគពីបរទេសបានធ្វើឲ្យប្រទេសកម្ពុជាទទួលបានការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិេសសកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ស្របពេលកំណើនឡើងនៃចំនួនតំបន់សេដ្ឋកិច្ចពិសេស គឺជាសញ្ញាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍រដ្ឋាភិបាល វិស័យសេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្តស្វាយរៀង កំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលពេលបច្ចុប្បន្នមានអ្នកវិនិយោគឯកជនមកពីគ្រប់ទិសទីធ្វើការវិនិយោគ និងបង្កើតការងារបានរាប់ម៉ឺនកន្លែង។

ខេត្តស្វាយរៀង មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម គឺខេត្តឡុងអាន និងខេត្តតៃនិញ មានប្រវែង ២៥៨គីឡូម៉ែត មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង រួមមាន៖ «ច្រកទ្វារព្រំដែនអន្តរជាតិបាវិត, ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍, ច្រកទ្វារព្រំដែនទ្វេភាគីសំរោង, ច្រកទ្វារព្រំដែនទ្វេភាគីបុសមន, ច្រកទ្វារតំបន់ព្រំដែនស្រែបារាំង, ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី, ច្រកទ្វារតំបន់ព្រំដែនដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែដែក​» ។

ច្រកទ្វារព្រំដែនទាំង ៨ នេះគឺជាច្រកយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរចេញ​ចូលទំនិញ និងកសិផលផ្សេងៗរបស់អ្នកវិនិយោគិន និងភ្ញៀវទេសចរណ៍ផងដែរ។

ទន្ទឹមនឹងនោះដែរ ខេត្តស្វាយរៀង ក៏មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៨កន្លែងកំពុងដំណើរការ​ ដូជា៖ «តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន, តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត, តំបន់សេដ្ឋកិច្ច​ពិសេសសានដុង, តំបន់សេដ្ឋកិច្ចពិសេសនាគរាជ, តំបន់សេដ្ឋកិច្ចពិសេសឈីលូ, ​តំបន់សេដ្ឋកិច្ច​ពិសេស​ហាយផាក, តំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត និងតំបន់សេដ្ឋកិច្ច​ពិសេស​អ៊ិនធ័រវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍» ។

តំបន់​សេដ្ឋកិច្ច​ ០៨ កន្លែង​​បាន​​ដំណើរការ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ជាង ៧ ម៉ឺន​នាក់​និង ០៣ កន្លែង​ទៀត​កំពុង​ដំណើរការ​សាងសង់ ដែល​នឹង​បង្កើត​ការងារ​បន្ថែម​រាប់​ពាន់​កន្លែង​ទៀត​។

ដោយឡែកនៅទូទាំងខេត្តស្វាយរៀង មាន​រោងចក្រ សហគ្រាស ឧស្សាហកម្ម ពាណិ​ជ្ជ​​កម្ម ទេសចរណ៍ សណ្ឋាគារ និងគ្រឹះស្ថាន សរុប ១៩៧​កន្លែង​ បានបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋចំ​នួន ៧៩.៩៥៧នាក់ ដែលរួមចំណែកកាត់បន្ថយការធ្វើ​ចំណាកស្រុក ។

សូមជម្រាបជូនថា រដ្ឋបាល​ខេត្ត​ស្វាយរៀង ​បាន​កំណត់​តំបន់​អភិវឌ្ឍ​ជា​ ៣ តំបន់​ដែល​មាន​តំបន់​ឧស្សាហកម្ម​ស្ថិត​នៅ​ក្រុង​បាវិត ដែល​បណ្តុំ​ដោយ​រោងចក្រ​សហគ្រាស​រាប់សិប​កន្លែង​។ ទីពីរ​តំបន់​កសិឧស្សាហកម្ម​ដែល​មាន​ដាំដុះ​ដំណាំ​កសិកម្ម​ផង និង​កសិ​ឧស្សាហកម្ម​ផង​ និង​តំបន់​កសិកម្ម​ដែល​មាន​ការ​ដាំដុះ​ដំណាំ​ស្រូវ។

តំបន់​ឧស្សាហកម្ម​ក្រៅ​ពី​មាន​នៅ​ក្រុង​បាវិត បានពង្រី​ក​ដល់​តាម​ស្រុក​មួយ​ចំនួន​ទៀត​មាន​នៅ​ស្រុក​ចន្រ្ទា និង​នៅ​ក្រុង​ស្វាយរៀង ៕