វៀតណាម​មិន​ធម្មតាទេ មាន​កំពូល​សេដ្ឋី​មាន​បំផុត​លើលោក​ ៦ រូប​ក្នុង​បញ្ជី​ទស្សនាវដ្តី Forbes

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

​ទស្សនាវដ្ដី Forbes ជានិច្ចកាល​តែង​ធ្វើការ​ផ្សាយ​ពី​បុគ្គល​ល្បីៗ​ និង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក​ដូចជា​ មហាសេដ្ឋី​លំដាប់​ពិភពលោក​ Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច Amazon ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កាលពី​ពេលថ្មីៗនេះ​ Forbes ក៏​បាន​ទម្លាយ​នូវ​បញ្ជី​ឈ្មោះ​​មហាសេដ្ឋី​ប្រចាំ​ឆ្នាំ ២០២១​ ក្នុង​នោះ​ក៏​​មាន​មហាសេដ្ឋី​ជនជាតិ​វៀតណាម​ដល់ទៅ ៦ រូប​ សុទ្ធតែ​អ្នកជំនួញក្តោបក្តាប់​ជំនួញធំៗ​នៅក្នុងប្រទេស​វៀតណាម។ ឧកញាញូត៍​​នឹង​ធ្វើការ​រៀបរាប់​ត្រួសៗ​អំពី​​បុគ្គល​ទាំង ៦ រូប​​ដូច​ខាងក្រោម៖

1/ Pham Nhat Vuong គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន Vingroup ឈរ​នៅ​លេខរៀង ២៧០ ក្នុង​ចំណោម​​មហាសេដ្ឋី​មាន​បំផុត​សរុប​២ ៦៧៤ នាក់​ទូទាំង​ពិភពលោក។ មិន​ត្រឹម​តែប៉ុណ្ណោះ លោក​រក្សា​ឈ្មោះ​ក្នុង​បញ្ជី​មួយ​នេះ​បាន​រហូត​ដល់ទៅ ៨ ឆ្នាំ​ហើយ​ ដែល​វា​ជា​រឿង​កម្រ​សម្រាប់​មហាសេដ្ឋី​នៅ​អាស៊ី​អាច​ធ្វើ​បាន។ បុរស​វ័យ ៥២ ឆ្នាំ​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​បំផុត​ប្រចាំ​ប្រទេស​វៀតណាម ៨,៧ ពាន់​លាន​ដុល្លារ ច្រើន​ជាង​ឆ្នាំ​ទៅ ២៣៣ លាន​ដុល្លារ។

2/ Nguyen Thi Phuong Thao វ័យ ៥០ ឆ្នាំ​ជា​ស្រ្តី​តែ​ម្នាក់​ក្នុង​ចំណោម​មហាសេដ្ឋី​ទាំង ៦ រូប​របស់​វៀតណាម។ លោកស្រី​បាន​ឈរ​ឈ្មោះ​ក្នុង​បញ្ជី​នេះ​បាន​ ៥ លើក​រួច​មក​ហើយ។ លោកស្រី​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ VietJet Air និង​ជា​អនុប្រធាន​ធនាគារ HDBank ផង​ដែរ ខណៈ​ទ្រព្យ​សម្បត្តិ​របស់​អ្នកស្រី​គឺ​ស្ថិត​ក្នុង​ទំហំ ២,៧ ពាន់​លាន​ដុល្លារ និង​ឈរ​នៅ​លេខ​រៀង ១ ១៤៨ ទូទាំង​ពិភពលោក។

3/Tran Dinh Long នៃ​ក្រុមហ៊ុន Hoa Phat Group បាន​បង្ហាញ​មុខ​ក្នុង​បញ្ជី​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​ជា​លើក​ទី ២ ខណៈ​លើក​តំបូង​គឺ​ កាលពី​ឆ្នាំ ២០១៨ រីឯ​ទំហំ​ទ្រព្យសម្បត្តិ​របស់​លោក​វិញ​គឺ ២,៤ ពាន់​លាន​ដុល្លារ។

4/Ho Hung Anh ដែល​ជា​ម្ចាស់​គ្រប់គ្រង​ក្រុមហ៊ុន Techcombank បាន​បង្ហាញ​ខ្លួន​ជា​លើក​ទី ៣ ខណៈ​ទំហំ​ទ្រព្យសម្បត្តិ​របស់​អ្នកជំនួញ​វ័យ ៥០ ឆ្នាំ​គឺ​មាន ១,៧ ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំនេះ​។

5/Tran Ba Duong បាន​រក្សា​តំណែង​នៅ​ក្នុង​បញ្ជី​មួយ​នេះ បាន​រយៈពេល​ ៣ ឆ្នាំ​ហើយ​ពោល​គឺ​តាំងពី​ឆ្នាំ ២០១៨ ខណៈ​ទំហំ​ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក​ក្រុមហ៊ុន​ផលិត​រថយន្ត​Truong Hai Auto Corporation ហៅ​កាត់​ THACO មាន​ ១,៦ ពាន់​លាន​ដុល្លារ។

6/Nguyen Dang Quang ដែល​ជា​ម្ចាស់ក្រុមហ៊ុន Masan Group បាន​លេច​វត្តមាន​សារ​ជាថ្មី​ ក្រោយប​បាត់​ឈ្មោះ​កាលពី​ឆ្នាំមុន​ ខណៈ​ទំហំ​ទ្រព្យសម្បត្តិ​របស់​លោក​គឺ​មាន ១,២ ពាន់​លាន​ដុល្លារ។

បញ្ជាក់​ដែរ​ថា សម្រាប់​នាម​មហាសេដ្ឋី​មាន​បំផុត​លើ​ពិភពលោក​គឺ​នៅ​បន្ត​គ្រប់គ្រង​ដោយ​លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន​ Amazon រយៈពេល​ ៤ ឆ្នាំ​ផ្ទួនៗ ដោយ​បច្ចុប្បន្ន​លោក​មាន​ទំហំ​ទ្រព្យសម្បត្តិ ១៧៧ ពាន់​លាន​ដុល្លារ​ ខណៈ​ទឹកប្រាក់​ប្រមាណ ៦៤ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ដោយសារ​កំណើន​ភាគហ៊ុន​ក្រុមហ៊ុន​ Amazon ៕

ប្រភព: Hanoitimes