ភ្ញាក់ផ្អើល​​សេដ្ឋីមានបំផុត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បែរ​ជា​អតីតអ្នក​រត់តាក់ស៊ីទៅវិញ មិនមែន​គ្រួសារ​ស្ថាបនិក​ក្រុមហ៊ុន Samsung

អន្តរជាតិ
251 Shares

វា​គឺ​ជា​លើក​ទីមួយ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កូរ៉េខាងត្បូង ដែល​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេស​មិនមែន​មាន​ដើម​កំណើត​ពី​ត្រកូល​គ្រួសារ​អ្នកជំនួញ ពោល​លោក Seo Jung-jin បាន​វិវត្ត​ខ្លួន​ជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ដោយ​លោក​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​ឱសថ Celltrion។

ខណៈ​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ពី​ស្ថានការណ៍​នៃ​ជម្ងឺ​ Covid-19 តែ​វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​របស់ Seo អាច​រក​ចំណូល​ពី​ការ​ស្រាវជ្រាវ​រក​ឱសថ​ដើម្បី​ព្យាបាល​ជម្ងឺ​នេះ​ដូចគ្នា​ ដោយ​ចំណូល​ក្រុមហ៊ុន​បាន​កើនឡើង​រហូត​ដល់ ៦៤% ដែល​ជា​ទឹកប្រាក់​គឺ​ប្រមាណ ១,៦ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០ និង​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​កើន​ដល់ ១២,៥ ពាន់​លាន​ដុល្លារ ស្របពេល​ប្រធាន​ក្រុមហ៊ុន Samsung លោក Jay Y. Lee ដែល​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ២ មាន​ត្រឹម ១២,៤ ពាន់​លាន​ដុល្លារ។

ក្រឡេក​ទៅ​មើល​ប្រវត្តិ​នៃ​ការ​តស៊ូ​របស់​ មហាសេដ្ឋី​ខាងលើ គឺ​មាន​ការ​តស៊ូ​ខ្លាំង​មែនទែន ហើយ​ចំណុច​ដែល​គ្រប់​គ្នា​មិន​សរសើរ​លោក​មិនបាន​នោះ គឺ​ទម្រាំ​ថ្ងៃ​នេះ Seo ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​លុយ​ពី​អ្នក​ចង​ការប្រាក់​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ ដោយ​យល់​ព្រម​ដាក់​សរីរាង្គ​របស់​លោក​ជា​វត្ថុ​បញ្ចាំ ដើម្បី​បាន​ប្រាក់​មក​ដំណើរការ​ក្រុមហ៊ុន​មួយ​នេះ។

ម៉្យាងវិញទៀត​ ក្រុម​គ្រួសារ​របស់​លោក​ក៏​មិនមែន​ជា​ម្ចាស់​ជំនួញ​ធំដុំ​អ្វី​ឡើយ ពោល​គឺ​គ្រាន់​តែ​ជា​អ្នក​ផលិត​ធ្យូងថ្ម​លក់​ប៉ុណ្ណោះ ហើយ​ដើម្បី​បញ្ចប់​ថ្នាក់​សិក្សា​បរិញ្ញាប័ត្រ​នៅ​សាកលវិទ្យាល័យ Konkuk University នៅ​ទីក្រុង​សេអ៊ូល Seo ត្រូវ​ធ្វើការ​រត់​តាក់ស៊ី​បណ្ដើរ​ និង​រៀន​បណ្ដើរ។

លុះ​ដល់​ឆ្នាំ ២០០០ ដោយ​សារ​វិបត្តិ​ហិរញ្ញវត្ថុ ក្រុមហ៊ុន​យានយន្ត Daewoo ដែល​លោក​ធ្វើការ​បាន​ក្ស័យធន និង​បណ្ដាល​ឲ្យ​បុគ្គលិក​ទាំងអស់​បាត់បង់​ការងារ។ ២​ឆ្នាំ​ក្រោយ Celltrion ត្រូវ​បាន​លេចចេញ​ជា​រូបរាង ដោយ​មាន Seo និង​មិត្ត​រួម​ការងារ​នៅ​កន្លែង​ចាស់​ចូលហ៊ុន​គ្នា​បើក​អាជីវកម្ម ហើយ​ក៏​ជួប​ឧបសគ្គ​ជាហូរហែ​ ទម្រាំ​មក​ដល់​ថ្ងៃ​នេះ។

បញ្ជាក់​ដែរ​ថា ​បច្ចុប្បន្ន​ Seo Jung-jin បាន​ប្រកាស​ចុះចេញ​ពី​តំណែង​ជា CEO តាំង​ពី​ខែ​មីនា​មក ហើយ​ទុកឲ្យ​កូនប្រុស​ទាំង ២ របស់​លោក​បន្ត​ការ​មើល​ខុសត្រូវ និង​គ្រប់គ្រង​ក្រុមហ៊ុន​ជំនួស​វិញ៕

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ។

ប្រភព: celebritynetworth

ភ្ញាក់ផ្អើល​​សេដ្ឋីមានបំផុត​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បែរ​ជា​អតីតអ្នក​រត់តាក់ស៊ីទៅវិញ មិនមែន​គ្រួសារ​ស្ថាបនិក​ក្រុមហ៊ុន Samsung
251 Shares