ចង់​ចេញ​រកស៊ី បើ​ខ្វះ​ ៥ ចំណុច​នេះ កុំ​ចង់​សាក​ល្បង​អី​​ ទៅមុខ​មិន​រួច​ទេ ខាត​​ទាំង​ពេល ខាត​​ទាំងលុយ

សង្គម​និង​សេដ្ឋកិច្ច អន្តរជាតិ អាជីវកម្ម

​លើ​​ពិភពលោក​មាន​អ្នកជំនួញ​​ជាង ៥៨២ លាន​នាក់​ឯណោះកំពុង​ប្រកប​អាជីវកម្ម​ផ្សេងៗ។ រាល់ថ្ងៃ អ្នក​ចង់​ចាប់​ជំនួយ​​មាន​មិន​ខ្វះទេ តែអ្នក​ខ្លះ​ក៏​ទៅ​មុខ ហើយ​​អ្នក​ឡុងចុងក៏​មាន​ដែរ។

អ្នកមានបទពិសោធ៍លើកឡើងគោលគំនិត​ ៥ ចំណុច សម្រាប់​អ្នក​ចង់​សាកល្បង​ចេញ​រកស៊ី​។ ឧកញ៉ាញូស៍​សូម​លើក​យក​នូវ​គន្លឹះ​ ៥ ដែល​ចម្រាញ់​ឡើង​ដោយ​លោក Baruch Silvermann ស្ថាបនិក The Smart Investor សម្រាប់​អ្នក​ចង់​ចេញ​រកស៊ី​ថ្មីថ្មោង៖

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

1/ ត្រូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង

ចំណុច​នេះ​គឺ​ជា​ចំណុច​សំខាន់​បំផុត​មួយ ប្រសិនបើ​អ្នក​ពិតជា​ចង់​ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​មួយ​រូប ដ្បិត​រាល់​បុគ្គល​ជោគជ័យ​ផ្នែក​ជំនួញ​តែង​មាន​គោលគំនិត​ថា អ្នក​ត្រូវ​តែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង។

ត្រូវ​ព្យាយាម​សិក្សា​ឲ្យ​ច្បាស់​ពី​អាជីវកម្ម​ដែល​អ្នក​ចង់​រកស៊ី និង​សួរ​ខ្លួនឯង​ថា ហេតុអ្វី​បាន​ជា​អ្នក​ស្រឡាញ់​គំនិត​អាជីវកម្ម​មួយ​នោះ។ ដើម្បី​អាច​សម្រេច​គោលដៅ និង​ចាប់ផ្ដើម​អាជីវកម្ម​បាន​ អ្នក​គួរ​គប្បី​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ជាមុន​សិន។

2/ កំណត់​គោលដៅ​ដែល​អាច​សម្រេច​ទៅរួច​

ការ​ដែល​មាន​គោលដៅ​ជាក់លាក់​ វា​រឹតតែ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​កាន់​តែ​ឆាប់​ឃើញ​ផ្លែផ្កា។ ការ​កំណត់​គោលដៅ​អាច​មាន​ដូចជា កំណត់​ចំនួន​លក់​ប្រចាំ​សប្ដាហ៍ ឬ​អាច​ជា​ផែនការ​អាជីវកម្ម​ជា​ដើម។ ជា​ឧទាហរណ៍ អ្នក​អាច​ធ្វើ​ការ​កំណត់​ចំនួន​ទឹកប្រាក់​ពី​វិនិយោគិន ស្វែងរក​ទីតាំង​អាជីវកម្ម កំណត់​ចំនួន​ប្រាក់ចំណេញ​នៅ​ ៣ ខែ​ដំបូង និង​ចំនួន​លក់​ប្រចាំ​ខែ​ជាដើម។

ចំណុច​សំខាន់​មួយទៀត​នោះ​ គឺ​នៅ​ពេល​អ្នក​រៀបចំ​គម្រោង អ្នក​គួរ​តែ​មាន​ពេលវេលា​កំណត់​ច្បាស់លាស់ (Deadline) មួយ​ ព្រោះ​ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​អ្នក​ដឹង​ថា​ អ្នក​អាច​កំណត់​គោលដៅ​បាន​ទាន់​ពេលវេលា​ ឬ​ទេ ហើយ​ប្រសិនបើ​មិនទាន់ អ្នក​អាច​រក​ដំណោះស្រាយ​ផ្សេងៗ​បាន​បន្ថែម។

3/ កត្តា​មនុស្ស​ជុំវិញ​ខ្លួន

​ការ​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង គឺជា​រឿង​សំខាន់​បំផុត​មួយ តែ​កត្តា​មនុស្ស​ជុំវិញ​ខ្លួន​ក៏​ជា​រឿង​ដែល​មិន​អាច​មើល​រំលង​បាន​ដែរ។ ប្រសិនបើ មនុស្ស​ជុំវិញ​ខ្លួន​អ្នក គឺ​ជា​មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម​ល្អៗ​ ចេះ​ផ្ដល់​យោបល់​ប្រសើរៗ នោះ​វា​កាន់​តែ​ផ្ដល់​ផល​ល្អ​ដល់​អាជីវកម្ម​អ្នក​កាន់តែ​ខ្លាំង។

សាក​ស្រមៃ​មើល គ្រាន់តែ​គិត​ដល់​គំនិត​អាជីវកម្ម​មួយៗ គឺ​ធ្វើ​ឲ្យ​យើង​ហត់នឿយ​ម្ដងៗ​ទៅ​ហើយ ចុះ​ទម្រាំតែ​ចាប់ផ្ដើម​មែនទែន ហើយ​គ្មាន​អ្នកគាំទ្រ​ទៀត អាជីវកម្ម​មិនទាន់​ទៅមុខ​ផង អាជីវករ​ដួល​មុន​បាត់​ទៅ​ហើយ។

ដូច្នេះ​ហើយ​កត្តា​មនុស្ស​ជុំវិញ​ខ្លួន​ក៏​ជា​ចំណែក​សំខាន់​មិនអាច​ខ្វះ​បាន​ដូច​គ្នា ហើយ​ពួកគេ​គឺ​អាច​ជា ឪពុក​ម្ដាយ​ ប្ដី/ប្រពន្ធ មិត្តភក្ដិ ដៃគូ​អាជីវកម្ម ឬក៏​សមាជិក​គ្រួសារ​ដទៃ​ដូចជា​ ពូ​ មីង​ជាដើម។

4/ ត្រូវ​ចេះ​ត្រៀម​ខ្លួន​ទទួល​យក​បញ្ហា

មុន​ចាប់ផ្ដើម​អាជីវកម្ម អ្នក​គួរគប្បី​ត្រៀម​កម្លាំងកាយ​ កម្លាំងចិត្ត​ទប់ទល់​បញ្ហា​ដែល​នឹង​កើត​មាន​ឡើង នា​ពេល​អនាគត ដ្បិត​ការ​រកស៊ី​គឺ​មិនមែន​ចេះ​តែ​ចំណេញ​ឡើយ។

អ្នក​គួរ​ណាស់​ត្រៀម​រៀបចំ​ទុកមុន​ នូវ​គម្រោង​ផ្សេងៗ​សម្រាប់​អាជីវកម្ម​របស់​អ្នក​ ដូចជា​ យុទ្ធសាស្ត្រ​តម្លៃ​ទីផ្សារ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ជា​ពិសេស​គឺ​ការ​ធ្វើ​វិភាគ​ទីផ្សារ។

5/ ចាប់ផ្ដើម​ពេល​ត្រៀម​ខ្លួន​រួចរាល់

ជាចុងក្រោយ គឺ​ធ្វើ​តាម​ផែនការ​ដែល​បាន​គ្រោងទុក នៅពេល​ដែល​អ្នក​គិតថា​វា​គួរ​ដល់​ពេល​សម​ល្មម​សម្រាប់​ដំណើរ​អាជីវកម្ម​របស់​អ្នក​អាច​លេចចេញ​ជា​រូបរាង។

ពេល​ខ្លះ​អ្នក​ក៏​គួរ​តែ​ប្រថុយ និង​ដើរ​តាម​បេះដូង​របស់​អ្នក​ដែរ តែ​ក៏​មិន​គួរ​ប្រថុយ​ទាំងស្រុង​ពេក គឺ​សាកល្បង​បន្តិច​ម្ដងៗ ហើយ​ត្រូវ​ចាំ​ថា ត្រូវ​ចេះ​បន់​បែន​តាម​កាលៈទេសៈ​ ព្រោះ​ថា​គម្រោងការ​គឺ​អាច​ផ្លាស់ប្ដូរ​បាន​តាម​ក្រោយ។

កុំ​ទន្ទឹង​រង់ចាំ​យូរ​ពេក​ក្នុង​ការ​ធ្វើ​អាជីវកម្ម គួរ​ប្រមូល​កម្លាំងចិត្ត ចាប់​ផ្ដើម​អាជីវកម្ម​ពី​ចំណុច​តូច ហើយ​ព្យាយាម​ឈាន​ទៅ​ដល់​គោលដៅ​ដែល​អ្នក​បាន​ដាក់​តាំងពី​រៀប​ផែនការ​ពី​ដំបូង​​ដោយ​ សន្សឹមៗ៕

ប្រភព: Smallbusiness

ចង់​ចេញ​រកស៊ី បើ​ខ្វះ​ ៥ ចំណុច​នេះ កុំ​ចង់​សាក​ល្បង​អី​​ ទៅមុខ​មិន​រួច​ទេ ខាត​​ទាំង​ពេល ខាត​​ទាំងលុយ