ជាង១ពាន់ហិកតា ក្រសួងដែនដីនគររូបនីយកម្មបានដោះស្រាយដីដើម្បីអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ បានបង្ហាញរបាយកាណ៍កាលពីខែកុម្ភៈ ឆ្នាំ២០២១នេះ លើការសម្របសម្រួលការដោះស្រាយដីដើម្បីអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានចំនួន ១ក្បាលដី ស្មើនឹង ០,៦៥ហិកតា។ ដោយគិតពីពេលចាប់ផ្តើមការដោះស្រាយដីសរុបបានចំនួន ១ ១៤៣,៥៧ហិកតា ស្មើនឹង ៤៤% នៃផ្ទៃដីសាងសង់សរុបទំហំ ២,៦០០ហិកតា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ជាមួយគ្នានេះ ក្រសួងដែនដីនរគរូបនីយកម្ម បានជំរុញពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ប្រព័ន្ធទឹកស្អាត និងអគ្គិសនីចូលទៅកាន់ទីតាំងលំនៅដ្ឋានចំនួន ២២១ខ្នង សម្រាប់គ្រួសារប្រជាពលរដ្ឋដែលត្រូវរុះរើចេញពីសំណង់បណ្តោះអាសន្ន ស្ថិតក្នុងទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ទន្ទឹមនឹងនេះក្រសួងក៏បានសហការជាមួយរដ្ឋបាលខេត្តកណ្តាល ក្នុងការសម្របសម្រួលដោះស្រាយការប្រមូលផ្តុំតវ៉ាចំនួន ២លើក របស់ប្រជាពលរដ្ឋ១៥០នាក់ មកពីឃុំបឹងខ្យាង និងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដែលធ្វើការទាមទារឲ្យរាជរដ្ឋាភិបាលពន្លឿនការដោះស្រាយផលប៉ះពាល់ជូនគ្រួសារប្រជាពលរដ្ឋម្ចាស់ដីស្ថិតក្នុងទីតាំងគម្រោងសាងសង់អាកាសយាដ្ឋានអន្តរជាតិភ្នំពេញថ្មីផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះគ្រោងវិនិយោគក្នុងទឹកប្រាក់ប្រមាណ១,៥០០លានដុល្លារ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារទៀតជារបស់ក្រុមហ៊ុន CAIC របស់អ្នកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីត្រូវបានសា​ងស​ង់​ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣ ខាងមុខ។ អាកា​សយានដ្ឋានអន្តរជាតិមួយនេះ អាចនឹងទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់នៅក្នុងឆ្នាំ២០២៣, ៣០លាននាក់នៅក្នុងឆ្នាំ២០៣០ និង ៥០លាននាក់នៅក្នុងឆ្នាំ២០៥០៕